រាប់រយ​នាក់​ជួបជុំ​ប្រឆាំងនឹង​ការចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ថៃ​

271
ចែករម្លែក

​បាតុករ​រាប់រយ​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​សីហា បាន​ជួបជុំគ្នា​បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​២​នាក់​នៅក្នុង​ការប៉ុនប៉ង​មួយ​ដើម្បី​បិទ​ខ្ទប់​​ភាពវឹកវរ​នយោបាយ​ដែល​កាន់តែ​កើនឡើង​។​

​បាតុករ​ប្រមាណ​៨០០​នាក់ បាន​ជួបជុំគ្នា​នៅ​ជិត​ផ្សារ​ទំនើប​មួយ​នៅ​កណ្តាល​ក្រុង​បាងកក ដើម្បី​ស្តាប់​ការ​ថ្លែង​ថ្កោលទោស​ការចាប់ខ្លួន​និង​អំពាវនាវ​អោយ​នាយករដ្ឋមន្ត្រី​​ប្រា​យុទ្ធ ចាន​អូ​ចា លាឈប់​ពី​តំណែង​។​

​ភាព​តានតឹង​បាន​កើនឡើង​មួយ​ភ្លែត​បន្ទាប់ពី​ប៉ូលិស​បាន​ចូល​និង​ប្រាប់​ហ្វូង​មនុស្ស​ថា​ពួក​គេ​គ្រាន់តែ​ចូល​មើល​ ហើយបាន​ដកខ្លួន​ចេញ​ទៅ​វិញ​ក្រោម​សម្រែក​ចំអក​និង​ការ​​ស្រែក​អោ​យ​ពួកគេ​ចាកចេញ​។​

​សូមបញ្ជាក់​ថា​ក្រោយ​ការ​ស្ងប់ស្ងាត់មួយ​រយៈ​នៅក្នុង​នយោបាយដ៏​បែកបាក់​របស់​ថៃ កំដៅ​កំពុង​កើនឡើង​ជា​ថ្មី ជាមួយនឹង​រលក​នៃ​ការប្រឆាំង​រដ្ឋាភិបាល​។​មួយចំនួន​ត្រូវ​​បាន​រៀបចំ​ធ្វើឡើង​នៅ​តាម​សាលា​និង​សកល​វិទ្យាល័យ​ក្នុង​ក្រុង​បាងកក​និង​ទីក្រុង​ផ្សេងៗ​។​ការតវ៉ា​ប្រឆាំង​ទាំងនេះ​ឆ្លុះបញ្ចាំង​កំហឹង​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ជាច្រើន​​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​។ អតីត​មេទ័ព​រូបនេះ​បាន​ចូល​កាន់កាប់​អំណាច​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​បន្ទាប់​មក​បន្ត​នៅក្នុង​អំណាច​តាមរយៈ​ការបោះឆ្នោត​​នៅ​ឆ្នាំ​២០១៩​ដែល ត្រូវបាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​បោក​បន្លំ​សំរាប់តែ​ផលប្រយោជន៍​ក្រុម​របស់​លោក​។​

​កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​បាន​ចាប់ខ្លួន​មេធាវី​សិទ្ធិ​ស៊ីវិល​ម្នាក់ និង​ជា​មេដឹកនាំ​លេចធ្លោ​ម្នាក់​នៃ​ចលនា​តវ៉ា​ប្រឆាំង​នេះ​។​លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​ដឹកនាំ​បះបោរ​និង​​មិន​គោរព​ច្បាប់​គ្រាអាសន្ន​ស្តីពី​ការគ្រប់គ្រង​វីរុស​កូរ៉ូណា​។​

​ប៉ូលិស​ក៏​បាន​ចាប់​ខ្លួន​សកម្មជន​ទី​២ ។​អ្នក​ទាំង​២​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍ និង​ត្រូវបាន​ចោទប្រកាន់​។​

​ប៉ូលិស​ព្យាយាម​និយាយ​ទៅកាន់​ហ្វូង​មនុស្ស​នៅ​ការជួបជុំ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​សីហា​នៅ​បាងកក​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏​ទាមទារ​អោយ​រំលាយ​សភា បោះឆ្នោត​ជា​ថ្មី​និង​បញ្ចប់​ការបំភិតបំភ័យ​ពី​ប៉ូលិស ហើ​បាន​អំពាវនាវ​អោយមាន​ការជួបជុំ​តវ៉ា​ដ៏​ធំ​នៅ​ចុង​សប្តាហ៍​ក្រោយ​៕​ប្រែ​សម្រួល​៖​វាសនា​

​បាតុករ​លើក​ដៃ​ជាមួយ​នឹង​ម្រាម​៣ ជា​និមិត្តរូប​នៃ​ការតស៊ូ​ប្រឆាំង​ក្នុងអំឡុង​ការជួបជុំ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​៨​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម