នឹង​រៀបចំ​ប្រាសាទបាយក្អែក​ឱ្យក្លាយ​ជា​សារមន្ទីរ​

175
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ប្រាសាទបាយក្អែក អោយក្លាយ​ទៅជា​សារមន្ទីរ នេះ​បើ​យោងតាម​ការបញ្ជាក់​ក្នុង​ផេ​ក​ផ្លូវការ របស់​អជ្ញាធរ​អប្សរា ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​៨​ខែសីហា​នេះ​។​

​ប្រាសាទបាយក្អែក មាន​ទីតាំងនៅ​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​មិនសូវមាន​អ្នក​ស្គាល់ ហើយ​ទេសចរ​ភាគច្រើន​ឆ្លងកាត់​ទៅ​ហួស​មក​ហួស​។

​បច្ចុប្បន្ន ប្រាសាទ​នេះ​មាន​ស្ថានភាព​បាក់បែក​ទ្រុឌទ្រោម​នៅសល់តែ​គ្រឹះ ហើយ​មាន​រចនា​សម្ពន្ធ​ប្រាសាទ សម្ភារ ស្លាកស្នាម​នៅសល់​។ ជើង​ទម្រ ព្រះ​សីសៈ​ព្រះ​ពោធិសត្វ​ប្រាជ្ញ​បារមី​តា​រចនាបថ​បា​យ័ន្ត និង​សសរ​ពេជ្រ ដែល​តាម​អ្នកជំនាញ​សន្និដ្ឋានថា ប្រាសាទ​នេះ​សាងសង់ឡើង​នៅ​ចុង​ស​.​វ​.​ទី​១២ តាម​រចនាបថ​បា​យ័ន្ត​។ នៅ​ជុំវិញ​ប្រាសាទ​ជាទី​សក្ការៈ​នេះ សម្បូរ​ទៅដោយ​ទួល​ជាច្រើន​ដែល​មនុស្ស​រស់នៅ ហើយ​ប្រហែលជា​អាចមាន​មនុស្ស​រស់នៅ​មុន​មាន​ប្រាសាទ​ក៏​ថា​បាន​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ប្រាសាទ បាយក្អែក​កាលពី​ថ្ងៃទី​៣ ខែសីហា កន្លងមកនេះ ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​ជាមួយ​អ្នកជំនាញ​ពាក់ព័ន្ធ រួមគ្នា​លើក​តម្លៃ​ប្រាសាទ បាយក្អែក ឱ្យ​ក្លាយជា​សារមន្ទីរ​លម្ហ ដើម្បី​ទាក់ទាញ​ទេសចរ និង​អភិរក្ស​សំណង់​ប្រាសាទ​ឱ្យ​ផុតពី​ហា​នី​ភ័យ​។​

​ក្រុមការងារ​នឹង​ដាំ​ដើមឈើ ដាំ​ស្មៅ ស្តារ​ស្រះ តាំង​បង្ហាញ​ប្រវត្តិ​ប្រាសាទ និង​លទ្ធផល​បាន​ពី​កំណាយ រៀបចំ​ទីតាំង​នេះ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា សម្រាកកាយ និង​ការរៀបចំ​ពិធី​ផ្សេងៗ​ផង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម