៧​ខែ​ដើមឆ្នាំ​២០២០​សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៥៣​នាក់​ដែល​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​

125
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​នេះ​ជនបរទេស​ចំនួន​៥៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​គឹម​សាន​ស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​គឹម​សាន​បាន​បន្តថា​៖​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​នេះ​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​បាន​ចុះបង្ក្រាប​ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​និង​ធ្វើ​ការមិន​ស្របច្បាប់​ក្នុង​ខេត្តសៀមរាប​ចំនួន​២២​លើក​ដោយ​ធ្វើការ​ឃាត់ខ្លួន​ចំនួន​៥៣​នាក់​។ ក្នុងនោះ​ស្រី​ចំនួន​១០​នាក់​មាន​១២​សញ្ជាតិ ហើយ​ជនបរទេស​ទាំងអស់នោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​និង​សុំ​គោលការណ៍​ត្រៀម​បណ្តេញចេញ​រួចរាល់​ហើយ​ដែរ ។​

​លោក​បាន​ឱ្យដឹងទៀតថា ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​ស្របច្បាប់ ត្រូវបាន​បែងចែក​ជា​២​ប្រភេទ​គឺ​៖​ទី​១.​ជនបរទេស​អន្តោប្រវេសន៍​គឺជា​ជនបរទេស​ដែល​ស្នាក់នៅ​រយៈពេល​យូរ​របៀប​ជាការ​តាំងទី​លំនៅ​ជា​ក្រុមគ្រួសារ​។​ទី​២.​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​គឺជា​ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ហើយ​ជនបរទេស​ដែល​ស្របច្បាប់​ទាំងអស់​ត្រូវបំពេញ​តាម​លក្ខន្តិកៈ​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់​ត្រូវ​រាយការណ៍​វត្ត​មាននៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ឱ្យបាន​ទៀងទាត់​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​គ្រប់គ្រង​លើ​ជនបរទេស​ទាំងអស់ ដែល​បាន​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ។

​សូមបញ្ជាក់ថា​យោងតាម​មាត្រា​១៨​នៃ​ច្បាប់​អន្តោប្រវេសន៍​ចែងថា​ម្ចាស់​ឬ​អ្នកកាន់កាប់​លំនៅស្ថាន​គ្រប់​ប្រភេទ​ត្រូវ​ជូនដំណឹង​ក្នុង​រយៈពេល​២៤​ម៉ោង​ដល់​ស្ថាប័ន​នគរបាល​មាន​សមត្ថកិច្ច​ពី​វត្ត​មាននៃ​ជនបរទេស​ដែល​បានមក​ស្នាក់នៅ​កម្ពុជា​។​ចំពោះ​មាត្រា​៣១​ចែងថា​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០.០០០ រៀល ដល់ ៣០.០០០ រៀល​។​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា ១៨ នៃ​ច្បាប់​នេះ​។ ក្នុងករណី​មិន​រាងចាល​ជនល្មើស​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ៣០.០០០ រៀល​ដល់ ៦០.០០០ រៀល ៕S/

​រូបភាព​:​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​នេះ​ជនបរទេស​ចំនួន​៥៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ស្នាក់នៅ​និង​ធ្វើការ​ក្នុង​ខេត្តសៀមរាប​ខុសច្បាប់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម