អ្នកជំនាញព្រមានថា សហរដ្ឋអាម៉េរិកនិងក្រុមហ៊ុន Apple អាចនឹងចាញ់ក្នុងសង្គ្រាម TikTok របស់ប្រធានាធិបតីត្រាំ

415
ចែករម្លែក

អ្នកជំនាញម្នាក់បានព្រមានថា ខណៈរដ្ឋបាលត្រាំកំពុងគំរាមហាមឃាត់កម្មវិធីពេញនិយមរួមមាន TikTok និង WeChat “សហរដ្ឋអាម៉េរិកអាចនឹងចាញ់សង្គ្រាម TikTok របស់លោកត្រាំ”។

លោកបណ្ឌិត វៃ សាងជីន សាស្រ្តាចារ្យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៅសាលាជំនាញពាណិជ្ជកម្មនិងសាលាអន្តរជាតិនិងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យកូឡុំប៊ីបាននិយាយថាការបង្ខំឱ្យក្រុមហ៊ុន TikTok លក់ក្នុងតម្លៃថោកដល់ “អ្នកទិញជនជាតិអាម៉េរិក” នឹងបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនអាម៉េរិកជាច្រើននៅក្នុងទីផ្សារប្រទេសចិន នេះយោងតាមការបញ្ចេញគំនិតមួយដែលបោះពុម្ពផ្សាយដោយអង្គការ Project Syndicate កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (៦ សីហា)។

លោកបណ្ឌិតវៃជាប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីក្នុងអំឡុងឆ្នាំ ២០១៤-២០១៦ បាននិយាយថា “ប្រសិនបើចិនធ្វើត្រាប់តាមល្បែងរបស់លោកត្រាំ នោះក្រុមហ៊ុនពហុជាតិអាម៉េរិកមួយចំនួនអាចនឹងក្លាយការគំរាមកំហែងដល់សន្តិសុខជាតិដែរ។ ការណ៍នេះអាចបង្ខំឱ្យពួកគេលក់ប្រតិបត្តិការរបស់ពួកគេឱ្យទៅអ្នកទិញជនជាតិចិន ទោះបីរដ្ឋាភិបាលចិនមិនទាន់ធ្វើដូច្នេះក៏ដោយ។ ហានិភ័យកើនឡើងខ្ពស់ណាស់ឥឡូវនេះ”។

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានចេញបទបញ្ជាប្រតិបត្តិហាមឃាត់រាល់ប្រតិបត្តិការរបស់អាម៉េរិកជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok ដោយចាប់ផ្តើមនៅក្នុងរយៈពេល ៤៥ ថ្ងៃទៀត។

TikTok ត្រូវបានដោនឡូតជាង ១៧៥ លានដងនៅក្នុងសហរដ្ឋអាម៉េរិកនិងជាងមួយពាន់លានដងនៅទូទាំងពិភពលោកនេះយោងតាមបទបញ្ជាប្រតិបត្តិ ដែលអះអាងថាកម្មវិធីនេះបានថតយក “ព័ត៌មានជាច្រើន” ដោយស្វ័យប្រវត្តិពីអ្នកប្រើប្រាស់របស់ខ្លួន ជាហេតុបង្កហានិភ័យដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

បទបញ្ជាប្រតិបត្តិស្រដៀងគ្នានេះក៏ត្រូវបានចេញសម្រាប់កម្មវិធី WeChat ដែលជាកម្មវិធីផ្ញើសារនិងបណ្តាញសង្គមគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិជ្ជាចិន Tencent ផងដែរ។

លោកបណ្ឌិតវៃនិយាយថា ទោះបីជាសកម្មភាពរបស់លោកត្រាំអាចទទួលបានផលចំណេញរយៈពេលខ្លីសម្រាប់សហរដ្ឋអាម៉េរិកក៏ដោយ ក៏ប៉ុន្តែសកម្មភាពទាំងនោះបាននាំមកនូវលទ្ធភាពហានិភ័យធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់អាម៉េរិក ដោយមិននិយាយពីច្បាប់ពាណិជ្ជកម្មអន្តរជាតិនិងក្នុងស្រុកផងទេ។

លោកបណ្ឌិតវៃបានបន្ថែមថា “ចុងក្រោយតើនឹងមានអ្វីកើតឡើងចំពោះទំនុកចិត្តអាជីវកម្ម ប្រសិនបើរដ្ឋាភិបាលនានាសន្មត់ថា ពួកគេ (អាម៉េរិក) អាចច្របាច់កសហគ្រាសឯកជនតាមអំពើចិត្តនោះ?”។

លោកបណ្ឌិតវៃនិយាយទៀតថា លោកត្រាំកំពុងធ្វើនូវអ្វីដែលអាម៉េរិកបានចោទចិនជាយូរមកហើយ នោះគឺការមិនគោរពទ្រព្យសម្បត្តិឯកជន ការសន្មត់ថាមានកំហុសដោយគ្មានភស្តុតាង ការដកហូតសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនបរទេសដោយគ្មានសំណង និងការប្រើច្បាប់មិនច្បាស់លាស់ដើម្បីរារាំងពួកគេមិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ។

លោកបណ្ឌិតវៃបាននិយាយថា “នៅមានពេលវេលាសម្រាប់រដ្ឋបាលត្រាំប្តូរទិសដៅរបស់ខ្លួននិងចៀសវាងការធ្វើឱ្យខូចផលប្រយោជន៍អាម៉េរិក។ ប៉ុន្តែពេលវេលាកំពុងដើរទៅមុខ ឮសូរធីកថក់”។

ទន្ទឹមនឹងនេះដែរ របាយការណ៍របស់កាសែត Global Times បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់លោកត្រាំលើ WeChat អាចបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple របស់អាម៉េរិកបាត់បង់អ្នកប្រើប្រាស់ចិនរបស់ខ្លួនភាគច្រើន ដែលបានរួមចំណែកដល់ការលក់របស់ក្រុមហ៊ុនចំនួន ២០ ភាគរយលើសកលលោក។

កាសែតជាតិនិយមនេះបានដកស្រង់ការស្ទង់មតិមួយដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយវេទិកាជំនួញតាមអ៊ីនធឺណេតឈ្មោះ Xueqiu ដែលបានស្នើសុំឱ្យសាធារណជនទូទៅជ្រើសរើសរវាង Apple និង WeChat ប្រសិនបើ WeChat ត្រូវបានហាមឃាត់ពី Apple Store ។

មនុស្សជាង ៨៥០.០០០ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ ហើយ ៨០០.៩០០ នាក់ក្នុងចំណោមពួកគេបាននិយាយថា ពួកគេនឹងប្តូរទៅប្រើទូរស័ព្ទ Android ប្រសិនបើពួកគេមិនអាចប្រើ WeChat នៅលើ iOS របស់ Apple បានទេនោះ។

Global Times​ រាយការណ៍ថា ក្រុមអ្នកឃ្លាំមើលឧស្សាហកម្មបាននិយាយថា ប្រសិនបើរឿងនោះកើតឡើងមែន អ្នកប្រើប្រាស់ភាគច្រើននៃក្រុមហ៊ុន Apple ទំនងជានឹងប្តូរទៅរកគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Huawei ។

WeChat គឺចាំបាច់ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ជនជាតិចិនភាគច្រើន ព្រោះវាក៏ជាឧបករណ៍ជំនួញនិងទូទាត់ប្រាក់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃចិនស្ទើរតែទាំងអស់ផងដែរ ក្រៅពីកម្មវិធីផ្ញើសារ៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកនិង Apple អាចនឹងចាញ់ក្នុងសង្គ្រាម TikTok របស់ត្រាំ ប្រសិនបើចិនលេងស្ទីលដដែលនេះដាក់ក្រុមហ៊ុនអាម៉េរិកវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម