កូ​វីដ ១៩ នៅកម្ពុជា ៖ ថ្ងៃ ១០ សីហា ជាសះស្បើយ២ នាក់ ឆ្លង​ថ្មី ៣ នាក់​

135
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅកម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ ៣ នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ០១ និង ២៦ ឆ្នាំ ២ នាក់ មាន​អាសយដ្ឋាន​នៅ​ខេត្ត ត្បូងឃ្មុំ គឺជា​អ្នក​បានធ្វើ​ដំណើរ​មកពី​ប្រទេស ឥណ្ឌូណេស៊ី បានមក​ដល់ កម្ពុជា កាលពី​ថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅ ដែល​ត្រូវបាន​បញ្ជូន​ឱ្យទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ការរកឃើញ​វីរុស​កូ​វីដ ១៩ នេះ គឺ​នៅ​ថ្ងៃទី ១៣ នៃ ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់ ហើយ​ពេលនេះ ត្រូវ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នរោត្តម សីហនុ ខេត្តត្បូងឃ្មុំ ។​


២. អ្នក​ឆ្លង​សរុប ( គិត​ទាំង​អ្នកជា​សះស្បើយ​ផង ) ៖ ២៥១ នាក់ ក្នុងនោះ ស្ត្រី ៤៩ នាក់​បុរស ២០២ នាក់


៣. អ្នកជា​សះស្បើយ​ថ្មី ៖ ២ នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ២៨ និង ៣២ ឆ្នាំ មាន​អាសយដ្ឋាន​នៅ ភ្នំពេញ និង បាត់ដំបង គឺជា​អ្នក​បានធ្វើ​ដំណើរ​មកពី​ប្រទេស រុស្ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស ម៉ាឡេស៊ី ហើយ​ពេលនេះ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព ចាក់អង្រែ ក្នុង​រាជធានី ភ្នំពេញ ។​


៤. អ្នកជា​សះស្បើយ​សរុប ( គិច​ចាប់ពី​ខែ មករា ) ៖ ២១៩ នាក់ ស្មើនឹង ៨៧ , ២៧ ភាគរយ ក្នុងនោះ​ស្ត្រី ៤៦ នាក់ បុរស ១៧៣ នាក់ ។​


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ នៅ​មន្ទីរពេទ្យ​រដ្ឋ ៣២ នាក់ ក្នុងនោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ២ នាក់ ( ស្ត្រីជន​ជាតិខ្មែរ មួក​ខៀវ ១នាក់ និង ស្ត្រី​ជនជាតិ កា​ណាដ ១ នាក់ ប្តូរ​មកពី​មន្ទីរពេទ្យ ជ័យជម្នះ ខេត្តកណ្តាល កាលពី​ថ្ងៃទី ០៩ ខែ សីហា នេះ ) , នៅ​មណ្ឌល​សុខភាព ចាក់អង្រែ រាជធានី ភ្នំពេញ ២៤ នាក់ ( បុរស ) មន្ទីរពេទ្យបង្អែក ខេត្ត កំពង់ស្ពឺ ២ នាក់ ( បុរស ) និង ស្ត្រី​ជនជាតិកា​ហ្សា​ក់ស្ត​ង់ ១ នាក់ ត្រូវបាន​ប្តូរ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ ។​


​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា យើង​មិនត្រូវ​មើលរំលង​លទ្ធភាព នៃ ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ឡើយ ។ ដូច្នេះហើយ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច កុំ​ភ្លេចខ្លួន និង សូមកុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ ។


​ជា​បន្តបន្ទាប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ឱ្យ​សាធារណជន​បន្ត​ការប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​អ្វីដែល​ក្រសួងសុខាភិបាល​ហៅថា រស់នៅ “ តាមបែប​ធម្មតា ក្នុង​គន្លង​ថ្មី “ ដូចជា​លាងដៃ​ដោយ​អាល់កុល ជែ​ល និង សាប៊ូ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) និង នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ចាប់ពី ១ ម៉ែត្រ​កន្លះ ជាដើម ព្រោះ​ប្រទេស​កម្ពុជា ពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ ហើយ​ថា ប្រសិនបើ​សាធារណជន កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស​នោះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​ពេលនោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែ កម្ពុជា បាន​ពើប​នាពេល​កន្លងមកនេះ ។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ក៏ដូចជា​ស្ថាប័ន និង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ម​មណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​សហរដ្ឋអាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ខិតខំ​បំពេញការងារ​នា​គ្រាកន្លងមក ហើយ​ថា​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ស្ថានភាព​ទូទៅ នៃ ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ៕ Kh/Ha

ថ្ងៃនេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី ០៣ នាក់ នៃ ជំងឺ​កូ​វីដ ១៩ និង មាន​អ្នកជា​សះស្បើយ ០២ នាក់ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម