អាម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ហុងកុង​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៀត​ក្នុងចំណាត់ការ​ថ្មី​លើ​ចិន​

164
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​៧​សីហា​ បាន​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ហុងកុង​បន្ទាប់ពី​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណិត​ចិន TikTok និង WeChat បញ្ចប់​ប្រតិបត្តិការ​នៅ​អាម៉េរិក​ទាំងអស់​នៅក្នុង​​ចំណាត់ការ​លើ​ពាណិជ្ជកម្ម​-​ការទូត ក្នុងពេល​តែមួយ​ដែល​កើតឡើង​នៅ​មុន​ការបោះឆ្នោត​អាម៉េរិក​។​

​នៅក្នុង​ចំណាត់ការ​ដ៏​តឹងរ៉ឹង​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​លើ​ក្រុង​ហុងកុង​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ដាក់​ប្រើ​ច្បាប់​សន្តិសុខ​នៅលើ​ទឹកដី​នេះ​មក​នោះ ក្រសួង​រតនាគារ​អាម៉េរិក​បាន​និយាយ​​ថា ​ខ្លួន​កំពុង​បង្កក​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋ​អាម៉េរិក​របស់​នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី ការី ឡាំ និង​មន្ត្រីជាន់ខ្ពស់​១០ នាក់​ផ្សេង​ទៀត​។​

​ចំណាត់ការ​នេះ ដាក់ទោស​បទឧក្រិដ្ឋ​ប្រឆាំង​អំពើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អាម៉េរិក​ជាមួយ​មន្ត្រី​ទាំង​១១​នាក់​នេះ ដែល​រួម​ទាំង​ស្នងការ​ប៉ូលិស​ហុងកុង​ លេខាធិការ​សន្តិសុខ និង​មន្ត្រី​កំពូល​របស់​ចិន​នៅ​ទីក្រុង​​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” ចំ​ណាត់ការ​ថ្ងៃនេះ ផ្ញើ​សារ​យ៉ាងច្បាស់​ថា​សកម្មភាព​របស់​ក្រុ​មអាជ្ញាធរ​ហុងកុង​គឺ​មិន​អាច​ទទួលយក​បាន​ទេ ។​​ច្បាប់​សន្តិសុខ​របស់​ប្រទេស​ចិន បាន​រំលោភ​ការសន្យា​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ចិន​មុន​ពេល​ប្រទេស​អង់គ្លេស​ប្រគល់​ទឹកដី​មក វិញ​កាលពី​ឆ្នាំ ១៩៩៧ ។​សហរដ្ឋ​អាម៉េរិក​ឈរ​ជាមួយ​ប្រជាជន​ហុងកុង​”​។​

​ក្រសួង​រតនាគារ​អាម៉េរិក បាន​និយាយថា លោកស្រី ការី ឡាំ គឺ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការអនុវត្ត​ន៍គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការបង្ក្រាប​សេរីភាព​និង​ដំណើរការ​ប្រជា​ធិ​​បតេ​យ្យ ។​

​ច្បាប់​សន្តិសុខ​នេះ​ត្រូវបាន​ដាក់​ប្រើ​កាលពី​ចុង​ខែ​មិថុនា​ឆ្នាំ​នេះ បន្ទាប់ពី​មាន​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​កាលពី​ឆ្នាំមុន​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ

ទីតាំងផ្សាយពាណិជ្ជកម្ម