សូម​បន្ត​អនុវត្ត​វិធានការ «​ការពារ ប្រសើរ​ជាង​ព្យាបាល​»

204
ចែករម្លែក

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ទីរជំនាញ ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស អនាធិបតេយ្យ និង​មិន​គោរព​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​ឲ្យ​អស់​ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ​។ បទបញ្ជា​ណែនាំ​នេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​។
​ ​
​លោក​អភិបាល​រាជធានី​បានលើកឡើង​ថា ដោយសារ​បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន​កន្លែង លក់​ហ្គាស និង​ប​ញ្ជូ​ល​ហ្គាស​ជាច្រើន ហើយ​កន្លែង​ខ្លះ គ្មាន​ស្តង់ដារ​បច្ចេកទេស​ដោយ​ប្រើ ប្រាស់​ធុង​ហ្គាស​ចាស់ៗ គ្មាន​គុណភាព ឬ​ធុង​ស្តើង​ដែល​ងាយ​បង្ក​ហានិភ័យ​គ្រោះថ្នាក់ ទាំង​អ្នក​បញ្ចូល និង​អ្នកប្រើប្រាស់​។

​លោក​បាន​ណែនាំ​ឲ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា​ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ដើម្បី​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គាស​នានា ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ សម្ភារ​បច្ចេកទេស​ស្តង់ដារ និង​ឧបករណ៍​ការពារ ដើម្បី​ធានាថា​អាជីវ​កម្មនេះ គ្មាន​ផល​រំខាន ឬ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជា ពលរដ្ឋ និង​បរិស្ថាន​។

​ជាមួយគ្នា​នោះ លោក​អភិបាល​រាជធានី ក៏បាន​អំពាវនាវ​ដល់​ក្រុមអាជីវករ​លក់​ហ្គាស​ទាំងអស់ ត្រូវ​បញ្ឈប់​ការទិញ​ធុង​ហ្គាស​ចាស់ៗ ពី​ក្រៅប្រទេស យកមកប្រើ​ប្រាស់​បន្ត ដែល​អាចជា ហានិភ័យ​គ្រោះ​ថ្នាក់ខ្ពស់ អាច​បង្ក​ឲ្យ​មានការ​ផ្ទុះ​និង​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះសម្បែង ជាដើម​។​

​ជាការ​កត់សម្គាល់ បទបញ្ជា​ណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ ដល់​មន្ទីរជំនាញ​ឲ្យ​លុប បំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ និង​មិន​គោរព​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​នាពេលនេះ បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ​ហ្គាស ឆេះ​ផ្ទះ​លក់​ហ្គាស នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បានសម្លាប់​មនុស្ស​បួន​នាក់ និង ប្រាំ​នាក់​ទៀត រងរបួស កាលពី​ថ្ងៃ​១៨ ខែកក្កដា កន្លងទៅ​។​

​ការលក់​ហ្គាស​តាម​ផ្ទះ ក៏ដូចជា​ការលក់​សាំង​ដប នៅតាម​ផ្ទះ គឺអាច​បង្ក​គ្រោះថ្នាក់​មិន​ត្រឹមតែ គ្រោះថ្នាក់​ដល់​អ្នកលក់​ហ្គាស និង​លក់​សាំង​នៅផ្ទះ​នោះទេ តែ​ក៏​អាច​បង្កើតជា​បញ្ហា​ដល់​អ្នក ជិតខាង​ផ្ទះ​លក់​ហ្គាស និង​លក់​សាំង​ដប​ទាំងនោះ​ថែមទៀត​។

​ទោះបីជា​ពេលនេះ ផ្ទះ​លក់​ហ្គាស បញ្ចូល​ហ្គាស និង​លក់​សាំង​ដប​ទាំងនោះ​មិនទាន់មាន​បញ្ហា អ្វី​កើតឡើង​ក៏ពិតមែន តែ​អារម្មណ៍​អ្នករស់នៅ​ក្បែរ​ខាង​ផ្ទះ​ទាំងនោះ ច្បាស់​ណាស់​ថា​ដេក​ភ័យ ទាំងយប់​ទាំង​ថ្ងៃ ខ្លាច​កើតហេតុ ភ្លើង​ឆេះ​ផ្ទះ ដែល​បង្ក​ចេញពីផ្ទះ​លក់​ហ្គាស និង​លក់​សាំង ដែល​មិនមាន​ស្តង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ​ទាំងនោះ​។​

​ដូច្នេះ​យើង​គួរតែមាន​វិធានការ ដោយ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ មានន័យថា​អាជ្ញាធរ សមត្ថកិច្ច​តាម​ខណ្ឌ​នីមួយៗ ត្រូវអនុវត្ត​នូវ​បទបញ្ជា​ណែនាំ​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​មាន​ប្រសិទ្ធភាព​។ ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គាស បញ្ចូល​ហ្គាស​តាម​ផ្ទះ​ហើយ​បើ​រក ឃើញថា មិន​ស្តង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ ធុង​ចាស់ៗ ជាដើម ត្រូវតែ​បិទ​អាជីវកម្ម​ផ្ទះ​នោះ​តែម្តង ដើម្បី​កុំ​ឲ្យ​មានរឿង​ភ្លើង​ឆេះ​ផ្ទះ ដោយសារតែ​ការបញ្ចូល​ហ្គាស​លក់​ទាំងនោះ​។​

​ចំណុច​នេះ តោង​អាជ្ញាធរ​សមត្ថកិច្ច​យើង គិតពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជាធំ​កុំ​ចុះទៅ​ត្រួតពិនិត្យ កន្លែង​លក់​ហ្គាស​បញ្ចូល​ហ្គាស​តាម​ផ្ទះ ហើយ​ម្ចាស់ផ្ទះ​នោះ​សូកប៉ាន់​យើង​បែរជា​វាយតម្លៃ ដោយ​ធ្វើ​មិនដឹងមិនឮ​ថា អាជីវកម្ម​លក់ និង​បញ្ចូល​ហ្គាស​របស់​ពួកគាត់​ត្រឹមត្រូវ​ទាំង​មិនបាន សិក្សា​ឲ្យ​បាន​ពិតប្រាកដ​ឲ្យ​សោះ​។​

​ម្យ៉ាងទៀត បើ​ថា អ្នកលក់​ហ្គាស បញ្ចូល​ហ្គាស​តាម​ផ្ទះ​ទាំងនោះ ធ្វើ​ដោយ​មិនមាន​ស្តង់ដារ សុវត្ថិភាព​ទេ គួរតែ​មន្ត្រី​ជំនាញ​យើង ណែនាំ​បង្រៀន​ពួកគាត់​ថា ធ្វើ​បែបណា​ដើម្បី​ឲ្យ​មាន សុវត្ថិភាព ក្នុង​មុខរបរ​លក់​បញ្ចូល​ហ្គាស​របស់គាត់​នេះ​។​

​ករណីនេះ អ្នកលក់ និង​បញ្ចូល​ហ្គាស​តាម​ផ្ទះ ត្រូវតែ​ចូលរួម​សហការ​នឹង​អាជ្ញាធរ​សមត្ថកិច្ច ព្រោះថា កុំ​ឲ្យ​ស្តាយក្រោយ ដូច​ករណី​ផ្ទះ​លក់​ហ្គាស នៅក្នុង​ខណ្ឌដូនពេញ ដែល​បាន​ផ្ទុះ​ឆេះ កាលពី​ថ្ងៃទី​១៨​កក្កដា គឺ​មិន​ត្រឹមតែ​ខូចខាត ឆេះ​ផ្ទះ​អស់​ទេ គឺ​សូម្បី​កូន​ខ្លួនឯង និង​ម្ចាស់ផ្ទះ​នោះ ក៏​របួស និង​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ផងដែរ​។ សូម​គិតពី​សុខ​សុវត្ថិភាព​ជាជាង​គិតពី​លុយ ចំណេញ​ពីមុខ​របរ ដែលមាន​គ្រោះថ្នាក់​នេះ​។​

​ដូច្នេះ សូម​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ហើយ​មិនមែន​នៅតែ​ភ្នំពេញ​ទេ គឺ​នៅតាម​ទីប្រជុំជន តាម​ផ្សារ​ក្នុង​រាជធានី​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​ទូទាំងប្រទេស​គួរតែ​អនុវត្ត វិធានការ​សុវត្ថិភាព ចុះ​ត្រួតពិនិត្យ​ផ្ទះ​លក់​ហ្គាស បញ្ចូល​ហ្គាស និង​លក់​សាំង​ដប នៅតាម​ផ្ទះ ដែល​មិនមាន​ស្តង់ដារ​សុវត្ថិភាព ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​របស់​អ្នកលក់​ទាំងនោះ​ផង និង​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ខាង​ផ្ទះ​លក់ បញ្ចូល​ហ្គាស និង​ប្រេងសាំង​ផង​៕ ដោយ​: លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម