ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​ការប៉ះទង្គិច​នៅ​បៃរូត ដោយសារ​តែ​កំហឹង​ក្រោយ​ការផ្ទុះ​ដ៏​ធំ​

265
ចែករម្លែក

​កងកម្លាំង​សន្តិសុខ​កាលពី​ថ្ងៃ​សៅរ៍ បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​ដែល​ចោល​ដុំថ្ម​នៅ​ក្រុង​បៃរូត(បេរូត) ប្រទេស​លី​បង់​ ហើយ​បាតុករ​មួយ​ក្រុម​បាន​​សំរុកចូល​ក្រសួងការបរទេស​ចំ​ពេល​ផ្ទុះ​កំហឹង​ដោយសារតែ​ការផ្ទុះ​សារធាតុ​គីមី​ដ៏​ខ្លាំង​នៅ​សប្តាហ៍​នេះ ដែល​បាន​បំផ្លាញ​ភាគច្រើន​នៃ​ទីក្រុង​និង​សម្លាប់​មនុស្ស​ជិត​១៦០​នាក់ ហើយ​ជិត​៦.០០០​នាក់​របួស​ឬ​បាត់​ខ្លួន​។​

​ការផ្ទុះ​បង្កឡើង​ដោយ​សារធាតុ​អា​ម៉ូ​ញាក់​នីត្រាត​រាប់ពាន់​តោន ដែល​ត្រូវ​គេ​ស្តុក​ទុក​នៅ​កំពង់ផែ​របស់​ទីក្រុង​អស់​ពេល​ជាង​៦​ឆ្នាំ​។​ទំនង​ជា​បង្កឡើង​ដោយ​ភ្លើង ការផ្ទុះ​នេះ​​ចាត់ទុក​ថា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លី​បង់ និង​បង្ក​ការខូចខាត​ប្រមាណ​១០​ទៅ​១៥​ពាន់​លាន​ដុល្លារ​។​វា​បាន​បំផ្លាញ​អាគារ​ប្រមាណ​៦.២០០​និង​បណ្តាលអោយ​មនុស្ស​ប្រ​​មាណ​៣​សែន​នាក់​គ្មាន​ទីជម្រក​។​

​គ្រោះ​មហន្តរាយ​នេះ​ជំរុញ​កំហឹង​សាធារណជន​អោយ​ឡើង​ដល់​កំរិត​ថ្មី​មួយ​នៅក្នុង​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជិត​ដួលរលំ​ស្រាប់​។​

​បដា​មួយ​កាន់​ដោយ​បាតុករ​សរសេរថា «​លាឈប់ ឬ អោយ​គេ​ព្យួរក​» នៅពេល​ខ្សែព្យួ​រកជា​និម្មិតរូប​ត្រូវបាន​ចង​ទម្លាក់​នៅ​ស្ពាន​ខាងក្រៅ​កំពង់ផែ​។​

​នៅ​កណ្តាល​ក្រុង​បៃរូត អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​បាន​ចោល​ដុំ​ថ្ម​ដាក់​ប៉ូលិស ដែល​បាន​ឆ្លើយតប​ជាមួយ​នឹង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​។​ពួក​បាតុករ​បាន​បិទ​ផ្លូវ​ទៅ​កាន់​សភា និង​បាន​ដុត​​រថយន្ត​មួយ​។​

​យ៉ាងហោច​ណាស់​មនុស្ស​១៤២​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​។​

​អ្នក​ប្រឆាំង​តវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុងអំឡុង​ការប្រឆាំង​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី ហាស​សាន់ ឌី​អាប បាន​និយាយ​តាម​ទូរទស្សន៍​ថា​ដំណោះស្រាយ​មាន​តែ​ធ្វើ​ការបោះឆ្នោត​មុន​កាលកំណត់​។​លោក​បាន​អំពាវនាវ​​អោយ​គ្រប់​គណបក្ស​នយោបាយ​ដាក់​ការខ្វែងគំនិត​គ្នា​ទៅ​មួយ​ឡែក​និង​ថា​លោក​ត្រៀម​ខ្លួន​នៅក្នុង​អំណាច​២​ខែ​ទៀត​ដើម្បី​ទុក​ពេល​អោយ​ពួក​អ្នកនយោបាយ​ធ្វើ​កំណែ​​ទំរង់​រចនា​សម្ពន្ធ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម