សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​អគ្គលេខាធិការ​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​

500
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​លោក ង្វៀង ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​បក្ស​កុ​ម្មុយនី​ស្ត​វៀតណាម ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក ឡឺ ខា​ភៀវ (Le Kha Phieu)អតីត​អគ្គលេខាធិការ​នៃបក្ស​កុម្មុយនីស្ត​វៀតណាម​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​។​

លោក ឡឺ ខា​ភៀវ (Le Kha Phieu)អតីត​អគ្គលេខាធិការ​នៃបក្ស​កុម្មុយនីស្ត​វៀតណាម​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​ ក្នុងអាយុ៨៩ ឆ្នាំដោយជរាពាធ។

​ក្នុង​សារ​រំលែក​ទុក្ខ​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា ​មរណភាព​របស់លោក ឡឺ ខា​ភៀវ គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​មេដឹកនាំ​ដ៏​វាងវៃ​មួយរូប​ដែល​បាន ធ្វើ​ពលិកម្ម​ពេញ​មួយជីវិត​ក្នុង​ការតស៊ូ​ដើម្បី​ឯករាជ្យ​របស់​វៀតណាម​ព្រមទាំង​សន្តិភាព​និង​វិបុលភាព​សម្រាប់​ប្រជាជន​វៀតណាម ។សម្តេច​បាន​រំលឹកថា ​លោក ឡឺ ខា​ភៀវ ក៏​ជា​មិត្ត​ដ៏​យូរអង្វែង​របស់​កម្ពុជា​ផងដែរ​ដោយបាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព​ជា​បងប្អូន​ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតល្មួត​មិន​ត្រឹមតែ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម​ប៉ុណ្ណោះ​ទេ ​តែ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​យើង​ទាំងពីរ​ផងដែរ ។​

​លោក ឡឺ ខា​ភៀវ កើត​នៅ​ខែធ្នូ​ឆ្នាំ ១៩៣១ លោក​បានទទួល​មរណភាព​ដោយ​ជរាពាធ ។ លោក​មាន​ដើមកំណើត​នៅ​ស្រុកដុង​សឺ​ន ខេត្ត​ថា​ញ់​ហាវ ។​លោក​​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នៅឯ​កិច្ចប្រជុំ​លើក​ទី ៤ នៃ​អាណត្តិ​ទី ៨ ចាប់ពី​ខែធ្នូ​ឆ្នាំ ១៩៩៧ ដល់​ខែមេសា​ឆ្នាំ ២០០១ ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម