កូ​វីដ ១៩ នៅ កម្ពុជា ៖ ថ្ងៃ ០៩ សីហា ជាសះស្បើយ ០២ នាក់ ឆ្លង​ថ្មី ០២ នាក់​

167
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ ០២ នាក់ ក្នុងនោះ​ស្ត្រីជន​ជាតិខ្មែរ ០១ ស្ថិតនៅក្នុង​ក្រុម​មួក​ខៀវ ( កងកម្លាំង​អង្គការសហប្រជាជាតិ ) ត្រូវ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជ័យជម្នះ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ចំណែក ០១ នាក់​ទៀត ជា​ស្ត្រី​ជនជាតិ កាណាដា គឺជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស ប៊ូ​បេ​គី​ស្ថាន ឆ្លងកាត់​ទីក្រុង ឌុយ​បៃ បន្ត​ជើងហោះហើរ​នៅ កូរ៉េ ខាងត្បូង មកដល់ កម្ពុជា កាលពី​ថ្ងៃទី ០៧ ខែ សីហា នេះ ដែល​ក្នុង​ជើងហោះហើរ​នោះ មាន​មនុស្ស ៩៤ នាក់ រួម​ដំណើរ ។ ចំពោះ​ស្ត្រី​រូបនេះ ត្រូវ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំណែក​អ្នក​ដទៃទៀត​ដែល​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវ​បានដាក់​ឱ្យនៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​


២. អ្នក​ឆ្លង​សរុប ( គិត​ទាំង​អ្នកជា​សះស្បើយ​ផង ) ៖ ២៤៨ នាក់ ក្នុងនោះ ស្ត្រី ៤៩ នាក់​បុរស ១៩៩ នាក់


៣. អ្នកជា​សះស្បើយ​ថ្មី ៖ ០២ នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ២៩ និង ៣០ ឆ្នាំ មាន​អាសយដ្ឋាន​នៅ ខេត្ត កំពង់ចាម និង ខេត្ត រតនគិរី គឺជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស ប៉ា​គី​ស្ថាន ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ចាក​ពី​មណ្ឌល​សុខភាព ចាក់អង្រែ ក្នុង​រាជធានី ភ្នំពេញ ។​


៤. អ្នកជា​សះស្បើយ​សរុប ( គិច​ចាប់ពី​ខែ មករា ) ៖ ២១៧ នាក់ ស្មើនឹង ៨៧ , ៥០ ភាគរយ ក្នុងនោះ​ស្ត្រី ៤៦ នាក់ បុរស ១៧១ នាក់ ។​


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ នៅ​មន្ទីរពេទ្យ​រដ្ឋ ៣១ នាក់ ក្នុងនោះ នៅ​មណ្ឌល​សុខភាព ចាក់អង្រែ រាជធានី ភ្នំពេញ ២៦ នាក់ ( បុរស ) មន្ទីរពេទ្យបង្អែក ខេត្ត កំពង់ស្ពឺ ០២ នាក់ ( បុរស ) ស្ត្រីជន​ជាតិខ្មែរ ០១ នៅ​មន្ទីរពេទ្យ ជ័យជម្នះ ខេត្ត កណ្តាល និង ស្ត្រី​ជនជាតិ កា​ហ្សា​ក់ស្ត​ង់ ០១ នាក់ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ត្រូវបាន​ប្តូរ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ។​


​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា យើង​មិនត្រូវ​មើលរំលង​លទ្ធភាព នៃ ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ឡើយ ។ ដូច្នេះហើយ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច កុំ​ភ្លេចខ្លួន និង សូមកុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ ។


​ជា​បន្តបន្ទាប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ឱ្យ​សាធារណជន​បន្ត​ការប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​អ្វីដែល​ក្រសួងសុខាភិបាល​ហៅថា រស់នៅ “ តាមបែប​ធម្មតា ក្នុង​គន្លង​ថ្មី “ ដូចជា​លាងដៃ​ដោយ​អាល់កុល ជែ​ល និង សាប៊ូ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) និង នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ចាប់ពី ១ ម៉ែត្រ​កន្លះ ជាដើម ព្រោះ​ប្រទេស​កម្ពុជា ពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ ហើយ​ថា ប្រសិនបើ​សាធារណជន កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស​នោះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​ពេលនោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែ កម្ពុជា បាន​ពើប​នាពេល​កន្លងមកនេះ ។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ក៏ដូចជា​ស្ថាប័ន និង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ម​មណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ខិតខំ​បំពេញការងារ​នា​គ្រាកន្លងមក ហើយ​ថា​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ស្ថានភាព​ទូទៅ នៃ ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ៕ Kh

ថ្ងៃនេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ០២ នាក់ នៃ ជំងឺ​កូ​វីដ ១៩ និង មាន​អ្នកជា​សះស្បើយ ០២ នាក់ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម