​ផ្តើម​សិក្សា​ជាថ្មី​ផលប៉ះពាល​បរិស្ថាន​និង​សង្គម​នៃ​ការស្ថាបនា​ផ្លូវ​កាត់​ថ្មី​បី​ខេត្ត​

137
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ បន្ទាប់ពី​គម្រោង​លើក​ទី​១ បរាជ័យ​ជាច្រើន​ឆ្នាំ​មកនេះ ឥឡូវនេះ លេចចេញ​នូវ​គម្រោង ១ លើក​ទៀត ដែល​ផ្តើម​សិក្សា ផលប៉ះពាល​បរិស្ថាន និង​សង្គម នៃ​ការស្ថាបនា​ផ្លូវជាតិ​កាត់​ថ្មី មួយ​ខ្សែ ត្រង់​កាត់​ទំនាប់​បឹង​ទន្លេសាប ពី​ស្រុក​ឯក​ភ្នំ ថ្មគោល ខេត្តបាត់ដំបង កាត់​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅ​ស្រុក​ក្រឡាញ់ ស្រុក​ពួក ខេត្តសៀមរាប ។​

​អ្នកស្រី ចាយ ប​ញ្ញ​លក្ខណ៍ ប្រធាន​ក្រុម​សិក្សា នៃ​ក្រុម PPIC បានអោយដឹងថា​៖ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការសិក្សា​វាយតម្លៃ ផលប៉ះពាល់​បរិស្ថាន និង​សង្គម ពេញលេញ គម្រោង​សាងសង់​ផ្លូវជាតិ​ភ្ជាប់ (​កាត់​ខ្លី​) ខេត្តបាត់ដំបង បន្ទាយ​មា​ជ័យ សៀមរាប ប្រវែង ៧២,១៥ គ​.​ម កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យ ក្នុង​បំណង​អោយ​ភាគី​ពាក់ព័ន្ធ បានដឹង ចូលរួម​យោបល់ និង​សំណូមពរ និង​ជា​គ្រឹះ សម្រាប់​រៀបចំ ផែនការ​បញ្ចៀស បន្ធូរបន្ថយ និង​កាត់បន្ថយ​ហេតុ​ប៉ះពាល់​អវិជ្ជមាន ក្នុងដំណាក់កាល អនុវត្ត​គម្រោង ។ ផ្លូវ​នេះ មាន​ទទឹង ៥០ ម៉ែត្រ ក៏ត្រូវ​មាន​បង្គោល​ភ្លើង បណ្តាញ​ចែកចាយ​ទឹក ប្រព័ន្ធ​លូ ។ ឯ​គ្រូ​សារ​ពលរដ្ឋ នឹង​ត្រូវធ្វើ​អត្តសញ្ញាណ​កម្ម ដោយ​គណៈកម្មការ ដោះស្រាយ​ផលប៉ះពាល់ អន្តរក្រសួង ។​

​យោងតាម​ការប៉ាន់ស្មាន ផ្លូវ​នេះ នឹងត្រូវ​សិក្សា ពីលើ​មកក្រោម (​ក្រសួង​ស្ថាប័ន អាជ្ញាធរ មន្ទីរ​) មកក្រោម​(​មូលដ្ឋាន​និង​ពលរដ្ឋ​)​ពីនេះ​រហូតដល់​ឆ្នាំ​២០២២​។​គម្រោង​ផ្លូវជាតិ​កាត់​ទំនាប​បឹង​ទន្លេសាប​នេះ គ្រោង​ចំណាយ​ទុន ប្រមាណ​ជិត ២៩ លាន​ដុល្លារ​អាម៉េរិក ជា​ហិរញ្ញប្បទាន សហប្រតិបត្តិការ សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ត្រូវ​សាងសង់ រយៈពេល ៤០ ខែ គ្រោង​បញ្ចប់ នៅ​ឆ្នាំ​២០២៤ ។​

​អ្នកស្រី បាន​បន្តថា​៖ ក្រុម​របស់​អ្នកស្រី ទទួល​សិទ្ធិ​សិក្សា ផលប៉ះពាល់​នេះ ពី​ក្រសួងបរិស្ថាន និង​ពី​ក្រុមហ៊ុន​ផ្លូវ​ស្ពាន​ចិន (China Road &Bridge cooperation : CRBC) ហើយ​ក៏បាន​ចូលរួម​ប្រជុំ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផងដែរ​។ ការសិក្សា​នេះ នឹងមាន​របាយការណ៍ នៅ​ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ដាក់ចូល​អង្គសិក្ខាសាលា​មួយ ពិភាក្សា ពិនិត្យ និង​សម្រេច ។​

​ក្រោយពី​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ​អង្គភាព​នានា បាន​បញ្ចេញ​មតិស្រប និង​ផ្ទុយ ក្នុងន័យ​ស្ថាបនា​រួចមក លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​៖ ជា​ស្មារតី​អង្គប្រជុំ​សិក្សា​នេះ គឺ​ទី​១ -​ស្នើ​ក្រុមហ៊ុន​សិក្សា​ព​ន្លឿ​ន ការផ្តល់​ទិន្នន័យ​សិក្សា ទីតាំង ផលប៉ះពាល ដើម្បី​ខេត្ត​មាន​អនុសាសន៍ ឆ្លើយតប និង​សហការ ។ ទី​២-​គួរ​សិក្សា​ទាំង​ផ្លូវ ត​ភ្ជាប់ (​ខ្នែង​ផ្លូវ​ចូលមក​ភូមិ ឃុំ ស្រុក​) ។ ៣-​ត្រូវ​សិក្សា ទាំង​ការធ្វើ​ថ្នល់ ទំនប់​ស្ទាក់ បង្ហៀរ និង​ទ្វារ​ទឹក​ផង ៕S/

​រូបថត ៖ ផ្តើម​សិក្សា​ជាថ្មី​ផលប៉ះពាល​បរិស្ថាន​និង​សង្គម​នៃ​ការស្ថាបនា​ផ្លូវ​កាត់​ថ្មី​ពី​បាត់ដំបង កាត់​បន្ទាយមានជ័យ​ទៅ​សៀមរាប (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម