មន្ត្រីចារកម្មអាម៉េរិក ៖ រុស្ស៊ីកំពុងប្រឆាំងបាយដិន ចិនកំពុងប្រឆាំងត្រាំ

260
ចែករម្លែក

ព្រមានអំពីការជ្រៀតជ្រែកពីបរទេស ប្រមុខចារកម្មរបស់អាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់អាម៉េរិកជឿថាប្រទេសរុស្ស៊ីកំពុងប្រើវិធានការជាច្រើនដើម្បីបង្អាក់បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បាយដិន នៅមុនការបោះឆ្នោតខែវិច្ឆិកា ហើយថាបុគ្គលដែលជាប់ទាក់ទងនឹងវិមានក្រឹមឡាំងកំពុងជំរុញការប្រឹងប្រែងជាប់ឆ្នោតម្តងទៀតរបស់លោកដូណាល់ ត្រាំ។

ក្រុមមន្ត្រីអាម៉េរិកក៏ជឿដែរថា ចិនមិនចង់ឱ្យលោកត្រាំឈ្នះអាណត្តិទី២ទេ និង កំពុងបង្កើនការរិះគន់របស់ខ្លួនទៅលើសេតវិមាន ពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់គោលនយោបាយសាធារណៈនៅអាម៉េរិក និងដាក់សម្ពាធលើឥស្សរជននយោបាយដែលគេមើលឃើញថាប្រឆាំងនឹងផលប្រយោជន៍របស់របបក្រុងប៉េកាំង។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រទី៧សីហាពីលោកវីលៀម អ៊ីវ៉ានីណា ត្រូវគេជឿថាជាសេចក្តីប្រកាសចង្អុលចំៗបំផុតដោយសហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិកដែលភ្ជាប់វិមានក្រឹមឡាំងទៅនឹងកិច្ចប្រឹងប្រែងដើម្បីឱ្យលោកត្រាំជាប់ឆ្នោត ដែលជាប្រធានបទរសើបសម្រាប់ប្រធានាធិបតីត្រាំដែលបានច្រានចោលការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ថាប្រទេសរុស្ស៊ីបានព្យាយាមជួយគាត់ក្នុងឆ្នាំ ២០១៦។ វាក៏ផ្សារភ្ជាប់នឹងការមិនពេញចិត្តរបស់របបក្រុងមូស្គូចំពោះលោកបាយដិនផងដែរចំពោះតួនាទីរបស់គាត់ជាអនុប្រធានាធិបតីក្នុងការធ្វើគោលនយោបាយរបស់រដ្ឋបាលអូបាម៉ា ដើម្បីគាំទ្រអ៊ុយក្រែនជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក និង ប្រឆាំងនឹងមេដឹកនាំរុស្ស៊ីវ្លាឌីមៀរ ពូទីន។

ពេលគេសួរអំពីការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៅល្ងាចថ្ងៃសុក្រនៅទីក្រុងបេតមីនស្ទើ រដ្ឋញូវជើស៊ី លោកត្រាំហាក់ជំទាស់នឹងគំនិតដែលថារុស្ស៊ីកំពុងប្រឆាំងនឹងលោកបាយដិន។ លោកនិយាយថា “ខ្ញុំគិតថាមនុស្សចុងក្រោយដែលរុស្ស៊ីចង់ឃើញនៅក្នុងតំណែងគឺដូណាល់ ត្រាំ ព្រោះគ្មាននរណាម្នាក់តឹងតែងដាក់រុស្ស៊ីជាងអ្វីដែលខ្ញុំបានធ្វើនោះទេ”។

ប៉ុន្តែប្រធានាធិបតីហាក់យល់ស្របនឹងការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថាចិនមិនចង់ឱ្យគាត់ជាប់ឆ្នោតជាថ្មីទេ។ លោកនិយាយថា “ប្រសិនបើលោកចូ បាយដិន ធ្វើជាប្រធានាធិបតី ចិននឹងធ្វើជាម្ចាស់ប្រទេសរបស់យើង”។

សេចក្តីថ្លែងការណ៍របស់លោកអ៊ីវ៉ានីណា ដែលធ្វើឡើង៣ខែមុនការបោះឆ្នោត កើតឡើងចំពេលមានការរិះគន់ពីប្រធានសភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងសមាជិកសភាបក្សប្រជាធិបតេយ្យផ្សេងទៀតដែលថា សហគមន៍ស៊ើបការណ៍សម្ងាត់បានបិទបាំងព័ត៌មានស៊ើបការណ៍សម្ងាត់ពីសាធារណជនអំពីការគំរាមកំហែងនៃការជ្រៀតជ្រែករបស់បរទេសនៅក្នុងនយោបាយអាម៉េរិក។

ព្រឹទ្ធសមាជិក រីឆាត ប្លូមិនថល សរសេរក្នុងអត្ថបទចុះផ្សាយក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីថ្ងៃសុក្រថា “ការពិតគឺគួរឱ្យបារម្ភ។ ខ្ញុំជឿថាសាធារណជនអាម៉េរិកសមនឹងដឹងព័ត៌មានទាំងនេះ។ ព័ត៌មានគួរតែលាតត្រដាងភ្លាមៗ”៕ ដោយ៖ កញ្ញាដាលីស

ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនឹងធ្វើនៅថ្ងៃទី៣វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម