សៀវភៅ”បណ្តុំទស្សនៈ”ជាស្នាដៃលើកទី៧របស់លោក វេជ្ជបណ្ឌិតគួចម៉េងលីបញ្ចេញលក់លើទីផ្សារ

446
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖សៀវភៅ​ដែលជា​ស្នារ​ដៃ​ទី​៧ដែលមានចំណងជើងថា”បណ្តុំទស្សនៈ” របស់លោក ​ឧកញ៉ា ​វេជ្ជបណ្ឌិត គួច ម៉េង​លី បានសម្ពោធ​ដាក់លក់លើទីផ្សារដែល​ក្នុងនេះ​គេ​អាច​ដើររក​ទិញ​តាម​បណ្តា​គារ​និង​ហាង​លក់​សៀវភៅ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​​។​

សៀវភៅ”បណ្តុំទស្សនៈ”ជាស្នាដៃលើកទី៧របស់លោក វេជ្ជបណ្ឌិតគួចម៉េងលី

សៀវភៅមួយក្បាលថ្មីទៀតដែលត្រូវបានសម្ពោធដាក់បង្ហាញលក់នេះគឺ មានកម្រាស់៣០៦ទំព័ររួមមាន៨ជំពូកដែលរៀបរាប់ពីជីវិត សុភមង្គល សង្គម ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគតិអាជីវកម្ម ជាដើម។សៀវភៅ​មួយក្បាលននេះដែរ​រៀបរាប់អំពីដំណើរជីវិត បទពិសោធ និងភាពជោគជ័យ ដែលអ្នកនិពន្ធបានឆ្លងកាត់កន្លងមក។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានកាលពីព្រឹកថ្ងៃទី ៧ ខែសីហាឆ្នាំ២០២០​នាបណ្តាគារម៉ូនូមែនប៊ុក( Monument Books )លោកវេជ្ជបណ្ឌិត គួច ម៉េង​លីបានឱ្យដឹងថាសៀវភៅដែលកើតចេញជាស្នាដៃចងក្រងផ្ទាល់របស់លោកនេះគឺជាប្រភេទកម្រងបណ្ដុំទស្សនៈ ដែលអាចផ្ដល់ចំណេះដឹងឬពុទ្ធិដល់មិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ស្រទាប់វ័យ។

លោក ​ឧកញ៉ា ​វេជ្ជបណ្ឌិត គួច ម៉េង​លី

ពាក់ព័ន្ធនឹងសៀវភៅនេះដែរ លោកវេជ្ជបណ្ដិតគួចម៉េងលីបានបញ្ជាក់ប្រាប់ថា”វាជាបណ្ដុំទស្សនៈនានាដែល មានកម្រាស់៣០៦ទំព័រហើយវាជាស្នាដៃទី៧របស់ខ្ញុំ។លើកទីមួយនេះខ្ញុំបានបោះពុម្ពចំនួន៣ពាន់ក្បាលហើយថវិកាដែលបានមកពីការលក់សៀវភៅ នឹងបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ. គួច”។

 លោកវេជ្ជបណ្ឌិតគួចម៉េងលីបានឱ្យដឹងបន្ថែមថា” សៀវភៅនេះគឺវាបានបង្ហាញ​ ពី ប្រភេទកម្រងបណ្ដុំទស្សនៈ ដែលអាចផ្ដល់ចំណេះដឹងឬពុទ្ធិដល់មិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ស្រទាប់វ័យ។វាជាទស្សនៈ និងគំនិតផ្ទាល់របស់ខ្ញុំដោយមិនឆ្លុះបញ្ចាំងឬពាក់ព័ន្ធនឹងគោលការណ៍នៃទស្សនៈឬគំនិតរបស់ទ្រឹស្ដីណាមួយនោះទេ។ មិនតែប៉ុណ្ណោះ សៀវភៅនេះខ្ញុំសង្ឃឹមថាវានឹងធ្វើឱ្យអ្នកអានចេះកសាងសុភមង្គលក្នុងគ្រួសារ ចេះតស៊ូក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។ បន្ថែមពីនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ ស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ។ រឹតតែពិសេស សៀវភៅនេះនឹងធ្វើឱ្យអ្នកអាន ជាពិសេសសិស្ស-និស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ថារៀនយ៉ាងម៉េចដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនាអនាគតកាល”។

លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ដែរថាចំពោះសៀវភៅទាំងអស់ដែលលោកបានរៀបរៀងចងក្រងនិងនិពន្ធឡើងនេះពុំមែនដើម្បីលក់យកប្រាក់កម្រៃទេ ហើយប្រាក់កម្រៃបានមកទាំងអស់នឹងប្រគល់ជូនមូលនិធិដើម្បីជួយឧបត្ថម្ភក្នុងការជីកអណ្តូង ធ្វើសាលារៀននិងជួយដល់ជនទីទាល់ក្រជាដើម។ហេតុនេះលោកសំណូមពរឱ្យបងប្អូនពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសជួយទិញទុកអានឬបើមិនទិញអានទេអាចទិញទុកក្នុងបណ្តាល័យគ្រាន់បានប្រាក់កម្រៃជួយដល់មូលនិធិសម្រាប់ជួយដល់ពលរដ្ឋកម្ពុជាដែលជួបប្រទះនូវបញ្ហាខ្វះខាត។ព្រមជាមួយគ្នារាល់សៀវភៅដែលបានបើពុម្ពនេះដែរគឺលោកតែងតែបរិចាកដល់បណ្តាល័យជាតិ បណ្តាល័យតាមអង្គការនិងបណ្តាល័យសាលារៀនដើម្បីឱ្យសិស្ស-និស្សិតនិងពលរដ្ឋបានអាននិងស្វែងយល់។

ជុំវិញការនិពន្ធ និងបោះពុម្ពសៀវភៅនេះដែរត្រូវបាន លោក វេជ្ជបណ្ឌិត គួចម៉េងលី បញ្ជាក់ថា”អ្នកខ្លះគេបោះពុម្ពដើម្បីលក់យកប្រាក់កម្រៃ ប៉ុន្តែសម្រាប់ខ្ញុំវិញគឺដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋកម្ពុជាជំនាន់ក្រោយនិងពិសេសបានប្រាក់កម្រៃសម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋដែលទទួលរងខ្វះខាតតែប៉ុណ្ណោះ”។

គួបញ្ជាក់ថាលោកវេជ្ជបណ្ឌិត គួចម៉េងលីកើតនៅឆ្នាំ១៩៦៩នៅទីរួមខេត្តបាត់ដំបង ។លោកបានទទួលការអប់រំនិងធំដឹងក្តីឡើងនៅប្រទេសសហរដ្ឋអាមេរិក។ចាប់តាំងតែពីឆ្នាំ២០០២រហូតមកដល់បច្ចុប្បន្នលោកបាននិងកំពុងរស់នៅប្រទេសកម្ពុជា។លោកឧកញ៉ាគួចម៉េងលីមានសញ្ញាត្តិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសខាងអប់រំ។លោកគឺជាសហគ្រិនមួយរូប។បច្ចុប្បន្នលោកត្រូវបានគេស្គាល់ថាជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិនដែលជាស្ថាប័នមួយផ្តល់នូវសេវាអប់រំឈានមុខគេនៅកម្ពុជា៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម