សមាជិកគ្រួសារ​ស៊ីណា​វ៉ា​ត់​ម្នាក់ទៀត​ទំនង​នឹង​មក​ដឹកនាំ​បក្ស​ភឿ​ថៃ​

1338
ចែករម្លែក

សមាជិក​ម្នាក់ទៀត​មក​ពី​គ្រួសារ​ត្រកូល​ថាក់ស៊ីន​អាច​នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ភឿ​ថៃ និង​ជា​បេក្ខជន​គណបក្ស​សម្រាប់ធ្វើ​ជានា​យក​រដ្ឋមន្ត្រី​បន្ទាប់​។

លោកស្រី ម៉ុ​ន​ថា​ធីប កូ​វីត​ចា​រឿន​គុល (Monthathip Kovitcharoenkul) អ្នកជំនួញ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ និង​ជា​ប្អូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន និង បងស្រី​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​។ លោកស្រី​គឺជា​កូន​ទី ៨ នៃ​បងប្អូន​ត្រកូល​ថាក់ស៊ីន ១០ នាក់ ជាមួយ​លោក​ថាក់ស៊ីន​ជា​បងប្រុស​ច្បង​ទី​ពីរ និង​យី​ង​ឡាក់ ជា​ប្អូនស្រី​ពៅ​។

ដោយ​ពី​មុនគេ​ស្គាល់​ថា យ៉ៅ​វ៉ា​ម៉ាន់ ស៊ីណា​វ៉ា​ត់ (Yaowaman Shinawatra) លោកស្រី ម៉ុ​ន​ថា​ធីប បាន​រៀបការ​ជាមួយ​គ្រូពេទ្យ​សម្ភព គឺ​លោក​វេជ្ជបណ្ឌិត សំចៃ កូ​វីត​ចា​រឿន​គុល ។ ពួកគេ​មានកូន​ពីរ​នាក់​។

មុននេះ លោកស្រី​យី​ង​ឡាក់​បាន​ច្រានចោល​ការរំពឹងទុក​ថា លោកស្រី​ម៉ុ​ន​ថា​ធីប អាយុ ៥៨ ឆ្នាំ នឹង​ក្លាយជា​មេដឹកនាំ​បក្ស​ភឿ​ថៃ​បន្ទាប់ ដោយ​និយាយថា បងស្រី​គាត់​មិន​ចាប់អារម្មណ៍​រឿង​នយោបាយ​ទេ​។

យោងតាម​អតីត​នាយករដ្ឋមន្ត្រី​ដែល​គេ​បណ្តេញ​ពី​តំណែង​នេះ អ្នកនយោបាយ​ជើងចាស់ លោក ឃុន​យី​ង ស៊ូ​ដា​រ៉ាត់ កេ​យូ​រ៉ា​ផាន់ (Khunying Sudarat Keyuraphan) ទំនង​នឹង​មក​ដឹកនាំ​បក្ស​ភឿ​ថៃ​។

​លោកស្រី​យី​ង​ឡាក់​ខ្លួនឯង​ផ្ទាល់​ធ្លាប់បាន​បដិសេធ ការ​ក្លាយជា​បេ​ក្ខ​នារី​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស នៅមុន​ការបោះឆ្នោត​ឆ្នាំ ២០១១ ដែល​ទីបំផុត​គាត់​បាន​ដឹកនាំ​រដ្ឋាភិបាល ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ បន្ទាប់ពី​ជាប់​ជា​សមាជិក​រដ្ឋសភា​ជា​លើកដំបូង​ក្នុង​ជីវិត​។

លោកស្រី​ម៉ុ​ន​ថា​ធីប ដែលមាន​សញ្ញាបត្រ​គ្រប់គ្រង​អាជីវកម្ម និង​រដ្ឋបាល​សាធារណៈ មុននេះ​បាន​ដឹកនាំ​ក្រុមហ៊ុន M Link Asia Corporation ដែលជា​ក្រុមហ៊ុន​មួយ​ចុះបញ្ជី​លើ​ផ្សារភាគហ៊ុន​ថៃ ដែល​លោកស្រី​ជា​សហ​ស្ថាបនិក​ក្នុង​ឆ្នាំ ១៩៩៥​។ ក្រុមហ៊ុន​នេះ​ត្រូវគេ​ស្គាល់​ថា​ជា​ឈ្មួញ​ខាង​ទូរស័ព្ទ​ដ៏​ធំ​របស់​ថៃ ដោយ​ចាប់​ដៃគូ​ជាមួយ​បណ្តាញទូរស័ព្ទ​របស់​គ្រួសារ គឺ​ក្រុមហ៊ុន Advanced Info Service (AIS)​។​

ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន M Link ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា ក្រុមហ៊ុន Ferrum Plc ដែល​ក្នុងនោះ សមាជិក​ខ្លះ​មកពី​គ្រួសារ​ស៊ីណា​វ៉ា​ត់ នៅ​កាន់​ភាគហ៊ុន​សំខាន់ៗ​។

​មួយឆ្នាំ មុន​នោះ គឺ​នៅ​ខែឧសភា ឆ្នាំ ២០១៤ លោកស្រី​ម៉ុ​ន​ថា​ធីប និង ប្តី បាន​រង​ការផាកពិន័យ ៩,៦ ពាន់​លាន​បាត ដោយ​គណៈកម្មការ​ផ្សារ​ហ៊ុន ចំពោះ​ការជួញដូរ​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន M Link​។​

​លោកស្រី​ម៉ុ​ន​ថា​ធីប ទំនង​នឹង​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​បក្ស​ភឿ​ថៃ ខណៈដែល​លោកស្រី​យី​ង​ឡាក់​ទំនង​ត្រូវបាន​ដកហូត​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ប្រសិនបើ​ត្រូវបាន​រកឃើញ​ទោសកំហុស ក្នុងករណី ដែល​កើតចេញពី​គម្រោង​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី​។ ករណី​លោកស្រី​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​នៃ​តុលាការ​កំពូល​៕ ​ដោយ ៖កញ្ញាដាលីស

លោកស្រី ម៉ុ​ន​ថា​ធីប កូ​វីត​ចា​រឿន​គុល

ទីតាំងផ្សាយពាណិជ្ជកម្ម