អ្នកស្លាប់ដោយកូវីដនៅអាម៉េរិកកើនឡើងដល់ ១៦ ម៉ឺននាក់ ខណៈការចរចាអំពីជំនួយសង្គ្រោះបរាជ័យនៅវ៉ាស៊ីនតោន

179
ចែករម្លែក

មនុស្សជាង ១៦០.០០០ នាក់បានស្លាប់ដោយកូវីដ១៩ នៅសហរដ្ឋអាម៉េរិក នេះបើតាមការបូកសរុបរបស់រ៉យទ័រ កាលពីថ្ងៃសុក្រទី៧សីហា ខណៈប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងផ្តល់ជំនួយហិរញ្ញវត្ថុជាឯកតោភាគីដល់ជនជាតិ អាម៉េរិក បន្ទាប់ពីមានការពិភាក្សាជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យ បានជាប់គាំង។

ព្រឹត្តិការណ៍សោកសៅនេះដែលរាប់បញ្ចូលទាំងការស្លាប់ ១០.០០០ នាក់នៅទូទាំង ប្រទេសក្នុងរយៈពេល ៩ ថ្ងៃកន្លងមកនេះ បានកើតឡើងនៅពេលជនជាតិអាម៉េរិក និងមេដឹកនាំនយោបាយរបស់ពួកគេនៅតែបែកបាក់គ្នាអំពីបញ្ហាជាច្រើនដូចជាការបើកសាលារៀនឡើងវិញ ការធ្វើតេស្តរកមេរោគ ការបិទអាជីវកម្ម និង ការបញ្ជាទិញម៉ាស់។

វេជ្ជបណ្ឌិត មេឡានី ថមសុន នៅទីក្រុងអាត្លង់តា បាននិយាយថា “មេដឹកនាំ ជាប់ឆ្នោតត្រូវចាប់ផ្តើមដោះស្រាយវិបត្តិនេះក្នុងនាមជាបញ្ហាសុខភាពសាធារណៈ ជាជាងបញ្ហានយោបាយ”។

ថមសុន និយាយថា “រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋនានាគួរតែឧបត្ថម្ភធន ដល់ការ ធ្វើតេស្តរហ័សសម្រាប់សាលារៀននិងមណ្ឌលមនុស្សចាស់ទាំងអស់។ សភាចាំបាច់ ត្រូវផ្តល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ជនងាយរងគ្រោះបំផុត រួមទាំងកម្មករសំខាន់របស់យើងផង”។

លោកត្រាំនិយាយថា លោកអាចនឹងចេញបទបញ្ជាប្រតិបត្តិមួយដើម្បីព្យួរពន្ធ លើប្រាក់បៀវត្សរ៍សម្រាប់ជនជាតិអាម៉េរិកទាំងអស់រហូតដល់ចុងឆ្នាំនេះនិងពង្រីកអត្ថប្រយោជន៍គ្រាអត់ការងារធ្វើបន្ថែមទៀត ប្រសិនបើសេតវិមានមិនអាចឈានដល់ កិច្ចព្រមព្រៀងលើកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ជាមួយក្រុមអ្នកប្រជាធិបតេយ្យកំពូលៗនៅក្នុងសភាទេនោះ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅឯកន្លែងវាយកូនហ្គោលរបស់គាត់នៅទីក្រុងបេតមីនស្ទើ រដ្ឋញូវជើស៊ី លោកត្រាំបានធ្វើការប្តេជ្ញាចិត្តបែបនេះ បន្ទាប់ពីការចរចារវាង​ភាគីទាំងពីរបានបែកបាក់កាលពីថ្ងៃសុក្រ។

ក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថា ពួកគេយល់ព្រមកាត់បន្ថយសំណើចំនួន ៣,៤ លានលានដុល្លាររបស់ពួកគេ ប៉ុន្តែក្រុមសាធារណរដ្ឋនឹងមិនយល់ព្រម​ច្រើនជាង​ការផ្តល់ជូន ១ លានលានដុល្លាររបស់ពួកគេនោះឡើយ។

ការឆ្លងមេរោគកូវីដ១៩ កំពុងកើនឡើងនៅក្នុងរដ្ឋចំនួន ២០ នៅសហរដ្ឋអាម៉េរិក​នេះយោងតាមការវិភាគរបស់រ៉យទ័រ ខណៈចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ​បានប្តូរទិសពីរដ្ឋភាគខាងកើត​ដូចជាកាលីហ្វ័រញ៉ា ផ្លរីដានិងតិចសាស់​ទៅរដ្ឋភាគខាងលិចវិញ៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកស្លាប់ដោយកូវីដនៅអាម៉េរិកកើនដល់ ១៦ ម៉ឺននាក់

ទីតាំងផ្សាយពាណិជ្ជកម្ម