យី សា​ឡេះ​យ៉ា​ស់​យ៉ា ហៅ ម៉ាត់​៖ អតីត​សមាជិកសភា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​

315
ចែករម្លែក

ដោយៈអ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត(​​ដកស្រង់​ចេញពី​ចម្លើយសារភាព​ឯកសារ​លេខ D០២៦៦២)
​ខ្ញុំ​ឈ្មោះ យី សា​ឡេះ​យ៉ា​ស់​យ៉ា ហៅ ម៉ាត់ ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុះ មីន​ណាស់​។ ខ្ញុំ​កើត​នៅ​សង្កាត់​ជ្រោយចង្វារ ក្រុងភ្នំពេញ​។

កាលពី​នៅ​កុមារ​អាយុ​ប្រហែល​៧​ឆ្នាំ​ខ្ញុំ​បាន​ចូលរៀន​សូត្រធម៌​សាសនា​អ៊ីស្លាម​នៅ​វិហារ​មុខដាច់​ជ្រោយចង្វារ​ជាមួយនឹង​ឪពុក​របស់ខ្ញុំ ដែលជា​អាចារ្យ​បង្រៀន​ធម៌​ក្នុងពេលនោះ​។ លុះ​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​អក្សរ​ខ្មែរ​នៅឯ​សាលាបឋមសិក្សា​ជ្រោយចង្វារ​រហូតដល់​ថ្នាក់​ទី​៨​។ ខ្ញុំ​បានសម្រេច​ចិត្ត​ឈប់រៀន​នៅក្នុង​ឆ្នាំ​១៩៤០ ព្រោះ​ពេលនោះ​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់ ហើយ​គ្មាន​នរណា​ជា​ជំហរ​ចិញ្ចឹម​គ្រួសារ​របស់ខ្ញុំ​។ ចន្លោះ​ពី​ឆ្នាំ​១៩៤១ ដល់ ឆ្នាំ​១៩៤៨ ពេលដែល​ខ្ញុំ​មាន​អាយុ​ប្រហែល​១៩​ឆ្នាំ ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​ងារ​ស៊ីឈ្នួល​នៅក្នុង​សហករណ៍​នេសាទ​ត្រី​ទឹកសាប​នៅឯ​គីឡូ​លេខ​៤​កន្លះ ដែលជា​ហាង​ត្រីងៀត​។ ឈ្មោះ ម៉ា​តុង ដែលជា​ជនជាតិ​បារាំង​គឺជា​ម្ចាស់​ក្រុមហ៊ុន​នោះ​។ ខ្ញុំ​ធ្វើការ​នៅក្នុង​ហាង​ត្រីងៀត​នោះបាន​ប្រហែល​ជាជាង​២​ឆ្នាំ​។ នៅក្នុង​ឆ្នាំ​១៩៤២ ខ្ញុំ​បាន​រៀបការ​ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុះ មីន​ណាស់ នៅ​ជ្រោយចង្វារ ហើយ​ក្រោយមក​យើង​មានកូន​ចំនួន​៧​នាក់ គឺ​ប្រុស​៤​នាក់ និង​ស្រី​៣​នាក់​។ រវាង​ឆ្នាំ ១៩៤២ ដល់ ឆ្នាំ​១៩៤៧ ខ្ញុំ​បាន​ប្រកបមុខរបរ​នេសាទ​ត្រី​នៅ​ព្រែក​ដងគោម ស្រុក​មុខកំពូល ជាមួយនឹង​ឪពុកក្មេក​របស់ខ្ញុំ ឈ្មោះ ឡិ​ក សុខ​។

សហគមន៍ជនជាតិចាម នៅអំឡុងទសវត្សន៍ឆ្នាំ៨០។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមក ខ្ញុំ​បាន​ប្រកប​របរ​លក់​អង្ករ​តាម​ទូក​ជាមួយនឹង​ប្អូនថ្លៃ​ឈ្មោះ ទូ​នី ម៉ាត់​។ ក្រៅពី​របរ​ទាំងអស់នេះ ខ្ញុំ​ក៏បាន​ស៊ីឈ្នួល​ដឹកគោ​តាម​កប៉ាល់ និង​ទូក​ទៅ​លក់​នៅឯ​ព្រៃនគរ​ដែរ​។ នៅក្នុង​ឆ្នាំ​១៩៤៨ ដោយ​ខ្ញុំ​គឺជា​អ្នកមាន​ជំនឿ​ខាង​សាសនា​អ៊ីស្លាម និង​ចូលចិត្ត​សាសនា​ផ្សេងៗ​ទៀត​ដែរ ខ្ញុំ​ក៏បាន​សុំចូល​ធ្វើ​ការងារ​នៅក្នុង​ក្រសួង​ធម្មការ មាន​តួនាទី​ជា​ស្មៀន ដែលមាន​ឈ្មោះ ហ៊ុយ កន្ធុល ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​នៅពេលនោះ​។ ខ្ញុំ​ធ្វើការ​បាន​មួយឆ្នាំ ក៏​ប្រឡង​ជាប់​បានជា​លេខាធិការ​ក្នុង​ក្របខណ្ឌ​រាជការ ហើយ​បាន​ឡើង​ឋានៈ​ជាប់​រហូតមក​។ នៅក្នុង​ឆ្នាំ​១៩៥៥ ក្នុងសម័យ​សង្គមរាស្ត្រនិយម សម្តេចព្រះ នរោត្តម សីហនុ បានតែងតាំង​ខ្ញុំ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ទទួលបន្ទុក​ខាង​ខ្មែរ​អ៊ីស្លាម​។ ក្នុង​រយៈពេល​៣​ខែ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ដែល​ខ្ញុំ​បានធ្វើ​ការងារ​នៅទីនេះ ខ្ញុំ​បាន​បម្រើ​ផ្នែក​សាសនា​អ៊ីស្លាម​យ៉ាងសកម្ម​។ ខ្ញុំ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​កាប់​ឈើ​រួច​ពន្ធ​ដើម្បី​សង់​វិហារ​អ៊ីស្លាម និង​ផ្សះផ្សា​បង្រួបបង្រួម​រវាង​បងប្អូន​អ៊ីស្លាម​ដែលមាន​សមាជិក​ដែល​ទាស់ទែង​គ្នា​។

នៅក្នុង​ខែមីនា ឆ្នាំ​១៩៦៥ រាជរដ្ឋាភិបាល​សង្គម​រាស្ត្រនិយម បាន​ចាត់តាំង​ខ្ញុំ​និង​ឈ្មោះ គីម ការី​ម​សា​តារ ឲ្យ​ធ្វើការ​នៅ​ក្រសួងផែនការ និង​ធ្វើជា​គណប្រតិភូ​ខ្មែរ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​អ៊ីស្លាម អាហ្វ្រិក អាស៊ី និង​នៅ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន​១៥​ថ្ងៃ​។ ប្រទេស​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ស​ន្និសិទ​នេះ​គឺជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ទាំងអស់​នៅក្នុង​អាស៊ី អាហ្វ្រិក សហភាពសូវៀត ចិនប្រជាមានិត ប្រទេស​ថៃ និង​កម្ពុជា​។ នៅពេលនោះ​ខ្ញុំ​គឺជា​អ្នកដឹកនាំ​ប្រតិភូ និង គីម ការី​ម​សា​តារ គឺជា​អ្នកបកប្រែ​ភាសា តាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​ខ្មែរ​។
​ក្នុង​ឆ្នាំ​១៩៦៦ ខ្ញុំ​បាន​សុំច្បាប់​ពី​ក្រសួង​ធម្មការ​ចំនួន​៣​ខែ​ដើម្បី​ទៅ​បំពេញ​បូជនីយកិច្ច គឺ​ធ្វើបុណ្យ​ហា​ជី​នៅ​ទីក្រុង​ឡា​មិ​ក ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការដែល​ធ្វើដំណើរ​នោះ​គឺ​តាម​យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន ឆេ​កូ​។ អ្នកដំណើរ​ទាំងអស់​គឺ​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​មាន​ចំនួន​៨០​នាក់​។ សម្រាប់​ថ្លៃ​ធ្វើដំណើរ​និង​ស្នាក់នៅ​គឺជា​ចំណាយ​រៀងៗ​ខ្លួន​។

នៅក្នុង​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​សុំ​ឈរឈ្មោះ​ជា​បេក្ខជន​ខាង​សង្គមរាស្ត្រនិយម​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​។ ខ្ញុំ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​ស្រុក​មេមត់ ប៉ុន្តែ​ខ្ញុំ​មិនបាន​ជាប់ឆ្នោត​ទេ​។ ខ្ញុំ​នៅ​បន្តធ្វើ​ការងារ​នៅក្នុង​ក្រសួង​ធម្មការ​រហូតដល់​ឆ្នាំ​១៩៧២​។
​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ ខ្ញុំ​បាន​ឈប់​ពី​ក្រសួង​ធម្មការ និង​ចូលមក​ធ្វើការ​ជា​សមាជិកសភា​វិញ​។ មុននឹង​ចូល​ធ្វើជា​សមាជិកសភា ខ្ញុំ​ត្រូវ​ចូល​ជា​សមាជិក​គណបក្ស​សង្គម​សាធារណរដ្ឋ ហើយ​ឈរឈ្មោះ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ​។ ឡេះ កូ​សេម និង ហែម ចំរើន គឺជា​អ្នក​នាំ​ខ្ញុំ​ចូលទៅក្នុង​គណបក្ស​នេះ​។ រយៈពេល​ជិត​៣​ឆ្នាំ គឺ​ចាប់តាំងពី​ខែតុលា ឆ្នាំ​១៩៧២ ដល់ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​បម្រើ​ការងារ​នៅក្នុង​ព្រឹទ្ធសភា​ក្នុងឋានៈ​ជា​សមាជិក​មួយរូប​ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា ៤០ រូប​ផ្សេងទៀត​។

សកម្មភាព​នៃ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ៗ​ធ្វើ​ការប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​របស់​ប្រធាន​ឈ្មោះ សូ កាំ​ខូ​យ​។ របៀប​វរ​ប្រជុំ និង​កិច្ចការ​ផ្សេងៗ​ទៀត ត្រូវអនុវត្ត​យកតាម​របៀប​ចាស់ គឺ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​ខាង​ផ្នែក​អ៊ីស្លាម​វិញ ខ្ញុំ​គឺជា​អ្នក​ជួយ​ផ្តល់ព័ត៌មាន​អំពី​វិន័យ​ច្បាប់​ខាងក្នុង​គម្ពីរ​សាសនា​ជូន​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​ឲ្យ​ស្របតាម​គម្ពីរ​សាសនា​ផង ដើម្បី​ការពារ​ទំនាស់​កើតឡើង​ដែរ​។ លោក ឡេះ កូ​សេម ភាគច្រើន​ទាក់ទង​ខ្ញុំ​ឲ្យ​ជួយ​ពន្យល់​បងប្អូន​ខ្មែរ​អ៊ីស្លាម​ឲ្យ​ចូល​ធ្វើជា​ទាហាន​ដើម្បី​ការពារ​សាសនា​។ នេះ​ដោយសារតែ​មានការ​ពន្យល់​ឃោសនា​ថា​នៅពេលដែល​ពួក​កុ​ម្មុយ​នី​ស​យួន​ខាងជើង និង​យៀកកុង វាយ​យកបាន​ប្រទេស​កម្ពុជា​ហើយ​នោះ សាសនា​ក៏ត្រូវ​លុបបំបាត់​ដែរ​។ ដោយសារតែ​ការឃោសនា​ដូច្នេះ ខ្ញុំ​បាន​ជូន ឡេះ កូ​សេម ទៅ​ពន្យល់​ប្រាប់​ខ្មែរ​អ៊ីស្លាម​នៅ​វិហារ​តាម​ភូមិ​អ៊ីស្លាម​នានា​នៅ​ជ្រោយចង្វារ ច្រាំង​ចំរេះ ព្រែកប្រា និង​ភូមិ​បាយ​កាយ ស្ថិតនៅក្នុង​ខេត្តកណ្តាល​។ នៅក្នុង​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ចូលទៅក្នុង​សមាគម​អ៊ីស្លាម ដែលមាន​ឈ្មោះ ម៉ាត់ លី​ហា​រូ​ន ជា​ប្រធាន​។ សមាគម​នេះ​ឈ្មោះ «​អ៊ី​ស្លា​មិ​ក​សមាគម​កម្ពុជរដ្ឋ​»​។

នៅមុន​ថ្ងៃ​ខ្មែរក្រហម​វាយ​បាន​ទីក្រុង​ភ្នំពេញ ខ្ញុំ ប្រពន្ធ និង​កូន​បាន​ទៅ​ចូលរួម​មង្គលការ​របស់ បូ​ណា ហៅ ស្មាន​។ ខ្ញុំ​បាន​ជួបនឹង ឯល ប្រ​ហ៊ឹម និង ឡេះ កូ​សេម​។ អ្នក​ទាំង​ពីរបាន​និយាយប្រាប់​ខ្ញុំ​ថា «​គណរដ្ឋមន្ត្រី ឡុង បូ​រ៉េត និង​នាយទាហាន​ជាន់ខ្ពស់ បាន​ប្រជុំ​សម្ងាត់​នៅក្នុង​ក្រសួងការពារជាតិ​ពី​ការរៀបចំ​ផែនការ​ត្រៀម​បាញ់​ដែលមាន​ជំនួយ​ពី​អាមេរិក ហើយ​ចំពោះ​បងប្អូន​អ៊ីស្លាម​យើង សុំ​ឲ្យ​រួបរួមគ្នា និង​រង់ចាំ​ស្តាប់​ថា ប្រសិនបើ​មាន​ម្ខាង​ក្រោកឈរឡើង​ប្រឆាំងនឹង​បដិវត្តន៍​យើង​ត្រូវធ្វើ​ការងារ​ជាមួយ​ដែរ​»​។
​មុនពេល​ដែល សូ កាំ​ខូ​យ នាយករដ្ឋមន្ត្រី​ស្តីទី​រត់ចេញ​ទៅ​បរទេស គាត់​បាន​បើក​អង្គប្រជុំ​ស្តីទី​អំពី​១) បញ្ហា​ទប់ទល់​ក្រុងភ្នំពេញ ដោយ​ឲ្យ​សមាជិកសភា​ទាំងអស់​ចូលរួម​ធ្វើ​សកម្មភាព​យាមកាម​ផ្ទាល់​ឲ្យ​បាន​គ្រប់គ្នា និង ២)​អនុវត្ត​ចំពោះ​ប្រជាជន​នូវ​សង្គ្រាមចិត្តសាស្ត្រ​ប្រសិនបើ​ច្បាំង​ចាញ់​កងទ័ព​រំដោះ​។

ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​និង​ក្រុមគ្រួសារ​សរុប​ចំនួន​១៣​នាក់ បាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​ដើរ​តាមផ្លូវ​ថ្នល់​ឆ្ពោះទៅ​ព្រែក​ក្តាម​ជាមួយ​ប្រជាជន​ជាច្រើន​នាក់​ទៀត​។ ការធ្វើដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​រយៈពេល​យូរ និង​ស្នាក់នៅ​ជាច្រើន​កន្លែង​។ ចុងក្រោយ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ទៅដល់ និង​ស្នាក់នៅ​ភូមិ​គោ​ហេ សង្កាត់​រកា​កោង​ទី​២ ស្រុក​មុខកំពូល តំបន់​២២​។ ក្រោយពី​ទៅ​ស្នាក់នៅ​ក្នុងភូមិ​គោ​ហេ​បាន​១​ខែ ខ្ញុំ​បាន​ទាក់ទង​ជាមួយនឹង​ឈ្មោះ ម៉ាត់ ស្លៃ​ម៉ាន ហៅ ហា​ជី​។ គាត់​គឺជា​គ្រូអាចារ្យ​បង្រៀន​ធម៌​ពីមុន​នៅ​ជ្រោយចង្វា​រដែរ​។ ដំបូង​យើង​និយាយ​គ្នា​អំពី​រឿង​ខ្មែរ​អ៊ីស្លាម ដែល​ឮដំណឹង​ថា​អង្គការ​នឹង​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អ៊ីស្លាម​វិញ​។
​ក្រោយមក ខ្ញុំ និង ម៉ាត់ ស្លៃ​ម៉ាន បានធ្វើការ​ទាក់ទង​នឹង​ឈ្មោះ វ៉ាន់ អ៊ី​ស្មា​ឯល ហៅ​ទួន ឯល ដែល​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច ដោយ​បានទទួល​សំបុត្រ​ថា ខ្មែរ​អ៊ីស្លាម​ជិត​បាន​ចេញទៅ​ប្រទេស​អ៊ីស្លាម​វិញ​ហើយ​។ ក្រោយមក​ខ្ញុំ​បាន​ទាក់ទង​ទៅ​ឈ្មោះ ម៉ាត់ ស្លៃ​ម៉ាន់ ហើយ​បាន​ចាត់​ឲ្យ​គាត់​ទៅ​ប្រាស្រ័យ​ជាមួយ​បងប្អូន​អ៊ីស្លាម​ដើម្បី​អនុវត្ត​ផែនការ​ឲ្យ​ប្រជាជន​អ៊ីស្លាម​ស្អប់​អង្គការ​បដិវត្តន៍ ដោយ​មិន​ឲ្យ​គោរព​សាសនា​ពេញលេញ​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ចាត់​ឲ្យ​ឈ្មោះ ហ៊ីម ម៉ាន និង លី​មូ​ហាំ​ម៉ាត់ ទៅ​នៅ​ក្នុងភូមិ​គោ​ហេ​ជាមួយគ្នា​ទាក់ទង​នឹង​បងប្អូន​អ៊ីស្លាម​នៅ​ទីនោះ​។ យើង​បានធ្វើការ​បំផុសបំផុល​ដល់​បងប្អូន​ខ្មែរ​អ៊ីស្លាម ទើប​មាន​បងប្អូន​ខ្មែរ​អ៊ីស្លាម​បាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​ជាមួយ​បងប្អូន​ខ្មែរ​មូលដ្ឋាន​ចាស់​នៅក្នុង​ភូមិ​គោ​ហេ នៅ​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​១៩៧៥​។ នៅ​ថ្ងៃទី​២៤ ខ្ញុំ ក្រុមគ្រួសារ និង​អ្នកស្រុក​ទាំងអស់​បាន​ទៅ​ស្នាក់នៅ​វត្ត​ចុង​ព្រែក ហើយ​ក្រោយមក​ថ្ងៃទី​២៨ អង្គការ​បាន​ឲ្យ​យើង​ត្រឡប់មកផ្ទះ​រៀងៗ​ខ្លួន​វិញ​។
​រហូតដល់​ម៉ោង​១០​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​១៩៧៥ អង្គការ​បាន​ចាប់ខ្លួន​ខ្ញុំ​ពី​ផ្ទះ​នៅ​ភូមិ​គោ​ហេ យកទៅដាក់​វត្ត​ដំរី​ស​នៅឯ​រកា​កោង​៕
កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ យី សា​ឡេះ​យ៉ា​ស់​យ៉ា ហៅ ម៉ាត់ ពិត​ឬ​យ៉ាងណា​នោះទេ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម