នារី​រូប​ស្រស់​បើក​រថយន្តបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក រួច​ព្យាយាម​បើក​រត់​ធ្លាក់ចូល​ទឹក​ប្រឡាយ​

225
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​បើក​រ៉ឺម៉ក​តាមផ្លូវ ត្រូវបាន​នារី​រូប​ស្រស់​ម្នាក់​រួម​ដំណើរ​នឹង​រី​ម្នាក់ទៀត បើករថយន្ត​តូ​យូ៉​តា​ព្រូស​មួយគ្រឿង ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពេញទំហឹង ហើយ​ព្យាយាម​បើករថយន្ត​រត់​ជិត​មួយ​គីឡូម៉ែត្រ រេ​ចង្កូត​ធ្លាក់ចូល​ទឹក​ប្រឡាយ​ទៅមុខ​លែងរួច​។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលាម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃអាទិត្យ ទី​៩ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​ផ្លូវ​រថភ្លើង ក្បែរ​នឹង​បូរី​ឈូក​វ៉ា​២ ក្នុងភូមិ​ការកាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​នារី​រូប​ស្រស់​ម្នាក់​រួម​ដំណើរ​និង​នារី​ម្នាក់ទៀត បើករថយន្ត​ម៉ាក​តូ​យូ​៉តា​ព្រូស ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AI 9144 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ាកវ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត​ចំ​រ៉ឺម៉ក​ដែល​ចាប់​ជាប់​នឹង​ចំហៀង​ម៉ូតូ​ពេញទំហឹង បណ្តាល​រឺ​ម៉ក​បាក់​ខ្ទេចខ្ទី និង​ម្ចាស់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ជិត​មួយ​គីឡូម៉ែត្រ ក៏​ធ្លាក់​ចូលក្នុង​ទឹក​ប្រឡាយ​ទៅមុខ លែងរួច​និង​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​យ៉ាងដំណំ​។ ភ្លាមនោះ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ ក៏បាន​នាំគ្នា​ឃាត់​អ្នកបើកបរ​និង​អ្នករួមដំណើរ​ប្រគល់ជូន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ភ្លាម​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​នារី​ទាំងពីរ​នាក់មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ទុក​ប្រគល់ជូន​ជំនាញ​បន្ត​តាម​និតិ​វិធី​។ ចំណែក​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម