ការស្ថាបនាសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ខណ្ឌសែន សុខ សម្រេចបាន៣៥ ភាគរយហើយ

111
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ការស្ថាបនាសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ខណ្ឌសែនសុខ ដែលមានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះសម្រេចបាន៣៥ភាគរយហើយ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់ស្រស់បំព្រងមួយកម្រិតថែមទៀត និងដើម្បីឱ្យប្រជាពលរដ្ឋបានដើរលំហែលកាយ ហាត់ប្រាណផងដែរ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃ ០៧ សីហា ២០២០នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្ថាបនាសួនច្បារថ្មី១កន្លែងទៀត នៅតាមបណ្តោយមហាវិថី ភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ដែលមានប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ ហើយមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ ។

លោក បានបញ្ជាក់ឱ្យដឹងទៀតថា៖សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារ ។ ពាក់ព័ន្ធនឹងការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។

លោកសំ សាមុត បានបន្តថា៖ លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង នៅខណ្ឌសែនសុខនេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ លោក ឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម