​គ្រប់ផ្នែក​ពាក់​ព័ន្ធ​ត្រូវមាន​ទំនាក់ទំនង​គ្នា​ដើម្បីឱ្យ​ការស្ថាបនា​ផ្លូវ​លេខ​១៣៩​គ្មាន​ភាព​រាំងស្ទះ​

198
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​ដើម្បីឱ្យ​ការស្ថាបនា​ផ្លូវ​លេខ​១៣៩​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ​ដំណើរការ​ដោយ​រលូន​និង​បញ្ចៀស​បាន​ពី​ផល​លំបាក​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​កំណាត់​ផ្លូវ​លេខ​១៣៩​ត្រង់ចំណុច​មុខ​សាលាឃុំ​ត្រពាំង​ព្រីង​ព្រោះតែ​ប្រជាពលរដ្ឋ​ជួប​ក្តី​លំបាក​បន្ទាប់ពី​ទឹក​ហូរ​បុក​ផ្តាច់​ដោយសារ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នោះ​។​ផ្លូវ​នេះ​មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​កំពុងដំណើរការ​ស្ថាបនា​ក្រោម​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ទទួល​សាងសង់​ដោយ​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​។​

​ក្នុងឱកាស​ជួប​ជាមួយ​ពលរដ្ឋ​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថាៈ​ដើម្បី​បញ្ចៀស​ពី​ក្តី​លំបាក​ក៏ដូចជា​ផលប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​នា​ដំណាក់កាល​កំពុង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​។​ទាំង​កម្លាំង​វិស្វកម្ម​ទាំង​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។​ការបាត់​ព័ត៌មាន​រវាង​អ្នក​ស្ថាបនា​និង​ម្ចាស់​គម្រោង​ព្រមទាំង​អាជ្ញាធរ​នោះ​នឹង​អាចមាន​ភាព​រាំងស្ទះ​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។

​លោក​ជាវ តា​យ​បានបញ្ជាក់​ថាៈ​ជា​ឧទាហរណ៍​ក្នុងករណី​បើ​ធ្វើ​ដល់​ចំណុច​មួយ​ដែល​ត្រូវ​ពង្រីក​ផ្លូវ ហើយ​ប្រជាពលរដ្ឋ​មាន​តូប​លក់ដូរ​តែ​មិន​ព្រម​រុះរើ​និង​គ្មាន​កិច្ច​អន្តរា​គម៍​ពី​អាជ្ញាធរ​ដ្បិត​ភាគី​ស្ថាបនា​ខកខាន​ក្នុងការ​រាយការណ៍​នោះ​នឹង​ជួប​ក្តី​លំបាក​ឬ​រាំងស្ទះ​ដំណើរការ​ក៏​អាច​ថា​បាន​។​ម្ល៉ោះហើយ​ដើម្បីឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​បានសម្រេច​រួចរាល់​តាម​គម្រោង គ្រប់ផ្នែក​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​សហការគ្នា​បំណង​ទទួល និង​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​រវាង​គ្នា​បាន​ឆាប់រហ័ស​។​

​ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន​ក្រោយ​មាន​សំណើសុំ​កិច្ច​អន្តរាគមន៍​ពី​ភាគី​ស្ថាបនា​ផ្លូវ​ត្រូវរាយការណ៍ជូនរ​ដ្ឋ​បាល​ស្រុក​ហើយ​ក្នុងករណី​ចាំបាច់​អាជ្ញាធរ​ស្រុក​ក៏ត្រូវ​បញ្ជូន​សំណើ​ដល់​រដ្ឋបាលខេត្ត​ដើម្បី​មាន​ចំណាត់ការ​បន្ទាន់​។​

សូមបញ្ជាក់ថា​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្លូវ​ត្រង់ចំណុច​ទឹក​ហូរ​បុក​ផ្តាច់​​នៅមុខ​សាលាឃុំ​ត្រពាំង​ព្រីង​នោះលោក​ជាវ​តា​យ​បាន​តម្រូវ​ឱ្យកម្លាំង​វិស្វកម្ម​ដាក់លូ​រំដោះ​ទឹក​និង​ចាក់ដី​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ឡើងវិញ​។​ជាមួយនេះ​លោក​អភិបាល​ខេ​ត្ត​ក៏បាន​ទទួលយក​សំណើ​ពីរ​ករណី​ដើម្បី​សម្របសម្រួល​ចំពោះ​ការបិទ​បង្រួម​ផ្លូវចេញចូល​ភូមិ​ពីរ​ខ្សែ​ដោយ​អ្នករស់នៅ​អម​សងខាង​។កក្នុងករណី​មានការ​ត្រូវរ៉ូវ​គ្នា​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​នឹង​ស្ថាបនា​ជា​ប្រភេទ​បេតុង​ក្រោម​ការប្រើប្រាស់​មូលនិធិ​អភិវឌ្ឍន៍​ឃុំ​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម