ហុងកុង​ចាប់ខ្លួន​សេដ្ឋី​ព័ត៌មាន ចំពោះ​ការរំលោភច្បាប់​សន្តិសុខ​

214
ចែករម្លែក

​ជំនួយការ​ម្នាក់​របស់​សេដ្ឋី​ព័ត៌មាន​ហុងកុង​ លោក ជី​មមី ឡាយ និយាយថា លោក​ឡាយ ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​សីហា នៅក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ទីក្រុង​នេះ ចំពោះ​ការសង្ស័យ​​ថា​លោក​សមគំនិត​ជាមួយ​កម្លាំង​បរទេស​។​

​លោក​ម៉ាក់ ស៊ីម៉ុន បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា «​លោក ជី​មមី ឡាយ នៅពេលនេះ​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ការ​សមគំនិត​ជាមួយ​កម្លាំង​បរទេស​»​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ហុងកុង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​៧​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការសង្ស័យថា​បាន​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​​ត្រូវបាន​ឃាត់ខ្លួន​ទេ​។​

​លោក​ឡាយ ដែល​ជា​ម្ចាស់​សារព័ត៌មាន​ពេញនិយម​Apple Daily​ជា​បុគ្គល​និយាយ​មិន​ចេះ​ទប់​សម្តី​និង​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង ។​លោក​តែង​រិះគន់​ការគ្រប់គ្រង​បែប​ផ្តាច់ការ​របស់​ចិន​​ប៉េកាំង​។​

​លោក​ស៊ី​ម៉ុន​បាន​និយាយថា ប៉ូលិស​បាន​ចូល​ឆែកឆេរ​ទាំង​ផ្ទះ​លោក​ឡាយ និង​ផ្ទះ​កូនប្រុស​របស់​លោក ព្រមទាំង​ស្វែងរក​ចាប់ខ្លួន​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​សារព័ត៌មាន​Next Media​របស់​លោក​ឡាយ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​សេដ្ឋី​ព័ត៌មាន​ហុងកុង ជី​មមី ឡាយ ស្ថាបនិក​កាសែត​ប្រចាំ​សប្តាហ៍​Apple Daily

ទីតាំងផ្សាយពាណិជ្ជកម្ម