ខ្មាន់កាំភ្លើងបាញ់ទំលុះចូលក្នុងបរិវេនរោងចក្រស្វែលហ្គាម៉េនជាច្រើនគ្រាប់ ២ថ្ងៃជាប់គ្នា

188
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ សន្តិសុខយាមប្រចាំការនៅរោងចក្រកាត់ដេរយីហោ ស្វែលហ្គាម៉េន បានរាយការណ៍ប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា មានខ្មាន់កាំភ្លើងបានបាញ់ទំលុះចូលក្នុងបរិវេនរោងចក្រជាច្រើនគ្រាប់ក្នុងរយៈពេល២ថ្ងៃជាប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ និងសន្តិសុខ។

ហេតុការណ៍បាញ់ទំលុះចូលក្នុងរោងចក្រកាត់ដេរខាងលើនេះគឺ ខ្មាន់កាំភ្លើងបានបាញ់​២ថ្ងៃជាប់ៗគ្នាតាំងពីព្រឹកថ្ងៃទី៦ ខែសីហា។ លុះនៅព្រឹកថ្ងៃទី៧ ខែសីហានេះ ខ្មាន់កាំភ្លើងបានបន្តបាញ់ទំលុះចូលក្នុងរោងចក្រជាលើកទី២ ទើបសន្តិសុខទ្រាំលែងបានក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីទទួលព័ត៍មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចុះទៅចំនុចទីតាំងកើតហេតុខាងលើស្ថិតនៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ដើម្បីបើកការស្រាវជ្រាវថា តើគ្រាប់កាំភ្លើងទាំងនេះបាញ់ចេញពីទីតាំងខាងណាហើយអាវុធដែលខ្មាន់កាំភ្លើងបាញ់ចេញមកនេះជាប្រភេទអាវុធអ្វីនោះដែរ ។

នៅចំនុចទីតាំងកើតហេតុមន្ត្រីអាវុធហត្ថខណ្ឌមានជ័យបានបង្ហើបឲ្យដឹងថា នៅលើជញ្ជាំងដែកសង្ក័សីមានស្នាមទំលុះចំនួន១៧រន្ធនិងផ្លាតទៅប៉ះជញ្ជាំងថ្មបណ្តាលឲ្យក្បាលគ្រាប់សំណបែកខ្ទាតនៅក្នុងបរិវេណរោងចក្រ តាមការសន្និដ្ឋានពីសមត្ថកិច្ចខាងលើបានឲ្យដឹងថា កាំភ្លើងដែលខ្មានកាំភ្លើងបាញ់ទំលុះដែកសង្ក័សីនេះអាចជាកាំភ្លើងបាញ់ស៊ីបប្រើខ្យល់ឬហ្គាស ហើយចំងាយដែលបាញ់ចេញមកប្រហែលជាង១៥ម៉ែត្រចេញពីក្នុងបុរីផ្ទះល្វែងដែលនៅខាងក្រោយរោងចក្រ ហើយការបាញ់របស់ខ្មាន់កាំភ្លើងខាងលើនេះមិនទាន់ថាមានគោលបំណងអ្វីនោះទេ។

ខណៈពេលនេះសមត្ថកិច្ចអាវុធហត្ថនិងនគរបាលជំនាញខណ្ឌមានជ័យកំពុងតែបើកការស្រាវជ្រាវជុំវិញហេតុការណ៍បាញ់បោះដោយសេរីខាងលើនេះដើម្បីចាត់ការតាមនិតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម