ម្ចាស់ជំនួយលើពិភពលោកទាមទារឱ្យមានកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច មុនពេលផ្តល់លុយកសាងទីក្រុងបៃរូតឡើងវិញ

235
ចែករម្លែក

ពួកមេដឹកនាំពិភពលោកនិងអង្គការអន្តរជាតិនានាបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់ជិត ៣០០ លានដុល្លារដល់ទីក្រុងបៃរូតបន្ទាប់ពីមានការផ្ទុះដ៏សាហាវ ប៉ុន្តែបានព្រមានកាលពីថ្ងៃអាទិត្យទី៩សីហាថាថវិកាសម្រាប់ការកសាងរដ្ឋធានីឡើងវិញនឹងមិនអាចរកបានឡើយដរាបណាអាជ្ញាធរលីបង់ប្តេជ្ញាចិត្តចំពោះកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចដែលទាមទារដោយប្រជាជន។

ម្ចាស់ជំនួយជាង ៣០ ដែលចូលរួមនៅក្នុងសន្និសីទអន្តរជាតិបានផ្តល់ជំនួយសម្រាប់ការស៊ើបអង្កេតដែលអាចជឿទុកចិត្តបាននិងឯករាជ្យលើការផ្ទុះកាលពីថ្ងៃទី ៤ ខែសីហា ដែលជាការទាមទារដ៏សំខាន់មួយរបស់ប្រជាជនលីបង់ ដែលដើរតវ៉ាតាមផ្លូវកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

នៅទីក្រុងបៃរូត រដ្ឋមន្រ្តីនៃខុទ្ទកាល័យលីបង់ ២ រូបរួមទាំងជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រី បានលាលែងពីតំណែងចំពេលមានសញ្ញាបង្ហាញថារដ្ឋាភិបាលអាចនឹងប្រឈមមុខបកស្រាយនៅក្រោយការផ្ទុះដ៏សាហាវដែលបានហែកហួររដ្ឋធានី។ ការផ្ទុះនេះបានសម្លាប់មនុស្ស ១៦០ នាក់និងរបួស ៦.០០០ នាក់ ដែលបង្កើនកំហឹងសាធារណៈដល់កម្រិតថ្មីមួយទៀត។

ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ម៉ាណាល់ អាប់ឌែលសាម៉ាត ដែលក្នុងនោះលោកស្រីបានលើកឡើងពីការខកខានមិនបានបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជននិងការផ្ទុះឡើងកាលពីសប្តាហ៍មុន គឺធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនថា រដ្ឋមន្រ្តីផ្សេងទៀតនឹងលាលែងផងដែរ។

កាលពីយប់ថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក ដេម៉ានីអូ ខាត់ធឺ បានលាលែងពីតំណែង ដោយហៅប្រព័ន្ធគ្រប់គ្រងថា “ទន់ខ្សោយនិងឥតប្រយោជន៍”។

លោកបានលាឈប់ពីតំណែងបើទោះជាមានកិច្ចប្រជុំបិទទ្វាររហូតដល់ពេលល្ងាចនិងការហៅតាមទូរស័ព្ទយ៉ាងមមាញឹករវាងនាយករដ្ឋមន្រ្តីហាសាន់ឌាបនិងរដ្ឋមន្រ្តីជាច្រើនរូបបន្ទាប់ពីការប្រកាសលាលែងរបស់លោកដេម៉ានីអូ ខាត់ធឺ។ ជម្លោះនយោបាយនេះទំនងជានឹងនាំឱ្យមានការលាលែងបន្ថែមទៀត ហើយការប្រជុំគណៈរដ្ឋមន្រ្តីគ្រោងនឹងធ្វើនៅថ្ងៃចន្ទទី១០សីហានេះ។

ប្រសិនបើរដ្ឋមន្រ្តី ៧ រូបក្នុងចំណោម ២០ រូបលាឈប់ពីតំណែង នោះគណៈរដ្ឋមន្រ្តីនឹងត្រូវចុះចេញពីតំណែងជាធរមានក្នុងនាមជារដ្ឋាភិបាលចាំផ្ទះ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម