ក្រុមហ៊ុនចិនពីរចង់វិនិយោគសង់ វិទ្យាស្ថានដាំដុះរុក្ខជាតិ ចំរេញ ឱសថរុក្ខជាតិនៅកម្ពុជា

181
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ: នៅទីស្តីការក្រសួងល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹក នាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ។ នេះយោងតាមគេហទំពរ៌(website) ក្រសួងអោយដឹងនៅថ្ងៃទី6 ខែសីហានេះ។

ឆ្លៀតយកឱកាសនេះលោករដ្ឋមន្ត្រីក៏បានជម្រាបប្រតិភូផងដែរអំពីទំហំនៃការនាំចេញកសិផលកម្ពុជានាពេលកន្លងមកដូចជាអង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុនទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជាមួយរដ្ឋបាលគយចិនរៀបចំពិធីសារដើម្បីឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះបំណងវិនិយោគបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ ក្នុងនាមប្រតិភូបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកាឧកញ៉ា បានបញ្ជាក់ថា សមិទ្ធផលនេះពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោងរវាងរដ្ឋាភិបាលទាំងពីរ។ លោកប្រធានប្រតិភូបានជម្រាប អំពីគោលបំណងសំខាន់នៃជុំនួបនាពេលនេះគឺដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យា ស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថនេះ ដែលគម្រោងនេះត្រូវបានការគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

លោករដ្ឋមន្រ្តីបានគាំទ្រចំពោះគម្រោង វិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថនៅកម្ពុជានាពេលអនាគត។ លោកបានជម្រាបជូនភ្ញៀវថា គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែកកាត់បន្ថយបរិមាណនាំចូលឱសថនាពេលអនាគត។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសិក្សាឲ្យបានច្បាស់លាស់អំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ និងជាពិសេសដោយសារគម្រោងវិនិយោគនេះត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលចិន រដ្ឋមន្ត្រីបានស្នើសុំឲ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងជាមួយស្ថានទូតចិននៅកម្ពុជាដើម្បីទទួលបានកំណត់ទូតច្បាស់លាស់ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹម និងគាំទ្រចំពោះគម្រោងវិនិយោគនេះ និងបានស្នើឲ្យគណ:ប្រតិភូរៀបចំក្រុមការងារបច្ចេកទេស ដោយសហការជាមួយរដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្មដើម្បីសិក្សាលើលទ្ធភាពនៃកិច្ចសហការជាមួយសហគមន៍ព្រៃឈើ សហគមន៍កសិកម្មក្នុងការដាំដុះ និងពិនិត្យលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលមិនទាន់បានធ្វើការអភិវឌ្ឍដើម្បីធ្វើ ជាដៃគូ ហើយចាំបាច់ក្រុមហ៊ុនគួរតែរៀបចំផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ មុនឈានទៅរៀប ចំឯកសារ MOU រួចចុះហត្ថលេខា ហើយត្រង់ចំណុះនេះ ភាគីចិនបានឯកភាពទាំងស្រុងថានឹងយកសំណើ និងអនុសាន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅពិចារណា៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម