ទិវា​ឯករាជ្យ​ជាតិ សិង្ហ​បុរី​

162
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី​៩ សីហា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​មេដឹកនាំ និង​ពលរដ្ឋ នៃ​រដ្ឋ​កោះ​មួយ​នោះ​ប្រកាស​ឯករាជ្យភាព របស់ខ្លួន កាលពី​ឆ្នាំ​១៩៦៥ ដែលជា​ការប្រកាស​ឯក​រាជ្យ​ជោកជាំ​ទៅដោយ​ទឹកភ្នែក​ដោយ សារ​តែ​ត្រូវ​ម៉ាឡេស៊ី បណ្តេញ​ចេញពី​សម្ព័ន្ធ បន្ទាប់ពី​មាន ទំនាស់​ទស្សនៈ​មួយចំនួន​ហើយ នោះ​ក៏​ប្រហែលជា មិនដែល​មាន ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែរ ដែល​ប្រជាជាតិ​មួយ ប្រកាស​ឯករាជ្យភាព ដ៏​សែន​កម្សត់ ទូទាំង​នគរ​បែប​នោះ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សិង្ហ​បុរី ឬ​សាំង​ហ្គា​ពួរ គឺជា​រដ្ឋ​កោះ រួបរួម​ពី​ការបង្កើត​កោះ ចំនួន ៦៣ មាន​ផ្ទៃដី ៧១៨,៣ គីឡូម៉ែត្រ​ក្រឡា ហើយ​ប្រទេស​នេះ មាន​គម្រោង នឹង​ពង្រីក​ផ្ទៃដី ១០០ ម៉ែត្រក្រឡា ទៀត នៅ​ឆ្នាំ​២០៣០ ដោយ​រួមទាំង​ការរំលាយ ឬ​ភ្ជាប់​កោះ​តូចៗ បង្កើតជា​កោះធំ ស្ថិតនៅ អាស៊ីអាគ្នេយ៍ នា​កណ្តាល​សមុទ្ទ​ខាងត្បូង ប្រទេស​ម៉ាឡេស៊ី ។ ឆ្នាំ​២០២០ មាន​ប្រជាជន​ជាង ៥,៨ លាន​នាក់ ហើយ​សាសនា​សំខាន់ មាន​បួន​គឺ ១. ព្រះពុទ្ធសាសនា ២. អ៊ិ​ស្លាម ៣. ហិណ្ឌូ និង​៤ គ្រិស្តសាសនា ហើយ​ទីក្រុង​របស់​ប្រទេស គឺ​ទីក្រុង​សិង្ហ​បុរី ឬ​ទីក្រុង សាំង​ហ្គា​ពួរ គឺមាន​ឈ្មោះ​ដូច​ប្រទេស​ដែរ ព្រោះថា ទីក្រុង គឺជា​ប្រទេស​នោះ​តែម្តង ដោយហេតុនេះ ទើប​សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ ត្រូវបាន​ប្រសិទ្ធ​នាម​ថា រដ្ឋ​ទីក្រុង​។ ភាសាផ្លូវការ មាន​បួន​គឺ ភាសា​អង់គ្លេស ភាសា​ម៉ាឡេស៊ី ភាសា​ទមិឡ និង ភាសា​ចិន ។​

ប្រភព​ឈ្មោះ​
​ពាក្យ​ថា សិង្ហ​បុរី ឬ​សាំង​ហ្គា​ពួរ ដែល​ភាសា អង់គ្លេស ហៅថា Singapore មកពី​ភាសា ម៉ាឡេស៊ី ថា Singapura ដែល​ពាក្យ​នេះ​ទៀតសោត ក្លាយ​មកពី​ភាសាសំស្ក្រឹត (​គប្បី​ដឹងថា​ពី​បុរាណ កាល ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​ពួក​ជ្វា ស៊ូ​ម៉ា​ត្រា និង ចាម​គឺ​សុទ្ធ​ជា​អ្នកទទួល​ឥទ្ធិពល​ពី​ព្រហ្មញ្ញ សាសនា​យ៉ាងខ្លាំង ដូចជា​ខ្មែរ​ដែរ ហេតុនេះ ភាសាសំស្ក្រឹត គឺជា​ភាសា​របស់​ពួក​អភិជន ដូចជា​ព្រះរាជា មហាមន្ត្រី និង​ពួក​អ្នកប្រាជ្ញ មាន​ព្រាហ្មណ៍ ជាដើម ) ថា Sinha= សិង្ហ ឬ តោ pura= បូរី , ទីក្រុង ឬ នគរ ។ ដូច្នេះ សិង្ហ​បុរី ប្រែ​ថា នគរ​តោ ឬ​ទីក្រុង​តោ ។​

ប្រវត្តិសាស្ត្រ
​នា​អំឡុង​សតវត្សរ៍​ទី​២ ទឹកដី​សាំង​ហ្គា​ពួរ សព្វថ្ងៃនេះ គឺជា​ផ្នែក​មួយ នៃ​អាណាចក្រ ស៊ូ​ម៉ា​ត្រា ស្រី​វិជ័យ ( Sumatran Srivijaya បច្ចុប្បន្ន ឥណ្ឌូណេស៊ី ) ។ នៅ​ឆ្នាំ​១២៩៩ ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា នៃ​អាណាចក្រ ស្រី​វិជ័យ បាន​រកឃើញ​កោះ​មួយ នៅ​កណ្តាល​សមុទ្ទ​ហើយ​នៅលើ កោះ​នោះ ព្រះអង្គ​បានឃើញ​សត្វ​ម្យ៉ា ង​ដែល​ព្រះអង្គ​ច្រឡំ​ថា ជា​សត្វ​តោ​ទើប​ព្រះអង្គ​បាន ហៅ​កោះ​នោះ​ថា Singapura គឺ​នគរ​តោ ។ ប៉ុន្តែ​ឯកសារ​នានា បាន​បរិយាយ​ថា តាម​ការពិត ទំនងជា​ពុំ​ធ្លាប់មាន​សត្វ​តោ រស់​នៅលើ​កោះ​នោះឡើយ ដូច្នេះ​អ្វីដែល​ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា បានឃើញ​នោះ ប្រហែលជា​សត្វ​ខ្លាដំបង ទៅវិញ​ទេ ។

​នៅ​សតវត្សរ៍​ទី​១១ អ​ធិ​រាជ្យ រាជេន្ទ្រ ចូឡា ទី​១ នៃ​អាណាចក្រ​ឥណ្ឌា ខាងត្បូង (​ទមិឡ​)​បាន ចូលកាន់​កាប់​កោះ Singapura នោះ ។ នៅ​ឆ្នាំ​១៦១៣ កងទ័ព​ព័រទុយហ្កាល់​បាន​ចូល​ដុត បំផ្លាញ​លំនៅឋាន​អ្នក​កោះ​នោះ ធ្វើឱ្យ​កោះ​នេះ ធ្លាក់​ក្នុង​សភាព​អាប់អួរ អស់​រយៈពេល ពីរ​សតវត្សរ៍ ហើយ​រយៈ​ពេលនោះ កោះ Singapura គឺជា​កម្មសិទ្ធិ​របស់ ស៊ុ​លត​ង់ ចូ​ហូ ( នៃ​ម៉ាឡេស៊ី​) ខណៈ​តំបន់​ជិត​សមុទ្ទ និង​តំបន់​ពាណិជ្ជកម្ម ស្ថិតក្រោម​ការត្រួតត្រារ​បស់ ហុ​ល្លង់ ។

អាណានិគម អង់គ្លេស​
​នៅ​ឆ្នាំ​១៨១៩ មន្ត្រីរដ្ឋបាល​ចក្រភព​អង់គ្លេស ម្នាក់​ឈ្មោះ Thomas Stamford Raffles តំណាង ឱ្យ​ក្រុមហ៊ុន​អង់គ្លេស នៅ​ឥណ្ឌា ខាងកើត បានមក​ដល់​កោះ Singapura ហើយ​បាន​ចុះ ហត្ថលេខា សន្ធិសញ្ញា​មួយ ជាមួយ ស៊ុ​លត​ង់ ហ៊ូ​ស្សេន ហ្សា​ហ នៃ អាណាចក្រ ចូ​ហូ ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ខាងត្បូង នៃ​កោះ Singapura ធ្វើជា​ប៉ុ​ស្ត៍​ពាណិជ្ជកម្ម អង់គ្លេស ។ ដោយ មាន​សន្ធិសញ្ញា ជា​បន្តបន្ទាប់​រវាង អង់គ្លេស និង ស៊ុ​លត​ង់ ចូ​ហូ នោះ កោះ Singapura ទាំងមូល បាន​ក្លាយជា​កម្មសិទ្ធិរ​បស់​ចក្រភព​អង់គ្លេស ។ ឆ្នាំ​១៨២៦ សិង្ហ​បុរី បានក្លាយ ជាទី​ក្រុង​មួយ ក្នុងចំណោម​ទីក្រុង ប្រចាំ​តំបន់​ទាំង ៣ របស់​អង់គ្លេស នៅ​អាស៊ី (​ពីរ​ទៀត គឺ ម៉ា​ឡា​កា និង ប៉េ​ណាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្ទ​ម៉ាឡេស៊ី​) ត្រូវបាន​គេ​ស្គាល់​ថា Straits Settlements ( ទីតាំង​លំនៅ​ផ្ទាល់ ) ។

​ទេសាភិបាល អាណានិគម​អង់គ្លេស បាន​ជំរុញ​ពួកកម្មករ និង​ជនអន្តោប្រវេសន៍​ទាំងឡាយ ឱ្យចូល​ទៅ​នៅ​កោះ​សាំង​ហ្គា​ពួរ ពី​តំបន់​ដែនដី អាណានិគម​ផ្សេងទៀត​របស់ អង់គ្លេស នៅ​តំបន់​អាស៊ី អាគ្នេយ៍ ដែលជា​លទ្ធផល មុន​ការមកដល់​របស់លោក Thomas Stamford Raffles កោះ​នោះ មាន​មនុស្ស រស់នៅ​ត្រឹមតែ​ប្រមាណ​ជា ១.០០០ នាក់​ដែល​ភាគច្រើន​ជា​ជន អន្តោប្រវេសន៍​ម៉ាឡេស៊ី និង​មាន​ជនជាតិ​ចិន តិចតួច ។ លុះដល់​ឆ្នាំ​១៨៦០ មាន​មនុស្ស​រស់នៅ លើ​កោះ សិង្ហ​បុរី ប្រមាណ​ជា ៨០.០០០ នាក់ ដោយមាន​មនុស្ស ជាង​ពាក់កណ្តាល​គឺជា ជនជាតិ​ចិន ។ ជនអន្តោ ប្រវេសន៍​ជាច្រើន បាន​ចូលទៅ​ធ្វើការ នៅលើ​កោះ​នោះ​ក្នុង​វិស័យ ចម្ការកៅស៊ូ ដោយ ហេតុនេះ នៅក្រោយ​ទសវត្សរ៍​ឆ្នាំ​១៨៧០ កោះ សិង្ហ​បុរី បានក្លាយ​ជាទី​បណ្តុំ នៃ​ការនាំចេញ​កៅស៊ូ​របស់​ពិភពលោក ។

​បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ ចក្រភព​អង់គ្លេស បាន​កសាង​នូវ​មូលដ្ឋាន​កងទ័ព ជើង​ទឹក​ដ៏​ធំ នៅ​សិង្ហ​បុរី ។ នៅ​ឆ្នាំ​១៩៤២ ជប៉ុន ចូលកាន់​កាប់ សិង្ហ​បុរី មែន ហើយ​យក​កោះ សិង្ហ​បុរី ធ្វើជា​ទីតាំង​កងទ័ពរ​បស់​ខ្លួន ហើយ​ប្រជាជន​នៅ​ទីនោះ ប្រមាណ​ជា ២៥.០០០ នាក់​ត្រូវបាន សម្លាប់ ។

​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត (​ក្នុង​សង្គ្រាមលោកលើកទី​២ ដឹកនាំ​ដោយ អង់គ្លេស និង​សហរដ្ឋអាមេរិក ដែលជា​ប្លុក​សេរីនិយម ) បាន​បើក​ការវាយលុក ដោយ​ទម្លាក់​គ្រាប់បែក ទៅលើ​ទីតាំង​កងទ័ព​ជប៉ុន នៅ​សាំង​ហ្គា​ពួរ រហូតដល់​អង់គ្លេស យកបាន​កោះ សិង្ហ​បុរី មកវិញ​នៅ​ខែកញ្ញា ឆ្នាំ​១៩៤៥ ។​

ចលនា​ឯករាជ្យភាព​
​ពេលនោះ ចលនា​នៃ​ការចង់បាន​ឯករាជ្យភាព​របស់ខ្លួន បាន​កម្រើក​ខ្លាំង​ឡើងៗ​នៅក្នុង កោះ​សិង្ហ​បុរី ។ ឆ្នាំ​១៩៥៥ សិង្ហ​បុរី បានរៀបចំ​ការបោះឆ្នោត​សកល លើកដំបូង​របស់ខ្លួន ហើយ​អ្នកដឹកនាំ​គាំទ្រ​ឯករាជ្យ​សិង្ហ​បុរី លោក David Marshall នៃ​គណបក្ស​ពលករ​បានឈ្នះ ការបោះឆ្នោត​នោះ ។

​លោក David Marshall បាន​ដឹកនាំ​គណប្រតិភូ​មួយក្រុម ទៅ​ទីក្រុង​ឡុង​ដ៍ ក្នុង​បំណង​ទាម ទារ​យក​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​ទាំងស្រុង ។ ប៉ុន្តែ​ត្រូវ​ចក្រភព​អង់គ្លេស បដិសេធ ។ សិទ្ធិ​គ្រប់គ្រង ខ្លួនឯង​ពី​អង់គ្លេស គឺជា​អ្វីដែល​គាត់​បាន​សន្យា​ក្នុងពេល​ឃោសនា​រក​សម្លេងឆ្នោត ។ ពេល​បរាជ័យ ក្នុងការ​ទាមទារ​យក​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង បែបនេះ លោក David Marshall បាន​លាលែង​ពី​តំណែង ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក លីម យូ ហុក ។ លោក លីម យូ ហុក បាន​បញ្ចុះបញ្ចូល​ឱ្យ អង់គ្លេស ព្រម​ប្រគល់​សិទ្ធិ​កាន់កាប់​រដ្ឋាភិបាល​នូវ​រាល់​កិច្ចការ​ផ្ទៃ ក្នុង​ទាំងអស់ ដោយ​លើកលែងតែ កិច្ចការ​កងទ័ព និង​កិច្ចការបរទេស ចេញ ។​

​គណបក្ស​សកម្មភាព​ប្រជាជន បានឈ្នះ ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​៣០ ខែ​ឩ​សភា ឆ្នាំ ១៩៥៩ ។ លោក លី ក្វាន់ យូ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ដំបូង​របស់​សាំង​ហ្គា​ពួ ហើយ​រដ្ឋ​កោះ សាំង​ហ្គា​ពួ បាន​ក្លាយជា​រដ្ឋ គ្រប់គ្រង​ផ្ទៃក្នុង​ខ្លួនឯង នៅក្នុង​រដ្ឋ​សហ​ធន (​រដ្ឋ​ក្រោម​អាណា និគម​អង់គ្លេស​) ។ លោក William Allmond Codrington Goode កាន់តំណែង​ជា​ប្រមុខរដ្ឋ ហើយ​ក្រោយមក បាន​បន្ត​ដោយ​លោក Yusof bin Ishak ហើយ​នៅ​ឆ្នាំ​១៩៦៥ លោក Yusof bin Ishak បាន​ក្លាយជា​ប្រធានាធិបតី ដំបូង នៃ​រដ្ឋ​កោះ សិង្ហ​បុរី ។

​ពួក​ជនជាតិ​ចិន កុ​ម្មុយ​និ​ស្ត ដែលមាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​សហជីព​ពាណិជ្ជក​ម្ម និង​សាលា​ចិន បាន​ងើប​បះបោរ​ប្រដាប់អាវុធ ប្រឆាំង​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ​១៩៤៨ ជា​មូល ហេតុ​នាំឱ្យមាន​អន្តរាគមន៍ ពី​កងទ័ព​ម៉ាឡេស៊ី ហើយ​បាន​ផ្តួលរំលំ​កុ​ម្មុយ​និ​ស្ត ក្នុងការ​បះបោរ នៅ​ឆ្នាំ​១៩៦០ ។ ប៉ុន្តែ​ជនជាតិ​ចិន មេដឹកនាំ​កុ​ម្មុយ​និ​ស្ត លោក ឈី​ង ប៉េង បាន​បង្កើត​កម្លាំង ទ័ព​របស់ខ្លួន​វិញ ពី​ឆ្នាំ​១៩៦៨ ហើយក៏​ត្រូវ ម៉ាឡេស៊ី បង្ក្រាប​ទៅវិញ នៅ​ឆ្នាំ​១៩៦៩ ។

រំលាយខ្លួន​ជាមួយ ម៉ាឡេស៊ី​
​មេដឹកនាំ​នយោបាយ និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី យល់ឃើញថា ផលប្រយោជន៍​ដ៏​ច្រើនសន្ធឹក សន្ធាប់​របស់​សិង្ហ​បុរី ត្រូវការ​ម៉ាឡេស៊ី ដ៏​មានអំណាច ជា​ខ្នងបង្អែក ពុំ​នោះទេ នឹងមិន​មាន ស្ថិរភាព​ឡើយ ដែល​អាច​កើតឡើង ដោយសារ​ការ​បៀតបៀន ពី​ខាងក្រៅ ឬ​ការដណ្តើម​គ្នា ផ្ទៃក្នុង គ្មាន​អ្នកណា ស្តាប់​អ្នកណា ។ ជា​លទ្ធផល​នៃ​ប្រជាមតិ ឆ្នាំ​១៩៦២ នៅ​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​១៩៦៣ សិង្ហ​បុរី បាន​រួបរួម​បង្កើត​សហព័ន្ធ​ថ្មី ជាមួយ​ម៉ាឡេស៊ី ដោយ​រដ្ឋាភិបាល សិង្ហ​បុរី គឺជា​រដ្ឋាភិបាល​រដ្ឋ ឬ​ជា​រដ្ឋាភិបាល​មូលដ្ឋាន ចំណែក​រដ្ឋាភិបាល​ម៉ាឡេស៊ី គឺជា​រដ្ឋាភិបាល កណ្តាល ។ ដោយសារ​ហេតុនេះ ទើប​ពេលនោះ សិង្ហ​បុរី ធ្លាប់​ត្រូវបាន​គេ​ហៅថា ជា​ផ្នែក​មួយ នៃ​ប្រទេស​ម៉ាឡេស៊ី ។ ចំណុច​នេះ គេ​ក៏​អាច​កត់សម្គាល់​បាន​ថា គឺ សិង្ហ​បុរីរ​ត់ទៅ​ជ្រក​ក្រោម ដំបូល ម៉ាឡេស៊ី ដោយ​ខ្លួនឯង ដោយ​គ្មាន​អ្នកណា​បង្ខិតបង្ខំ ឬ ប្រើ​ឧបាយកល​អ្វី​ឡើយ ហើយ​នោះ ក៏​ជា​ទិដ្ឋភាព​មួយ ដែល​កម្រ​មាន នៅក្នុង​លោក​នេះដែរ ។

​ប៉ុន្តែ​រដ្ឋាភិបាល រដ្ឋ​សាំង​ហ្គា​ពួរ និង​រដ្ឋាភិបាលកណ្តាល ម៉ាឡេស៊ី បាន​ខ្វែងគំនិត​គ្នា​ជាច្រើន ចំណុច លើ​បញ្ហានយោបាយ និង​សេដ្ឋកិច្ច ដោយ​ពួក​អ្នកនយោបាយ សាំង​ហ្គា​ពួរ បាន​ខឹង និង​អាក់អន់ចិត្ត​យ៉ាងខ្លាំង ចំពោះ​រដ្ឋធម្មនុញ្ញ​រប​ស់​ម៉ាឡេស៊ី ដែល​ផ្តល់​តម្លៃ និង​អាទិភាព​ឱ្យ តែ​ជនជាតិ ម៉ាឡេស៊ី ជាង​ជនជាតិ​សាំង​ហ្គា​ពួរ ។

​ចំណែក​ពួក​មេដឹកនាំ ម៉ាឡេស៊ី វិញ​មើលឃើញថា ជនជាតិ​សាំង​ហ្គា​ពួរ​ដែល​ភាគច្រើន ជា​ជន​ចិន នឹង​គំរាម​ដល់​ប្រពៃណី​របស់​ម៉ាឡេស៊ី ( ព្រោះ​វប្បធម៌​ចិន គឺជា​ប៉ូល​មួយ នៃ​វប្បធម៌ ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អាស៊ី ខណៈ​ប៉ូល​មួយទៀត គឺ​វប្បធម៌​ឥណ្ឌា ហើយ​ក្រោយមក មាន ប៉ូល​មួយទៀត ជា​ប៉ូល​ដ៏​តឹងរ៉ឹង និង​កាច គឺ​ប៉ូល​មូ​ស្ល៊ី​ម ឬ​អ៊ិ​ស្លាម ។ ចំពោះ ម៉ាឡេស៊ី​ពីដំបូង ទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​យ៉ាងខ្លាំង ក្រោយមក​ក៏​បោះបង់ ព្រហ្មញ្ញសាសនា​ក្នុង​សម័យកាល ប្រហាក់ប្រហែលគ្នា​នឹង​ខ្មែរ​ដែរ ហើយក៏​ទទួលយក​ឥទ្ធិពល​អ៊ិ​ស្លាម នៃ​ជន​មូ​ស្ល៊ី​ម​វិញ ។ ក្នុងន័យនេះ ទោះជា​ម៉ាឡេស៊ី ប្រកាន់យក​វប្បធម៌​ឥណ្ឌា ដូចជា ព្រហ្មញ្ញសាសនា​ក្តី ឬក៏ វប្បធម៌​មូ​ស្ល៊ី​ម នៃ​សាសនា​អ៊ិ​ស្លាម​ក្តី ក៏​មិន​អំណោយផល ឬ មិន​រាក់ទាក់​ចំពោះ​វប្បធម៌ ខុង​ជី នៃ​ជន​ជាតិចិន​ដែរ បើទោះជា​ថា ពួកគេ​មិនមែនជា​គូបដិបក្ខ ដ៏​ស្រួចស្រាល់​នឹង​គ្នា ដូចជា អ៊ិ​ស្លាម និង​គ្រិស្ត ក៏ដោយ​) ហើយ​បារម្ភ​ថា រដ្ឋ​ថ្មី (​សិង្ហ​បុរី​) នេះ នឹង​ស្រូបយក​ទ្រព្យសម្បត្តិ​ធនធាន ពី​ដីគោក (​ម៉ាឡេស៊ី​) ។

​ការទាស់ទែង​ខ្វែងគំនិត​គ្នា​នេះ បានជា​បច្ច័យ​នាំឱ្យ​ផ្ទុះ​អំពើហិង្សា រវាង​ជនជាតិ សាំង​ហ្គា​ពួរ និង​ជនជាតិ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៦៤ ដែល​ហៅថា កូដកម្ម​ជាតិ​សាសន៍ ឆ្នាំ​១៩៦៤ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ចាប់ខ្លួន ។ ទំនាស់​មនោគមវិជ្ជា ឡើង​កម្ដៅ​ខ្លាំង​ទៅៗ ទើប​នៅ​ថ្ងៃទី​៩ ខែ សីហា ឆ្នាំ​១៩៦៥ សភា​ម៉ាឡេស៊ី បាន​បោះឆ្នោត ដោយ​ពុំមាន​វត្តមាន​តំណាង​សាំង​ហ្គា​ពួ​ហើយ​មាន សំលេង ១២៦ ទល់ ០ បណ្តេញ​សាំង​ហ្គា​ពួរ ចេញពី​សហព័ន្ធ ម៉ាឡេស៊ី ។​

ឯករាជ្យភាព​ជាមួយ​ទឹកភ្នែក​
​ដោយហេតុនេះ នាយក​ដ្ឋ​មន្ត្រី​សិង្ហ​បុរី លោក លី ក្វាន់ យូ មិន​ចង់​នាំ​ប្រជាជាតិ របស់ គាត់ទៅ​ជ្រកកោន ឬ​ពឹង​អាស្រ័យ​នឹង​អំណាច​បុណ្យ​របស់​ប្រទេស​ណាមួយ​ទៀតឡើយ ទើប គាត់​សម្រេចចិត្ត ដឹកនាំ​ពលរដ្ឋ​របស់គាត់ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៦៥ នោះ ប្រកាសថា សិង្ហ​បុរី គឺជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ។ ប៉ុន្តែ​វា​គឺជា​ការប្រកាស ឯករាជ្យភាព​មួយ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​តំណក់ទឹកភ្នែក​យ៉ាង​កម្សត់ នៃ​មេដឹកនាំ និង ពលរដ្ឋ​សាំង​ហ្គា​ពួរ គឺជា​ភាពផ្ទុយ​ពី​ជាតិ​សាសន៍​ដទៃ ក្នុង​លោក ដែល​តែងតែ​ប្រកាស​ឯករាជ្យ ភាព​របស់ខ្លួន ជាមួយនឹង​ការ​សាទរ គគ្រឹកគគ្រេង​ទូទាំងប្រទេស ។​

​បើទោះបីជា​មានកំណើត​ខុសពី​គេ​ដូច្នេះ​ក្តី ហើយក៏​ប្រហែលជា​ដោយសារតែ សិង្ហ​បុរី មានកំណើត​ខុសពី​គេ​នេះឯង​ហើយ ដែលជា​កត្តា​ជំរុញ ឱ្យមាន​ការប្តេជ្ញាចិត្ត ទាំង​អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី រហូត​ទីបំផុត សាំង​ហ្គា​ពួរ ក្លាយជា​ប្រទេស​ដ៏​ជោគជ័យ មហិមា​មួយ ក្នុង​លោក សក្តិសម​នឹង​ថា សិង្ហ​បុរី ដែល​ប្រែ​ថា នគរ ឬ​ទីក្រុង​តោ ពិត​មែនហើយ​ប្រសិនបើ បែប​នោះ​មែន ក៏​មានន័យថា អ្នកដឹកនាំ និង​ប្រជាជន​សិង្ហ​បុរី ចេះ​ចងចាំ​អតីតកាល និង ភ្ញាក់រឭក ខុសពី​ប្រទេស​ខ្លះ​ក្នុង​លោក ដែល​មិនចេះ​ចងចាំ និង​មិនចេះ​រាងចាល​នឹង​កំហុស​របស់ខ្លួន ។ តាមរយៈ​ការវិនិយោគ នៅក្នុង​កំពង់ផែ​របស់ខ្លួន​បាន​ក្លាយជា​កំពង់ផែ​ដ៏​មមាញឹក​បំផុត​មួយ ក្នុង​លោក ។

​នៅ​ឆ្នាំ​១៩៦៧ ប្រទេស​សាំង​ហ្គា​ពួរ បានក្លាយ​ជា​សហ​ស្ថាបនិក នៃ​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ។ កាលពី​ឆ្នាំ ២០១៥ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ទិវា​ឯករាជ្យ​ជាតិ​របស់​សិង្ហ​បុរី តាម​ការអញ្ជើញ​ជា​ផ្លូវការ របស់​ប្រមុខ​រដ្ឋាភិបាល សិង្ហ​បុរី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ទិដ្ឋភាព​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ សិង្ហ​បុរី
លោក លី ក្វាន់ យូ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​ប្រកាស​ឯករាជភាព សិង្ហ​បុរី
​ទោះជា សិង្ហ​បុរី គ្រាន់តែ​ជា​រដ្ឋ​កោះ​ដ៏​តូច​ច្រឡឹង​មួយ​ក៏ដោយ ប៉ុន្តែ​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ជា​រដ្ឋ​ដ៏​ស្រស់ស្អាត និង ជឿនលឿន​បំផុត​មួយ​ក្នុង​លោក

ទីតាំងផ្សាយពាណិជ្ជកម្ម