ទីតាំង​សត្តឃាត​ឆ្កែ មួយកន្លែង នៅ​ខេត្តកំពង់ធំ ត្រូវបាន​បិទ​ជា​ផ្លូវការ​

409
ចែករម្លែក


ដោយ​: ពៅ​និមល /
​ភ្នំពេញ​: បន្ទាប់ពី​បាន​ជួយសង្គ្រោះ​សត្វ​ឆ្កែ ចំនួន ១៥ ក្បាល នៅនឹងកន្លែង អង្គការ FOUR PAWS បាន​រាយការណ៍​ថា នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នេះ បាន​បិទ​កន្លែង​សំលាប់សត្វ​ឆ្កែ​មួយ ក្នុង​ខេត្តកំពង់ធំ ដែល​នេះ​ជាការ​បិទ ដោយ​ជោគជ័យ​លើក​ទី​២ ហើយ​បន្ទាប់​កន្លែង​ផ្គត់ផ្គង់​សាច់​ឆ្កែ ធំ​មួយ​នៅ​ចុងឆ្នាំ​២០១៩ កន្លងទៅ​។​

​ប្រភពពី​អង្គការ FOUR PAWS បានឱ្យដឹង​ទៀតថា ការបិទ​នេះ បានកើត​ឡើង បន្ទាប់ពី​មានការ​ហាមឃាត់ ការហូប​សាច់​ឆ្កែ ដំបូងបង្អស់ នៅក្នុង​ខេត្តសៀមរាប​។ សត្វ​ឆ្កែ ប្រមាណ ៣ លាន​ក្បាល ដែល​រាប់បញ្ចូល ទាំង​សត្វ​ចិញ្ចឹម ត្រូវបាន​គេ​លួច ដោយ​គេ​សម្លាប់ យក​សាច់ នៅ​កម្ពុជា ជា​រៀងរាល់ឆ្នាំ ខណៈដែល​អង្គការ កំពុង​អំពាវនាវ​ឱ្យមាន ការហាមឃាត់ ជាដាច់ខាត ក្នុងការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា យ៉ាង​សាហាវ នៅ​ទូទាំងប្រទេស​កម្ពុជា និង​នៅ​អាស៊ីអាគ្នេយ៍ ដោយសារ​ការគំរាមកំហែង ដល់​សុខុមាលភាព​សត្វ និង​សុខភាព​សាធារណៈ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ទីសត្តឃាត ដែល​ទើប​បិទទ្វារ​នេះ បានសម្លាប់​សត្វ​ឆ្កែ រហូតដល់ ៣.០០០ ក្បាល ជា​រៀងរាល់ឆ្នាំ ដែល​ភាគច្រើន ត្រូវបាន​គេ​ជួញដូរ ពី​ខេត្តសៀមរាប និង​បម្រើការ​ជា​អ្នកផ្គត់ផ្គង់​សាច់​ឆ្កែ ធំជាងគេ​នៅក្នុង​តំបន់​។ ដោយសារ​ទីតាំង​យុទ្ធសាស្ត្រ រវាង​ខេត្តសៀមរាប និង ភ្នំពេញ ការបិទ​ទីសត្តឃាត​នេះ នឹង​ជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរ ដល់​ការផ្គត់ផ្គង់​សាច់​ឆ្កែ ចូល​ខេត្ត ដែល​នៅ​ជិតគ្នា​នឹង​រាជធានី ហេតុ​ដូច្នេះហើយ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោកស្រី បណ្ឌិត ខា​ធើ​រី​ន​ប៉ូ​ឡាក់ ដែលជា​ពេទ្យសត្វ និង​ជា​ប្រធាន​ផ្នែក​ថែរក្សា​សត្វ​អនាថា នៅ​អាស៊ីអាគ្នេយ៍ បានលើកឡើង​ថាៈ វា​មាន​សន្ទុះ​មិនគួរ​ឱ្យ​ជឿ នៅ​ពាសពេញ​ប្រទេស​កម្ពុជា ក្នុងការ​បញ្ចប់​ការជួញដូរ​សាច់​ឆ្កែ ហើយ​ក៏មាន​អារម្មណ៍​ធូរស្បើយ នៅពេល​ឃើញ​កន្លែង​នេះ ត្រូវបាន​បិទ​។ នេះ​មិន​ត្រឹមតែ បាន​ផ្លាស់​ប្តូរជីវិត របស់​សត្វ​ឆ្កែ ដែល​ត្រូវបាន​ជួយសង្គ្រោះ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្កែ រាប់ម៉ឺន​ក្បាល​ទៀត ដែល​នឹងត្រូវ​រួចផុត ពី​សេចក្តីស្លាប់ ដ៏​គួរឱ្យ​រន្ធត់ ផងដែរ​។ លោកស្រី បានបញ្ជាក់​ថាៈ ម្ចាស់​ទីសត្តឃាត បាន​សន្យា​ប្តេជ្ញា ពេញ​មួយជីវិត​ថា ឈប់​មានការ​ពាក់ព័ន្ធ នឹង​ការជួញដូរ​សាច់​ឆ្កែ ម្តងទៀត​។​

​ដោយឡែក លោក​បណ្ឌិត កា​រ៉ា​ន់​វី គុ​គ្រេ​ចា ដែលជា​ពេទ្យសត្វ និង​ជា​អ្នកគ្រប់គ្រង​គម្រោង នៃ​យុទ្ធនាការ ការបញ្ចប់​ការជួញដូរ​សត្វ​ឆ្កែ និង​ឆ្មា បាន​និយាយថាៈ តាមរយៈ​ការងារ និង​កិច្ចសហប្រតិបត្តិការ​អប់រំ ជាមួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ ផ្នែក​ទេសចរណ៍ គោលដៅ​របស់​អង្គការ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ណែនាំ ពង្រឹង និង​អនុវត្ត​ច្បាប់ ការពារ​សត្វ ដើម្បី​បញ្ចប់​ការចាប់យក​សំលាប់ និង​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា​។ នេះ​មិន​ត្រឹមតែ​អាច ការពារ​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការពារ មនុស្ស​ផងដែរ ពី​ហានិភ័យ​សុខភាព​សាធារណៈ​។​

​លោក​បាន​បន្តថាៈ ជំងឺ​រាតត្បាត​កូ​វីដ ១៩​ថ្មីៗ បានបញ្ជាក់​រឹតតែ​ច្បាស់ ពី​គ្រោះថ្នាក់​ការជួញដូរ​សត្វ​រស់​។ ដូចដែល​បានឃើញ នៅ​ទីក្រុង​អ៊ូ​ហាន ដែល​ទំនងជា​ប្រភពដើម នៃ​កូ​វីដ ១៩ គឺ​សត្វ​បាន​ស្ថិតក្នុង​ស្ថានភាព​ចង្អៀត និង​ល័ក្ខខ័ណ្ឌ​មិន​ស្អាត និង​ការដាក់​លាយ​សត្វ​ឈឺ​។ ទាំងនេះ ក៏ត្រូវ​បាន​គេ​រកឃើញ ផងដែរ នៅក្នុង​ការជួញដូរ​សាច់​ឆ្កែ របស់​ប្រទេស​កម្ពុជា ដែល​អាច​បណ្ដាលឱ្យមាន ការកកើត​នូវ​វីរុស​ថ្មីៗ​។​

​យោងតាម​ការស្រាវជ្រាវ របស់​អង្គការ FOUR PAWS សត្វ​ឆ្កែ នៅរស់ មានតម្លៃ ចាប់យក​ពី ២ ដុល្លារ ទៅ ៣ ដុល្លារ ក្នុង​មួយ​គីឡូក្រាម ខណៈ​សាច់​ឆៅ មួយ​គីឡូក្រាម ត្រូវបាន​លក់ ក្នុងតម្លៃ​រហូតដល់ ៤ ដុល្លារ​។ សាច់​ឆ្កែ​មួយ​ចាន មានតម្លៃ​តិចជាង មួយ​ដុល្លារ ។ នៅក្នុង​រាជធានី​ភ្នំពេញ តែឯង មាន​ភោជនីយដ្ឋាន សាច់​ឆ្កែ​ជាង ១១០ កន្លែង​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម