ឃាត់ខ្លួន​មនុស្ស​ប្រាំបួន​នាក់ រឹបអូស​ត្រាក់ទ័រ​ប្រាំបី​គ្រឿង ករណី​ឈូស​រាន​ដីព្រៃ​ល្មើសច្បាប់​

2433
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សមត្ថកិច្ច​រដ្ឋបាល​ព្រៃ ឈើ​ខេត្ត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​មនុស្ស​៩​នាក់ រឹបអូស​ត្រាក់ទ័រ​៨​គ្រឿង និង​ម៉ូតូ​១​គ្រឿង ករណី​ឈូស​រាន​ព្រៃ​ល្មើសច្បាប់​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប លោក​ម៉ុង ប៊ុន​លីម បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​៨​ខែសីហា​នេះ​ថា ប្រតិបត្តិការ​នេះ គឺ​បាន​សហការ​ជាមួយ​អធិការ រដ្ឋា​ន​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​និង​ប៉ូលីស​ប៉ុស្តិ៍​កន្ទួត និង​កម្លាំងយោធា​ភូមិភាគ​៤ ទើប​អាច​ឃាត់​គ្រឿងចក្រ​ខាងលើនេះ​បាន​។ ជនសង្ស័យ​ខាងលើ បាននាំគ្នា​ធ្វើ​សកម្មភាព ឈូសឆាយដី​ព្រៃរបស់រ​ដ្ឋ​ល្មើសច្បាប់ ត្រង់ចំនុច​អូរ​ដា ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្នារ​ក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​។ លោក​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ រឹបអូស​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ចំនួន​៨​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឈូសឆាយ រំលំ​ដើមឈើ និង​ភ្ជួរ​ដីព្រៃ​អស់​ចំនួន​៦,២២៥​ហិកតា​នៅ​ចំណុច​ដូច​បញ្ជាក់​ខាងលើ​។

​លោកនាយ​ខណ្ឌ​បញ្ជាក់ថា ក្រោយពេល​នាំយក​គ្រឿងចក្រ និង​ម៉ូតូ មក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ ជនសង្ស័យ គឺ​បាន​រៀប​សំណុំរឿង​តាមច្បាប់​ស្តីពី​ព្រៃឈើ បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​៨​ខែសីហា​នេះ ចាត់ការ​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម