អេ​ឡា កាន់​តែមាន​ប្រជាប្រិយភាព​ជាង​មុន​

365
ចែករម្លែក

​ភ្នំពេញៈ​តារា​សម្តែង​កញ្ញា អេ​ឡា​ ពេលនេះ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ជាង​មុន បើទោះបី ជា​ស្ថានភាព​កូ​វីដ​១៩​នៅ​បន្ត​ប៉ះពាល់​វិស័យ​សិល្បៈក៏ដោយ​។​តារា​រូបនេះ​មាន​ទីផ្សារ​ជាង​មុន​។​

​តារា​ស្រី​រូបនេះ​បាន​លេចមុខ​ជាថ្មី​ក្នុង​តំណែង​តួឯក​ស្រី ប៉ះ​ជាមួយ​តារា​សម្តែង​ប្រុស​ល្បីឈ្មោះ លឹម ជា​ឡាយ ក្នុង​រឿង​ថ្មី “​ស្នាមញញឹម​ចុងក្រោយ​” របស់​ផលិតកម្ម​អិ​ល​ឌី​ដែល​កំពុង​ត្រៀមចេញ​ចាក់​បញ្ចាំង​តាម​រោងកុន​នាពេល​ខាងមុខនេះ​។

​អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​នោះ អេ​ឡា មាន​ទីផ្សារ​សម្តែង​និង​ដើរ​ម៉ូត​ជា​បន្តបន្ទាប់​ខណៈ​នាង ជា​តារា​ស្រី​ដែល​មហាជន​ស្គាល់​នាង​ដំបូង​តាមរយៈ​នាង​ដើរតួ​ខ្មោច​ក្នុង​រឿង “​ថេ​ក​ចុងក្រោយ​”​។

​លោក លៀក លី​ណា អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​អិ​ល​ឌី បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​ឱ្យដឹងថា កញ្ញា អេ​ឡា មួយរយៈ​នេះ​ពិត​ជាមាន​សមត្ថភាពគ្រាន់បើ​ជាង​មុន ហើយ​ចេញ​ថត​បាន​ច្រើន ដូច​ក្នុង​រឿង​ថ្មី “​ស្នាមញញឹម​ចុងក្រោយ​” នេះ​នាងជា​តួឯក​ស្រី​។ សូម​សរសើរ​ចំពោះ​នាង មិន​ថា​ឡើង​រូប​សម្រស់ និង សមត្ថភាព​នាង​បានទាំងអស់ ដែល​ធ្វើឱ្យ​ឲ្យ​ខាង​ផលិតកម្ម​ពេញចិត្ត និង​ចង់​បន្ត​នាង​ជា​តួ​ស្រី​សម្រាប់​រឿង ក្រោយ​ទៀត​។

​សូមបញ្ជាក់ថា កាលពីដើមឆ្នាំ​២០២០ នាង​លេចធ្លោ​ជា​តួ​ខ្មោច​ស្រី​តាម​លងបន្លាច​ឱ្យ​ភ័យ រន្ធត់​ក្នុង​រឿង “​ថេ​ក​ចុងក្រោយ​” របស់​ផលិតកម្ម​អិ​ល​ឌី ។ កញ្ញា “​អេ​ឡា​” មានឈ្មោះ​ពិត​គឺ ប៉ៃ មុន្នី វ៉ាន់​ចាន់​ពិស​ដ្ឋ​។ តារា​ស្រី​រូបនេះ​ក៏​ធ្លាប់​ព័ត៌មាន​មិនទាន់មាន​សង្សារ​ដែល​ធ្វើ​អង្រួន​ចិត្ត​ដល់​អ្នកគាំទ្រ​ជាពិសេស​បុរសៗ​ជាច្រើន​ដែល​ចង់​ស្គាល់​តាម​ស្រឡាញ់​រាប់អាន​នាង​។​

​កញ្ញា អេ​ឡា នាង​បានកើត​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ភ្នំពេញ បច្ចុប្បន្ន​មាន​វ័យ​២៣​ឆ្នាំ​។ នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់​តាំង​ឆ្នាំ​២០១៦​មក ដោយ​ផ្តើមចេញពី​អ្នក​បង្ហាញ​ម៉ូត​។ សម្រាប់​ក្នុង​វិស័យ​ភាពយន្ត​នេះ នាង​ទើបតែ​ចាប់​ឈាន​ជើង​ចូល​សម្តែង​ក្នុង​ឆ្នាំ​២០១៩​ហើយ លេចមុខ​មាត់​ក្នុង​ឆ្នាំ​២០២០​នេះ​តែម្តង​។ រឿង “​ថេ​ក​ចុងក្រោយ​” នេះ​ជា​រឿង​ទី​១​សម្រាប់ នាង​ដែល​បាន​ចូលប្រឡូក ហើយ​រឿង​ទី​១​ថត​ប៉ះចំ​រឿង​ខ្មោច​តែម្តង​។ កន្លងមក​នាង​ធ្លាប់តែ​ថត រឿង​ខ្លីៗ រឿង​បែប​អប់រំ ប៉ុណ្ណោះ ៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម