Samsung Galaxy Tab S7+ ជាថេប្លេត Android ល្អដាច់គេនាពេលបច្ចុប្បន្ន

619
ចែករម្លែក

Galaxy Tab S7 + គឺជាឧបករណ៍ថ្មីមួយក្នុងចំណោមឧបករណ៍ថ្មីជាច្រើន ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung Unpacked ផ្សាយតាមវីដេអូកាលពីថ្ងៃទី ៥ ខែសីហា។

វាជាថេប្លេតស៊េរីថ្លៃនៃត្រកូល Samsung Galaxy Tab ដែលជំនួសថេប្លេតលំដាប់ខ្ពស់កាលពីឆ្នាំមុន Tab S6។ ថេប្លេតទំហំ ១២,៤ អ៊ីញនេះក៏មានបងប្អូនបង្កើតតូចជាងនេះដែរគឺ Tab S7 ទំហំ ១១ អ៊ីញ។

ក្រៅពីមានអេក្រង់ធំជាងថេប្លេត S7 ថេប្លេត Tab S7+ ក៏មានថាមពលថ្មធំជាងមុនដែរ (១០.០៩០ មិល្លីអំពែរម៉ោងធៀបនឹង ៨.០០០ មិល្លីអំពែរម៉ោងរបស់ S7)។ វាប្រើឧបករណ៍ចាប់សញ្ញាស្នាមក្រយៅដៃនៅក្នុងអេក្រង់ មិនដូច Tab S7 ដែលមានឧបករណ៍ចាប់សញ្ញាស្នាមក្រយៅដៃនៅលើប៊ូតុងចំហៀងរបស់វា។ Tab S7+ បំពាក់មកជាមួយប្រព័ន្ធ 5G ខណៈបងប្អូនតូចរបស់វាមានតែ 4G (ថេប្លេតទាំងពីរក៏មានប្រភេទសម្រាប់តែ Wi-Fi ផងដែរ)។

តែទោះយ៉ាងណា ថេប្លេត S7 ទាំងពីរមានលក្ខណៈពិសេសដូចតែគ្នាទេ គឺមានស៊ីភីយូប្រភេទ Qualcomm Snapdragon 865 Plus អេក្រង់មានកម្រិតបង្ហាញ ១២០Hz និង Wi-Fi 6។ ថេប្លេតទាំងពីរនេះក៏រួមបញ្ចូលនូវប៊ិក S Pen ប្រសើរជាងមុនផងដែរ។

ជាមួយការរចនាដ៏ឆ្លាតវៃ Tab S7+ មើលទៅស្រដៀងនឹង Tab S6 ទំហំ ១០,៥ អ៊ីញ ជាមួយនឹងតួដែកពណ៌ប្រផេះរលោងនិងមើលទៅមានប្រណីតភាពខ្ពស់។ Tab S7+ ក៏រក្សាទុកនូវឧបករណ៍បំពងសំឡេងដ៏ល្អបំផុតរបស់ថេបមុនៗដែរ។

ខណៈមានទំហំធំជាងថេប្លេតមុនៗ Tab S7+ គឺនៅតែស្តើងនិងស្រាលដដែល ដោយមានកម្រាស់ ៥,៧ មិល្លីម៉ែត្រនិងទម្ងន់ ៥៧៥ ក្រាម។

កាមេរ៉ាមុខឥឡូវនេះស្ថិតនៅកំពូលនៃអេក្រង់ នៅពេលដាក់ថេប្លេតក្នុងទម្រង់រូបថតផ្តេក ដែលល្អសម្រាប់ការធ្វើសន្និសីទតាមវីដេអូព្រោះលោកអ្នកនឹងស្ថិតនៅចំកណ្តាលប្លង់វីដេអូតែម្តង។

នេះក៏មានន័យថា កម្មវិធីសម្គាល់ផ្ទៃមុខនឹងដំណើរការបានល្អផងដែរ ព្រោះដៃរបស់អ្នកនឹងមិនបាំងកាមេរ៉ា ដែលអាចកើតឡើងជាញឹកញាប់ជាពិសេសជាមួយ iPad Pro។

ជាមួយអេក្រង់មានកម្រិតបង្ហាញ ១២០Hz មិនថាវីដេអូលើ YouTube ឬក៏កម្មវិធីមើលភាពយន្ត Netflix ដែលមានកម្រិតវីដេអូច្បាស់ឬហ្គេមវីដេធំៗនោះទេ មាតិកាបង្ហាញលើ Tab S7+ មើលទៅពិតជាគួរឱ្យស្រឡាញ់និងច្បាស់ថ្លាបំផុត។ ហ្គេមក៏ដំណើរការលឿនផងដែរ។ លើសពីនេះទៀត ឧបករណ៍បំពងសំឡេងក៏ផ្តល់ជូននូវសំឡេងស្តេរ៉េអូដ៏ល្អវិសេសជាមួយរូបភាពវីដេអូថ្លាឈ្វេងផងដែរ។

Tab S7+ ច្បាស់ណាស់ជាថេប្លេត Android ល្អបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែជាមួយនឹងតម្លៃចាប់ផ្តើមពី ១.៥៩៨ ដុល្លារ វាមិនមែនជាថេប្លេតថោកនោះទេ។ បើទិញក្តារចុចបន្ថែមទៀត លោកអ្នកនឹងចំណាយខ្ទង់ ២.០០០ ដុល្លារ ថ្លៃជាងកុំព្យូទ័រយូរដៃទៅទៀត។

ប៉ុន្តែប្រសិនបើអ្នកបញ្ជាទិញជាមុននូវ Tab S7+ ឥឡូវនេះមុនពេលវាចេញលក់ផ្លូវការនៅថ្ងៃទី ២១ ខែសីហា លោកអ្នកនឹងអាចទទួលបានក្តារចុចដោយឥតគិតថ្លៃ៕ ដោយ៖ កញ្ញាដាលីស

Tab S7+ ជាថេប្លេតល្អដាច់គេលើទីផ្សារនាពេលបច្ចុប្បន្ន

ទីតាំងផ្សាយពាណិជ្ជកម្ម