ការនាំ​កៅស៊ូ​ចេញពី​កម្ពុជា រក្សា​ភាពរលូន​ដដែល​

211
ចែករម្លែក


ដោយ​: ពៅ​និមល /
​ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថាៈ ការនាំចេញ​ផលិត​កៅស៊ូ ពី​ប្រទេស​កម្ពុជា ទៅកាន់​ទីផ្សារ​ផលិតផល​នេះ មិនមាន​ការកកស្ទះ​នោះទេ ទោះបី​ទីផ្សារ​កៅស៊ូ បាន​ស្រុតចុះ​តម្លៃ លក់​ចេញ ក៏ដោយ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វិធាន​ការជំរុញ​ផលិតផល​កសិកម្ម ទៅកាន់​ទីផ្សារ​ពិភពលោក កាលពីពេល​កន្លងទៅនេះ លោក ប៉ុល សុ​ផា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថាៈ ការ​អ​ភ​វិ​ឌ្ឍ​ដំណាំ​កៅស៊ូ បច្ចុប្បន្ន កម្ពុជា បាន​អនុវត្ត​ការដាំដុះ បាន​ប្រមាណ ៤១ ម៉ឺន​ហិកតា នៅលើ​ខេត្ត​គោលដៅ ចំនួន ២០ ខេត្ត ក្នុងនោះ​ចំពោះ​ការប្រមូល​ផល ក្នុងឆ្នាំនេះ គឺ​គ្រោង​ប្រមូល​ផល ប្រមាណ ៣៥ ម៉ឺន​តោន ហើយ​គិត​មកដល់ពេលនេះ កម្ពុជា​បាន​នាំចេញ ផលិតផល​កៅស៊ូ សរុប​ចំនួន​ប្រមាណ ១០ ម៉ឺន​តោន​រួចហើយ ក្នុងនោះ នឹង​សង្ឃឹមថា ការនាំចេញ នឹង​បាន​ចំនួន ៣០ ម៉ឺន​តោន នៅក្នុង​ឆ្នាំនេះ​។​

​លោក​បានលើកឡើង​បន្តថាៈ ដោយឡែក ទាក់ទង​នឹង​តម្លៃ​លក់​ចេញ ចំពោះ​វិស័យនេះ មានការ​វិវត្តន៍​ប្រែប្រួល​ខ្ពស់ ក្នុងនោះ​បើ​ធៀប ឆ្នាំ​២០១១ មានតម្លៃ​អតិបរិមា​ខ្ពស់បំផុត នៅលើ​ទីផ្សារ​អន្តរជាតិ ក្នុងតម្លៃ​ជាង ៦ ពាន់​ដុល្លារ ក្នុង ១​តោន ។ ចំណែក​កម្ពុជា លក់បាន​ជាង ៥ ពាន់​ដុល្លារ ក្នុង ១ តោន ក្នុងតម្លៃ​កៅស៊ូ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៥ បាន​ធ្លា​ក់ទាប ហើយ​នៅ​ចុងឆ្នាំ បាន​ងើបឡើង​បន្តិច ក្នុងតម្លៃ ១.២០០ ដុល្លារ បច្ចុប្បន្ន តម្លៃ​នេះ បាន​ងើបឡើង​បន្តិច​វិញ ក្នុងតម្លៃ ១.៣០០ ទៅ ១.៤០០ ដុល្លារ ក្នុង ១ តោន​។ បញ្ហា​នេះ ទោះបីជា​ទីផ្សារ បាន​ធ្លាក់ចុះ​ក៏ដោយ ក៏​មិន​ធ្វើ​ឲ្យ​មានការ​កកស្ទះ សម្រាប់​ការនាំចេញ​នោះទេ​។​

​លោក​អគ្គនាយក បាន​បន្ថែមទៀតថាៈ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដែល​ដាំ​ដុះ​កៅស៊ូ ប្រមាណ ៤ ទៅ ៥ ក្រុមហ៊ុន បាន​ងាក​ទៅរក​ការដាំដុះ​ចេក ប៉ុន្តែ​ការ​ងាក​ចេញ ពី​ការដាំដុះ​កៅស៊ូ មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់ទី​ផ្សារ​នៃ​ការនាំចេញ​កៅស៊ូ​ឡើយ ហើយ​បញ្ហា​នេះ រដ្ឋ​ក៏​មិន​រិត​ត្បិត ដល់​ពួកគាត់​ដែរ ដោយ​យើង​ជំរុញ ធ្វើយ៉ាងណា ត្រូវ​គិតគូរ​ដល់ អំពី​ប្រសិទ្ធភាព នៃ​សេដ្ឋកិច្ច ប៉ុន្តែ​ប្រសិនបើ​វិស័យនេះ មិនមាន​ប្រសិទ្ធភាព ក្នុង​សេដ្ឋកិច្ច ក្រុមហ៊ុន​ដែល​ស្វែងរក​ផលរបរ ត្រូវតែ​ផ្លាស់ប្តូរ​អាជីវកម្ម របស់​ពួកគាត់​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម