អ.ស.បថាលីបង់ប្រឈមនឹងមហន្តរាយមនុស្សជាតិ ខណៈពួកមេដឹកនាំប្រទេសនាំគ្នាជជែកដេញដោលពីមូលហេតុបង្កការផ្ទុះនៅកំពង់ផែបៃរូត

166
ចែករម្លែក

ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តកាយកម្ទេចកម្ទីដើម្បីរកមើលអ្នកនៅរស់ពីការផ្ទុះដ៏សាហាវនៅកំពង់ផែបៃរូតនិងខណៈដែលអង្គការសហប្រជាជាតិព្រមានថាប្រទេសលីបង់ប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សជាតិ ពួកមេដឹកនាំប្រទេសបាននាំគ្នាពិភាក្សាពីមូលហេតុបង្កការផ្ទុះនេះ ប៉ុន្តែបានផ្តល់ព័ត៌មានថ្មីតិចតួចបំផុត។

ប្រធានាធិបតីលីបង់លោកមីឆែល អួនកាលពីថ្ងៃសុក្រ (៧ សីហា) បានលើកឡើងនូវទស្សនៈមួយថា “ការជ្រៀតជ្រែកពីខាងក្រៅ” ប្រហែលជាបានដើរតួនៅក្នុងគ្រោះមហន្តរាយកាលពីថ្ងៃអង្គារ។

លោកបាននិយាយថា “មូលហេតុមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ មានលទ្ធភាពនៃការជ្រៀតជ្រែកពីខាងក្រៅតាមរយៈរ៉ុក្កែតឬគ្រាប់បែកឬសកម្មភាពផ្សេងទៀត”។

ប៉ុន្តែលោកនិយាយថា នោះគឺជាផ្នែកមួយនៃការស៊ើបអង្កេតជាច្រើន ហើយលោកមិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការលើកឡើងនេះនោះទេ។

ក្រុមមន្រ្តីលីបង់បានលើកឡើងថា ការផ្ទុះដ៏ខ្លាំង ដែលពង្រាបផ្នែកជាច្រើននៃទីក្រុង សម្លាប់មនុស្សជាង ១៥០ នាក់ និង ធ្វើបាត់បង់ទីលំនៅរបស់មនុស្សរាប់សែននាក់កាលពីថ្ងៃអង្គារ គឺបណ្តាលមកពីការផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាតប្រហែល ២.៧៥០ តោន ដែលផ្ទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែ។

បើនោះជាករណី ពួកគេមិនបានពន្យល់បកស្រាយពីអ្វីដែលធ្វើឱ្យផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាតនោះទេ។

មានការផ្ទុះចំនួន ២ ហើយមានលទ្ធភាពដែលថា ការផ្ទុះតូចទី១បង្កឱ្យមានការផ្ទុះធំទី២ ប៉ុន្តែរដ្ឋាភិបាលមិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនោះឡើយអំពីប្រភពនៃការផ្ទុះទាំងពីរនេះ៕ ដោយ៖ កញ្ញាដាលីស

លីបង់ប្រឈមមហន្តរាយមនុស្សជាតិ ក្រោយការផ្ទុះបានបំផ្លាញកំពង់ផែសំខាន់តែមួយគត់របស់ប្រទេស

ទីតាំងផ្សាយពាណិជ្ជកម្ម