បុរស​បែក​ថ្នាំ​ម្នាក់​បាន​រត់​ចូល​ផ្ទះសំណាក់​ផ្អើល​ទាំង​កណ្តាល​អ​ធ្រា​ត្រ​

219
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ប្រុស​ស្រី​២​នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង ខណៈដែល​បុរស​បែក​ថ្នាំ​ម្នាក់​រត់​ចូលក្នុង​បន្ទប់​គំរាម​កុំ​ឲ្យ​ស្រែក នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១០ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះសំណាក់​សេ​វេន អេ​ម ឌី នៅ​ផ្លូវ​១១១ កែង​នឹង​ផ្លូវ​១៨២​ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

​ជនសង្ស័យ​មានឈ្មោះ អ៊ុ សុ​ភ័​ក្ខ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​បើតាម​សម្តី​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ដែល​មើល​ការខុសត្រូវ​ក្នុងផ្ទះ​សំណាក់​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​មាន​យុវជន​ប្រុស​ស្រី​២​នាក់​បានមក​ជួល​ស្នាក់នៅ​មួយ​យប់​នៅផ្ទះ​សំណាក់​ខាងលើ បន្ទប់​លេខ​៣០៥ ជាន់​ទី​៣ ។ខណៈ​ដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ទំនង​បែក​ថ្នាំ​បាន​រត់​ចូលក្នុង​ផ្ទះសំណាក់ ហើយក៏​ឡើងទៅ​លើ​ជាន់​ទី​៣ ទៅ​គោះ​បន្ទប់​លេខ​៣០៥ ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់​នោះ​ឲ្យ​បើកទ្វារ​។ បើតាម​សម្តី​ជនរងគ្រោះ​បាន​ប្រាប់ថា រូបគាត់​ស្មានតែ​អ្នកស្គាល់គ្នា​ក៏​បើកទ្វារ​ឲ្យ​ចូល ស្រាប់តែ​ជនសង្ស័យ​បិទទ្វារ​ខ្ទាស់​គន្លឹះ ហើយ​គំរាម​មិន​ឲ្យ​ស្រែក បើ​ស្រែក​បោក​ឲ្យ​ងាប់ ខណៈ​ពេលនោះ​ជនរងគ្រោះ​ទាំង​២​នាក់​ក៏​ឃើញ​ជនសង្ស័យ​ក្តាប់ដៃ ធ្វើ​ឲ្យ​រូបគាត់​ភ័យ​មិន​ហ៊ាន​ស្រែក​។

ស្ត្រី​ដែល​គ្រប់គ្រង​ផ្ទះសំណាក់ មើល​ការខុស​ត្រូវបាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ដល់​បន្ទប់​លេខ​៣០៥ ជាន់​ទី​៣ ហើយក៏​បាន​ប្រើ​ពាក្យសម្ដី​អង្វរ​លួង​លោង​ទៅលើ​ជនសង្ស័យ និង​មាន​ពាក្យ​គំរាមកំហែង​ខ្លះ ដើម្បី​ឲ្យ​ជនសង្ស័យ​បើកទ្វារ មួយសន្ទុះ​ធំ ទើបបាន​ជនសង្ស័យ​ព្រម​បើកទ្វារ​ចេញមក​ខាងក្រៅ ត្រូវបាន​សមត្ថកិច្ច​វា​យ​ខ្នោះ​យកទៅ​សួរនាំ និង​ឱ្យ​ជនរងគ្រោះ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ព្រលិត ដើម្បី​សួរនាំ​ដំណើររឿង​។ សំណាងល្អ​ជនរងគ្រោះ​ទាំង​២​នាក់ មិនមាន​រងរបួស​នោះទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សួរនាំ រួច​នឹង​បញ្ជូនបន្ត​ទៅតាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម