អភិបាល​រាជធានី​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមការងារ​ដើម្បី​ចុះ​មើលផ្លូវ​និងប្រព័ន្ធ​លូ​នៅក្នុង​រាជធានី​

114
ចែករម្លែក


ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ចំនួន​បី​ក្រុម ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​សង្កាត់​ទាំង​១០៥​ដើម្បី​ចុះ​មើលផ្លូវ​ដែល​ទទួលរង​ការខូចខាត​និង​ប្រព័ន្ធ​ប្រឡាយ​លូ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការណែនាំ​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​០៦​ខែសីហា​ឆ្នាំ​២០២០​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ការឯកភាព​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​


​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវបង្កើត​ក្រុមការងារ​ចំនួន​៣​ក្រុម ដោយ​សហការ​ជាមួយ​ខណ្ឌ​ទាំង​១៤ ក្នុង​ការចុះ​មើលផ្លូវ​ដែល​ទទួលរង​ការខូចខាត ដូចជា​គ្រលុក​សំបុកមាន់ ត្រូវធ្វើ​ការជួសជុល​ឡើងវិញ កុំ​ទុក​ឲ្យ​ទទួលរង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ នាំឱ្យ​ចំណាយ​ថវិកា​ច្រើន ។

ការងារ​មួយទៀត ពាក់ព័ន្ធ​ប្រព័ន្ធ​លូ ក៏ត្រូវ​ចុះ​ពិនិត្យមើល​ស្ថានភាព​លូ​នៅតាម​បណ្ដា​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ មានន័យថា បើ​កន្លែង​ណា ទទួលរង​ការខូចខាត​ឬ​បាក់បែក​ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ​។ មួយវិញទៀត ចំពោះ​ទឹក​ដក់​នៅ​ចិញ្ចើមផ្លូវ​ក៏​ជាការ​ងារ​ដែល​ត្រូវតែ​ធ្វើ​ផងដែរ ពោលគឺ​ត្រូវ​កាយ​ទឹក​ដក់​ទាំងនោះ​ឱ្យ​ហូរ​ចូល​លូ មិនត្រូវ​ទុកឱ្យ​ស្អុយ​នៅតាម​បណ្ដា​ផ្លូវ​សាធារណៈ​នោះទេ​។​


​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ផងដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង ១៤ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​នេះ គឺ​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​ការិយាល័យ​សាធារណៈ​ការចុះ​ទៅដល់​មូលដ្ឋាន ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ។
​ជាងនេះទៅទៀត អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បានល្អ​កុំ​ទុកដាក់​សំរាម នៅលើ​គម្រប​លូ មុខមាត់​លូ ដែល​បង្ក​ឲ្យ​ស្ទះលូ នៅពេលដែល​ភ្លៀង​ធ្លាក់​ម្ដងៗ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម