ករណីឆ្លងកូវីដ១៩នៅសហរដ្ឋអាម៉េរិកកើនឡើងដល់ ៥ លាន ខណៈត្រាំរងការរិះគន់ជុំវិញកញ្ចប់ថវិកាសង្គ្រោះ

168
ចែករម្លែក

សហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យទី៩សីហា បានឈានដល់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រមិនធម្មតានៃករណីឆ្លងកូវីដរហូតដល់ ៥ លាន ដោយលោកប្រធានាធិបតីដូណាល់ ត្រាំ រងការចោទប្រកាន់ថាមើលងាយរដ្ឋធម្មនុញ្ញ ដោយបន្ថែមកញ្ចប់ជំនួយសង្គ្រោះកូវីដជាឯកតោភាគី។

សហរដ្ឋអាម៉េរិកបានរងការវាយប្រហារធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ ដោយមានអ្នកស្លាប់ជាង ១៦២.០០០ នាក់ ខ្ពស់ជាងប្រទេសណាៗទាំងអស់ ខណៈប្រេស៊ីលកាលពីថ្ងៃសៅរ៍បានក្លាយជាប្រទេសទី ២ ដែលមានអ្នកស្លាប់ ១០០.០០០ នាក់។

ចំនួនអ្នកស្លាប់លើសកលលោកគឺមានយ៉ាងហោចណាស់ ៧២៧.២៨៨ នាក់ ចាប់តាំងពីវីរុសនេះបានលេចឡើងនៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំមុន។

ជិត ២០ លានករណីត្រូវបានចុះបញ្ជីទូទាំងពិភពលោក ដែលនេះប្រហែលជា ឆ្លុះបញ្ចាំងពីចំនួនតិចតួចនៃចំនួនឆ្លងពិតប្រាកដប៉ុណ្ណោះ។

ដូចប្រទេសភាគច្រើននៅជុំវិញពិភពលោកដែរ ប្រទេសម៉ាឡាវីដ៏តូចនៅទ្វីបអាហ្វ្រិក កាលពីថ្ងៃអាទិត្យបានដាក់ចេញវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺរាតត្បាត ដោយបិទបារនិងព្រះវិហារទាំងអស់ ខណៈអាកាសធាតុក្តៅចុងសប្តាហ៍បានទាក់ទាញ ហ្វូងមនុស្សនៅអឺរ៉ុបទៅកាន់តំបន់ឆ្នេរខ្សាច់។

នៅឯទីក្រុងវ៉ាស៊ីនតោន កញ្ចប់ជំនួយសង្គ្រោះវីរុសកូរ៉ូណាដែលប្រកាសដោយ លោកត្រាំកាលពីថ្ងៃសៅរ៍បន្ទាប់ពីកិច្ចពិភាក្សារវាងសមាជិកសភាគណបក្សសាធារណរដ្ឋនិងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានជាប់គាំង គឺ “មិនមាន លក្ខណៈស្របច្បាប់ទេ” នេះយោងតាមប្រធានសភារបស់បក្សប្រជាធិបតេយ្យ លោកស្រីណាន់ ប៉េឡូស៊ី ប្រាប់ទៅ CNN។

សមាជិកសភាបក្សប្រជាធិបតេយ្យនិងជាមេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា លោក ឆាក់ ស៊ូមឺ ដែលបង្ហាញមុខនៅលើវិទ្យុ ABC បានច្រានចោលវិធានការឯកតោភាគី របស់លោកត្រាំថា “មិនអាចដំណើរការបាន ខ្សោយ និង តូចចង្អៀតពេកណាស់”។

ប៉ុន្តែជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសកំពុងតស៊ូងើបចេញពីការធ្លាក់ចុះដុនដាប ក្រុមប្រជាធិបតេយ្យហាក់មានការបារម្ភចំពោះបញ្ហាប្រឈមផ្នែកច្បាប់ចំពោះកញ្ចប់ ជំនួយដែលពួកគេមើលឃើញថាមិនគ្រប់គ្រាន់។

បទបញ្ជាប្រតិបត្តិទាំងបួនដែលលោកត្រាំបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍នៅឯក្លឹប វាយកូនហ្គោលរបស់គាត់នៅទីក្រុងបេតមីនស្ទើ រដ្ឋញូវជើស៊ី នឹងមិនយកពន្ធលើ ប្រាក់បៀវត្សរ៍ និងផ្តល់អត្ថប្រយោជន៍គ្រាអត់ការងារធ្វើបណ្តោះអាសន្ន មួយចំនួនទៀត។

លោកប្រធានាធិបតីត្រូវគេមើលឃើញថាមានឆន្ទៈចង់បង្ហាញពីសកម្មភាពរបស់គាត់នៅមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ដែលអាចនឹងឃើញខ្លួនគាត់ត្រូវខ្ទាតចេញពី តំណែង ទន្ទឹមការស្ទង់មតិបង្ហាញថាអ្នកបោះឆ្នោតភាគច្រើនមិនពេញចិត្តនឹង ការដោះស្រាយវិបត្តិរបស់គាត់នោះទេ៕ ដោយ៖ កញ្ញាដាលីស/Ha

ករណីឆ្លងកូវីដកើនដល់ ៥ លាននាក់នៅសហរដ្ឋអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម