អាជីវករ​ខេត្តបាត់ដំបង ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច ដាក់​ដេញថ្លៃ​ភាស៊ី ចំណតរថយន្ត ៤ ទីតាំង​

113
ចែករម្លែក


​ដោ​យ៖ គ្រញូង​

​បាត់​ដំប​ងះ អាជីវករ ដែល​រកស៊ី​បើកបរ​រថយន្ត គ្រប់​ប្រភេទ នៅ​ស្រុក​ចំនួន ៣ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ទីតាំង​យក​ភាស៊ី លើ​ចំណតរថយន្ត ចំនួន ៤ ទីតាំង បានស្នើ​សុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​ឲ្យ​ដេញថ្លៃ ជា​សាធារណៈ ដោយ​ដក​អាជ្ញាប័ណ្ណ ពី​ម្ចាស់​គម្រោង ចាស់​ចេញ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុមអាជីវករ មួយចំនួន នៅក្នុង​ខេត្តបាត់ដំបង បាន​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​វា​គ្មាន​តម្លាភាព​បន្តិច​សោះ ចំពោះ​អាជីវករ ដូចគ្នា​។​

​ទីតាំង​ចំណតរថយន្ត​ទាំង ៤ កន្លែង​នោះ ស្ថិតនៅក្នុង​ស្រុក​កំរៀង ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ត្រូវបាន​គ្រប់គ្រង និង​យក​ភាស៊ី ដោយ​លោកស្រី ថោ រ​ម្មណី​យ៍ ជា​ប្រធាន​ក្រុមហ៊ុន​ចាវ ឡុង អ៊ិន​វេស​ម៉ិ​ន ឯ​.​ក មាន​លំនៅ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ អ្នកស្រី​រូបនេះ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដក​អាជ្ញាប័ណ្ណ និង​ដកសិទ្ធិ ពី​ការ​ភាស៊ី​ចំណតរថយន្ត​ទាំង ៤ ទីតាំង​អស់ហើយ កាលពី​អំឡុង ចុងឆ្នាំ​២០១៩ មកម្ល៉េះ​។​

​ក្រោយ​បញ្ចប់​លើ​ការគ្រប់គ្រង និង​យក​ភាស៊ី​នេះ​រួចមក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិត​មួយ ជូនទៅ​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៩ ដោយបាន​ប្រគល់ ចំណតរថយន្ត ទាំង ៤ ទីតាំង ទៅ​ឲ្យ​រដ្ឋបាលខេត្ត ជា​អ្នកគ្រប់គ្រង ដើម្បី​រក​ចំណូល​សម្រាប់​ខេត្ត​។ ក្នុងនោះ ដោយ​ក្រសួង បានសម្រេច នូវ​គោលការណ៍ ចំនួន ៣ គឺ​៖ ទី​១-​ប្រគល់​ចំណត​ទាំង ៤ ជូន​រដ្ឋបាលខេត្ត ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ ទុកជា​ទ្រព្យសម្បត្តិ​របស់​ខេត្ត​។ ទី​២- ខេត្ត ត្រូវបង្កើត​គណៈកម្មកា​រ​ចម្រុះ ដើម្បី​គ្រប់គ្រង​បណ្ដោះអាសន្ន ក្នុងការ​ប្រមូល​ថវិកា ចូល​រដ្ឋ រហូតដល់​ដំណាច់ ឆ្នាំ​២០១៩ និង​ទី​៣-​ចាប់តាំងពី​ឆ្នាំ​២០២០ តទៅ​ខេត្ត ត្រូវ​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ ជា​សាធារណៈ ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ជា​ធរមាន​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​លិខិត​មួយច្បាប់ ជូនទៅ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយបាន​ស្នើសុំ​វិនិយោគ ធ្វើ​អាជីវកម្ម​ប្រមូល​ភាស៊ី រយៈពេល ១០ ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ រហូត​
​ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០៣០ ទៅ​ឲ្យ​ម្ចាស់​វិនិយោគ ចាស់​ដដែល ដោយសារតែ​ក្រុមហ៊ុន​ចាស់ បាន​ជួយ​សាងសង់ មន្ទីរពេទ្យ សាងសង់​ផ្លូវ​បេតុង ១​ខ្សែ ចូលទៅ​ចំណតរថយន្ត ទាំង ៤ ទីតាំង និង​ដាក់​បង្គោល​ភ្លើង បំពាក់​អំពូល​សូ​ឡា ចំនួន ២០០ ដើម សរុប​លើ​ការចំណាយ អស់​ប្រមាណ ៣២៣.០០០ ដុល្លារ ហើយ​ត្រូវ​បង់​ចូល​ថវិការដ្ឋ ចំនួន ២០ លាន​រៀល ក្នុង​១​ឆ្នាំ​។​

​ដោយសារ​តែមាន​ការកើត​ទុក្ខ​មិន​សុខចិត្ត​ទើប នៅ​ថ្ងៃទី​១ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ ក្រុមអាជីវករ​ជាច្រើន​នាក់ ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង បាន​ផ្ញើលិខិត​
១​ច្បាប់​ជូនទៅ​ក្រសួង ដោយ​ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​ដេញថ្លៃ ជា​សាធារណៈ លើ​ការគ្រប់គ្រង យក​ភាស៊ី ក្នុង​ចំណតរថយន្ត ទាំង ៤ ទីតាំង ក្នុងស្រុក​ទាំង ៣ ឡើងវិញ ព្រោះ​ការធ្វើ​ឡើង​ស្ងាត់ៗ របស់​រដ្ឋបាល ខេត្តបាត់ដំបង បែបនេះ ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល ចូល​ថវិការដ្ឋ យ៉ាងច្រើន និង​
​គ្មាន​តម្លាភាព​។​

​ក្រុមអាជីវករ ក្នុង​ខេត្ត​ទាំងអស់ សង្ឃឹមថា លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ពិចារណា​ឡើងវិញ ដើម្បី​ចាត់ចែង ដាក់​ឲ្យ​ដេញថ្លៃ លើ​ការ​
​គ្រប់គ្រង យក​ភាស៊ី​នេះ ជា​សាធារណៈ ដោយ​ចំហ និង​មាន​តម្លាភាព ។​

​ចំណែក​លោក មូល ធន នាយក​រដ្ឋបាល សាលាខេត្ត​បាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នេះ​ថា ការដែល​រដ្ឋបាលខេត្ត ស្នើសុំ​ទៅ​ក្រសួង​
​សេដ្ឋ​កិ​ច្ថ និង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​កិច្ចការ​វិនិយោគ រយៈពេល​១០ ឆ្នាំនេះ ទៅ​អ្នក​មុន​ដដែល គឺ​គ្រាន់តែ​ជាការ​ស្នើសុំ តែប៉ុណ្ណោះ ដោយសារតែ​បុគ្គល​នេះ មាន គម្រោង​សាងសង់ មន្ទីរពេទ្យ ស្ថាបនា​ផ្លូវ​បេតុង និង​ដាំ​បង្គោល បំពាក់​អំពូល​សូ​ឡា​។ ដូច្នេះហើយ ទើប​រដ្ឋបាលខេត្ត ស្នើ​ទៅ​ក្រសួង បើ​ក្រសួង ឯកភាព គឺ​កម្លាំង ក្រសួង នឹង​ចុះមក​វាយតម្លៃ តែបើ​ក្រសួង មិន​ឯកភាព​ទេ គឺ​ត្រូវដាក់​ឲ្យ​ដេញថ្លៃ ជា​សាធារណៈ​វិញ នេះ​ជា​សិទ្ធិ​របស់​ក្រសួង​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម