វិសម​, វិបល្លាស​, វិប្បដិសារៈ​, វិបុល​, សភាជន​, សតិ

306
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

វិសម –​សៈម៉ៈ សំ​. បា​. ( គុ​. ) ដែល​មិន​ស្មើ​, មិន​រាប​, មិន​រាបទាប​, ដែល​ខ្ពស់ៗ​ទាបៗ ។ វិសមចិត្ត ចិត្ត​មិន​ស្មើ​; ចិត្ត​មិន​ដូចគ្នា ។ វិសមដ្ឋាន ទី​មិន​រាប​, មិន​ស្មើ ។ វិសមភាគ​ភាគ​ឬ ចំណែក​មិន​ស្មើគ្នា ។ វិសមភាព ភាព​ឬ​បែប​មិន​ស្មើគ្នា ។ វិសមវាត ខ្យល់​មិន​ស្មើ​, ខ្យល់​បក់​ឬ រត់​មិន​ស្មើ ។​ល​។

វិបល្លាស –​បុ័​ល​-​ល៉ា ស ( ន​. ) ការផ្លាស់​ប្រែ​, ដំណើរ​ប្រែប្រួល​, វិបរិត​; ការ​បំប្លែង​; ការ​ក្រឡះ​; ការ​ភ្លាត់​ខុស : វិបល្លាសសញ្ញា​, វិបល្លាសចិត្ត​, វិបល្លាសទិដ្ឋិ វិបរិត​សញ្ញា​, ចិត្ត​, ទិដ្ឋិ (​ហៅ​តាម របៀប​ថា សញ្ញាវិបល្លាស​, ចិត្ត​វិបល្លាស​, ។ វិបល្លាស​ក្នុង​វេយ្យា ករណ៍​បាលី មាន ៧ យ៉ាង​គឺ ១- អក្ខរវិបល្លាស ការ​បំប្លែង​អក្ខរៈ​; ២- លិង្គវិបល្លាស ការ​បំប្លែង​លិង្គ​, ដំណើរ​ប្រែប្រួល​លិង្គ​; ៣- វិភត្តិវិបល្លាស ការ​បំប្លែង​វិភត្តិ​; ៤- វចន​វិបល្លាស ការ​បំប្លែង​វចនៈ​; ៥- បុ​រិ​ស​វិបល្លាស​ការ​បំប្លែង បុ​រិ​សៈ​; ៦- កាល​វិបល្លាស ការ​បំប្លែង​កាល​; ៧- វាចក​វិបល្លាស ការ​បំប្លែង​វាចកៈ​;​ដំណើរ​ប្រែ ប្រួល​វាចកៈ ។

វិប្បដិសារៈ ( ន​. ) សេចក្ដី​ក្តៅក្រហាយ​ចិត្ត​, សេចក្ដី​នឹក​ស្តាយក្រោយ​, សេចក្ដី​នឹក​តូចចិត្ត ព្រោះ​ដឹងខ្លួន​ជា​ខុស : មាន​វិប្បដិសារៈ ។ វិប្បដិសារកម្ម អំពើ​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារៈ (​អំពើអាក្រក់​) ។ វិប្បដិសារចិត្ត ចិត្ត​ដែលមាន​វិប្បដិសារៈ ។ វិប្បដិសារភាព ភាព​នៃ​វិប្បដិសារៈ​, ដំណើរ​នឹក​ស្តាយក្រោយ ព្រោះ​ដឹងខ្លួន​ជា​ខុស ។​ល​។

វិបុល ( គុ​. ) ធំ​, ធំ​ក្រៃលែង​; ទូលាយ​; ច្រើន​, បរិបូរ ។ វិបុលផល ផល​ធំ​, ផល​ច្រើន ។ វិបុលភាព ភាវៈ​ធំ​, ទូលាយ ។ វិបុលរាជ្យ (​សំ​. ស​.) អ្នក​បំពេញ​រាជការ​ផែនដី ។ ឋានន្តរ​សេនាបតី​សម្រាប់ ទោ​ក្រសួង​ក្រឡាហោម ក្នុង​កម្ពុជរដ្ឋ​; សម័យ​ឥឡូវ​តាំង​ជាទី​អនុរដ្ឋលេខាធិការ​ក្រសួង​នុះ​ដែរ : អ្នកឧកញ៉ា​វិបុលរាជ្យ​…; ឬ​–​វិបុល​រាជសេនា ។​ល​។

សភាជន ( ន​. ) កិរិយា​ល្អ​, សេចក្ដី​សុភាព​រាបទាប​, បែបបទ​ត្រឹមត្រូវ​, សណ្ដាប់ធ្នាប់​ល្អ​, ការ ប្រព្រឹត្ត​រៀបរយ​, ដំណើរ​សម្ដែង​សេចក្ដី​គួរសម​ចុះ​បែបបទ : ទទួលភ្ញៀវ​ដោយ​សភាជន​, ពោល​ពាក្យ​លាគ្នា​ដោយ​សភាជន ។ សភាជនភាព (​សៈភា​ជៈនៈ​ភាប​)​ភាព​នៃ​ការសម្ដែង សេចក្ដី​គួរសម​ចុះ​បែបបទ​, ភាព​នៃ​ការប្រព្រឹត្ត​រៀបរយ : ស្ដី​និយាយ​រកគ្នា​ដោយ​សភាជនភាព ។​ល​។

សតិ សៈតិ ( ន​. ) ស្មារតី គឺ​សេចក្ដី​នឹកឃើញ​, ការ​រឭក​បាន​, ការ​រឭក​ឃើញ​មិន​ភ្លេច​, ការ​ចាំ បាន​, ការប្រុងប្រយ័ត្ន​មិន​ឲ្យ​ភ្លេច​; ដំណើរ​ស្វាង​រុងរឿង​គំនិត : មាន​សតិ​, ភ្លាត់សតិ​, ដាស់សតិ ។ សតិចេតសិក សតិ​ដែល​រាប់​ជា​ចេតសិក​មួយ​ក្នុង​ចេតសិក ៥២ ។ សតិជាគរិយៈ​ដំណើរ​ភ្ញាក់ ស្មារតី ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម