មន្ត្រី​ប៉េអឹម​ម្នាក់​បាញ់កាំភ្លើង​ឡើងលើ​ជាង​២០​គ្រាប់ ផ្អើល​ក្រុង​សៀមរាប​

517
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: មន្ត្រី​ប៉េអឹម​ផ្នែក​អន្តរាគមន៍​ម្នាក់ បាន​ទាញ​កាំភ្លើង​ AK​បាញ់​ឡើងលើ​មេឃ​អស់​ជាង​២០​គ្រាប់ កណ្តាល​ក្រុង​សៀមរាប បង្ក​ការភិតភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​។ ពេល​បាញ់​ហើយ ​ជនបង្កក៏​មិនបាន​រត់​ទៅណា​ដែរ​។​

​ករណី​បាញ់បោះ​សេរី បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នា​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​បើតាម​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​លួច​បង្ហើប​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ ថា ជនបង្ក​មានឈ្មោះ ស៊ុន ឌី​ណាត មាន​ឋានៈ​ជា​នាយចំណង់ ដែលជា​មន្ត្រី​ប៉េអឹម​ផ្នែក​អន្តរាគមន៍​ម្នាក់ និង​ជា​គ្រូ​ហ្វឹកហ្វឺន​ផ្នែក​ការពារ​បាតុកម្ម បាន​បាញ់​ដោយ​កាំភ្លើង អាកា​៤៧(AK47) អស់​ប្រមាណ​ជាង​២០​គ្រាប់​។ ប្រភព​បន្តថា មន្ត្រី​ខាងលើ​មានការ​អាក់អន់ចិត្ត​ដោយសារ​ថ្នាក់លើ​មិនសូវ​ខ្វាយខ្វល់​ជាមួយ​គាត់ ដោយ​ពេលខ្លះ​ពួកគាត់​ឈឺ​ក៏​គ្មាន​នរណា​មក​មើល ជាដើម​…​។ មន្ត្រី​អាវុធហត្ថ​ខាងលើ គឺ​ត្រូវបាន​ថ្នាក់លើ​បញ្ជូន​មកពី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យមក​ជួយ​កិច្ចការ​អន្តរាគមន៍ ក្នុង​ខេត្តសៀមរាប​។​

​រីឯ​លោក​អនុសេនីយ៍ត្រី អៀង សំអាង ជំនួយការ​អន្តរាគមន៍ នៃ​អាវុធហត្ថ​ខេត្តសៀមរាប បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ករណីនេះ​លោក​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ ដោយសារ​លោក​បាន​សុំច្បាប់​សម្រាក​១​សប្តាហ៍​។ បើ​ចង់ដឹង​ច្បាស់​ទាល់តែ​សួរ​មេបញ្ជាការ ទើប​ដឹង​ច្បាស់​។​

​ជុំវិញ​ករណី​នេះដែរ ក្រុមអ្នកកាសែត​ខេត្តសៀមរាប បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ តែ​មិនអាច​ទាក់ទង​បាន​។​

​ចំណែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខ្លះ​លើកឡើងថា ករណីនេះ​ពួកគាត់​មិន​លូកដៃ​ទេ ដោយសារ​ជា​កងកម្លាំង​ដូចគ្នា​។ រីឯពលរដ្ឋ​ក្នុង​ក្រុង និង​ភ្ញៀវ​ទេសចរដែល​កំពុង​ដើរ​កម្សាន្ត​នៅ​ម្តុំ​ព្រះអង្គ​ចេក ព្រះអង្គ​ចម បាន​សម្តែង​ការភ័យខ្លាច​យ៉ាងខ្លាំង បន្ទាប់ពី​ឮស្នូរ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​បាន​ផ្ទុះឡើងនៅ​កណ្តាល​ក្រុង​សៀមរាប​។​

​តាម​ប្រភព​បានឱ្យដឹង​ទៀតថា ករណី​បាញ់បោះ​សេរី​នៅក្នុង​បរិវេណ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ ត្រូវបាន​ខាង​ការិយាល័យ​បុគ្គលិក នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ហៅ​ជនបង្ក​បាញ់បោះខាងលើ យកមក​សួរនាំ​រួចហើយ តែ​ចំណាត់​ការបន្ត​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម