ប៉ូលិស​ថៃ​ចាប់​ឃុំខ្លួន​មេដឹកនាំ​បាតុកម្ម​និស្សិត​២​នាក់​

193
ចែករម្លែក

​ប៉ូលិស​ថៃ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៧​សីហា​ បាន​ចាប់​ឃុំខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​២​នាក់​នៅ​ទីក្រុង​បាងកក​ ចំពោះ​ការ​ធ្វើ​បាតុកម្ម​កាលពី​ខែ​មុន ខណៈ​ដែល​ក្រុម​មេដឹកនាំ​ចលនា​និស្សិត​​ប្តេជ្ញា​បង្កើន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​ពួកគេ​។​

​ក្រុមមន្ត្រី​សន្តិសុខ​បាន​នាំ​ខ្លួន លោក អា​ណុន ណា​ម​ផា មេធាវី​សិទ្ធិមនុស្ស អាយុ​២៣​ឆ្នាំ​និង​សកម្មជន​និស្សិត ឈ្មោះ​ផា​នូ​ពង់ ចាស​ណុ​ក​អាយុ ២៣ ឆ្នាំ​ចេញពី​តុលាការ​ឧក្រិដ្ឋ​នៅ​ទីក្រុង​បាងកក​ ខណៈ​ដែល​ក្រុម​អ្នកគាំទ្រ​រាប់សិប​នាក់​បាន​ស្រែក​ថា ” មន្ត្រី​ត្រូវតែ​បម្រើ​ប្រជាជន ” ក្នុង​ការតវ៉ា​។​

​នៅឯ​កន្លែង​តវ៉ា​មួយ​ផ្សេង​ទៀត កាលពី​ថ្ងៃ​ចន្ទ លោក អា​ណុន ណា​ម​ផា​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ដោយ​អំពាវនាវ​ឱ្យមាន​កំណែ​ទម្រង់​នៃ​រាជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ថៃ​ដែល​​ជា​ប្រធានបទ​រសើប​ខ្លាំង ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា ដីកាចាប់ខ្លួន ​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​នោះ មិន​សំដៅ​ទៅលើ​ការនិយាយ​បែប​នោះទេ ប៉ុន្តែ​វា​សំដៅលើ​ការតវ៉ា​កាលពី​ថ្ងៃទី ១៨ ខែកក្កដា ពីបទ​​រំលោភ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ដោយ “​បង្កើន​ភាពវឹកវរ​និង​ការ​មិន​ពេញចិត្ត ” ។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ក្រុមអ្នកតវ៉ា ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត កំពុង​វិលត្រឡប់​ទៅកាន់​តាម​ដងផ្លូវ​វិញ​ដោយ​អំពាវនាវ​ឱ្យ​បណ្តេញ​រដ្ឋាភិបាល​របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា អ្នក​ធ្វើ​រដ្ឋប្រហារ​​ឆ្នាំ​២០១៤ បន្ទាប់ពី​ការបោះឆ្នោត​មាន​បញ្ហា​កាលពី​ឆ្នាំមុន ដែល​ក្រុម​សកម្មជន​និយាយថា​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានា​ការកាន់កាប់​អំណាច​របស់​លោក​។​

មេធាវី​របស់ លោក​អា​ណុន ណា​ម​ផា​បាន​និយាយ​ប្រាប់​សារព័ត៌មាន​Reutersថា កូនក្តី​របស់​លោក បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ក្រុម​មេដឹកនាំ​នៃ​ក្រុម​និស្សិត​ជាច្រើន​បាន​ធ្វើ​ស​ន្និសីទ​កាសែត​នៅ​វិមាន​ប្រជាធិបតេយ្យ​ដើម្បី​បើក​យុទ្ធនាការ​”​ចលនា​សេរីភាព​ប្រជាជន​” ដោយ​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ថ្មី​ និង​គ្រោង​ធ្វើការ​តវ៉ា​ដ៏​ធំ​នៅ​ថ្ងៃទី​១៦ ខែ​សីហា​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​មេដឹកនាំ​និស្សិត​ត្រូវ​ចាប់ខ្លួន​ចំពោះ​ការដឹកនាំ​ការតវ៉ា​ប្រឆាំង​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម