​គ្រោះថ្នាក់​ចរាចរណ៍​១០០​ថ្ងៃ​៖​ស្លាប់​មនុស្ស ៤១៤ នាក់ និង របួស ១១៧៩​នាក់​

189
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៨ខែសីហា​ថា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ១០០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​បានកើត​ឡើង ៧៧១ លើក​ស្លាប់​មនុស្ស​ចំនួន ៤១៤​នាក់​របួស​ចំនួន ១,១៧៩​នាក់​ក្នុងនោះ​របួសធ្ងន់ ៦៩៥​នាក់​។

​លោក​បន្តថា​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន​៤​លើក​ស្លាប់ ៥​នាក់​របួសធ្ងន់​ចំនួន ១​នាក់​។ បើតាម​របាយការណ៍​បូក សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ៨១៦ នាក់​និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់​,​ខេត្ត កំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣%,​មិន​គោរព​សិទ្ធិ​២៣%,​មិន​ប្រកាន់​ស្គាំ​១៤%, វ៉ា​ជែង ១០% ,​បត់​១០% ,​ស្រវឹង​៦%,​កត្តា​យានយន្ដ​៤%​និង​ងងុយ​១% ។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន ៥៥២ លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤%(២.៤៤៩/៣.២២៧​នាក់​) ៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម