រថយន្ត​ធុន​កូរ៉េ​បើក​លឿន​រ៉េ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ​

1209
ចែករម្លែក
  • 341
    Shares

​ដោយ​: អង្គរតូច / សៀមរាប​: ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន បើក​ក្នុង​ល្បឿន​លឿន​ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៧​ខែ មេសា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ ក្នុងទិសដៅ​ច្រាស​គ្នា​។​

​លោក​បន្តថា រថយន្ត​បង្ក​ធុន​កូរ៉េ ប្រភេទ ១​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 7560 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) ពី​លិចទៅ​កើត ហើយ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា ធុន​១១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1C 7950 បើកបរ​ដោយ​ឈ្មោះ យ៉េន ភេទ​ប្រុស អាយុ​ប្រហែល ៥៧​ឆ្នាំ រស់នៅ​ម្ដុំ​វត្ត​ឥន្ទ​កោសា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បើកបរ​ពី​កើ​តទៅ​លិច ឌុប​ប្រពន្ធ​ឈ្មោះ ច្រិ​ប អាយុ​ប្រហែល ៥៦​ឆ្នាំ ទាំងពីរ​នាក់​ស្លាប់​នៅនឹងកន្លែង​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ម៉ូតូ​មួយគ្រឿង​ខូចខាត​ស្ទើរ​ទាំងស្រុង និង​រថយន្ត ១​គ្រឿង ខូចខាត​តិចតួច​។​

​ប្រភព​បន្ថែមថា មូលហេតុ​ដោយសារ រថយន្ត​កូរ៉េ បើកបរ​ល្បឿន​លឿន ក្នុងស្ថានភាព​មាន​ភ្លៀង​ធ្លាក់ ហើយ​រអិល​កង់​រ៉េ​ចង្កូត​មក​បុក​ម៉ូតូ​តែម្តង​។ ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង យកមក​រក្សារ​ទុក អធិការនគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម