ការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញជាតំបន់ភូមិសាស្ត្រទំនាបលិចទឹករាងជាបាតខ្ទះ

431
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញពន្យល់ពីហេតុផលមួយចំនួនបណ្ដាលឱ្យជំនន់ទឹកភ្លៀងជនន់លិចតំបន់មួយចំនួនក្នុងរាជធានីមានដូចជា។

១-ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិ សាស្ត្រទំនាបលិចទឹករាងជាបាតខ្ទះ ព័ទ្ឋជុំវិញដោយការគំរាមកំហែងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ព្រមទាំងទទួលទឹកជាប្រចាំពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ចូលរាជធានីភ្នំពេញមុនហូរធ្លាក់ទៅទន្លេ។ ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើអោយទ្វារទឹកនៅតាមទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទចៀសវាងទឹកហូរចូលក្នុងក្រុង ហើយប្រើស្ថានីយ៍បូមទឹកចំនួន ១៤កន្លែងបូមបញ្ចេញក្រៅក្រុង។

២-តំបន់ប្រទេសអាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលរបបទឹកភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០ម ទៅ ២២០០មមក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក។

៣-ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ភ្លៀងធ្លាក់ខ្លាំងមានរយៈពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ការដោះស្រាយទឹកមិនអោយលិចទីក្រុងបានក្នុងកម្រិតកំពស់ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរដែរ។

៤-បណ្តាញលូមានទំហំតូច និងមានការខ្វះខាត មិនគ្រប់គ្រាន់។ ផ្លូវក្នុងរាជធានីភ្នំពេញមានប្រវែង ២៤៦០គម បើគិតពីបណ្តាញលូសងខាងផ្លូវត្រូវមានបណ្តាញលូសរុបប្រវែងយ៉ាងតិច ៤៩២០គ.ម ជាក់ស្តែងក្នុងរាជធានីភ្នំពេញមានតែ ៨៨០គ.មប៉ុណ្ណោះ ដែលត្រូវមានការចាំបាច់អភិវឌ្ឍន៍បណ្តាញលូអោយបានច្រើនថែមទៀត និងបង្កើនសមត្ថភាពបូមទឹកឱ្យបានខ្ពស់។

៥-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅដ្ឋានអោយស្របតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋដែលកាន់តែកើនឡើងខ្ពស់ (ពីមុនប្រជាជន ៣សែននាក់ កើនឡើងជិត ៣លាននាក់)បានធ្វើអោយតំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាបដែលធ្លាប់ទទួលទឹក និងជ្រាបចូលដីបានបាត់បង់រួមតូចដោយចាក់សាប ចាក់បេតុង ចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងម្តងៗបង្ហូរត្រង់ទៅបណ្តាញលូតែម្តង។

៦-កង្វះខាតអណ្តូងលូបង្ហូរទឹកចូល ការលួចបិទភ្ជិតអណ្តូងលូ ការបន្ទាបអណ្តូងលូដើម្បីយានយន្តឡើងចេញចូលផ្ទះ។

៧-បញ្ហាសំរាមស្ទះកកបាំងផ្លូវទឹកមុខអណ្តូងលូ ការស្ទះសំរាមមុខចម្រុឹងស្ថានីយ៍បូមទឹក និងការចូលសំរាមក្នុងម៉ូទ័របូមទឹក ធ្វើអោយខូចម៉ូទ័រជារឿយៗ។

៨-ការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុងកើនឡើងខ្ពស់ ។ប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកាន់តែកើន ធ្វើអោយក្នុងបណ្តាញលូខ្លះពោរពេញដោយទឹកកខ្វក់ ធ្វើអោយកាត់បន្ថយសមត្ថភាពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ។

ដោយហេតុដូចបានជំរាបជូនខាងលើ កត្តាជាច្រើននេះរាជធានីភ្នំពេញងាយនឹងប្រឈមបញ្ហាទឹកភ្លៀងលិច ប៉ុន្តែការដោះស្រាយបញ្ហាទឹកលិចប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការកសាងបណ្តាញលូថ្មី ប្រវែង ៤៥០គ.ម ការកសាងស្ថានីយ៍បូមទឹកថ្មីចំនួន ៨កន្លែងដែលបង្កើនសមត្ថភាពបូមទឹក ៣ដង និងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៃប្រព័ន្ឋបង្ហូរទឹក បានធ្វើអោយរាជធានីភ្នំពេញទទួលបានលទ្ឋផលល្អប្រសើរ ជាក់ស្តែង:ក-បើភ្លៀងធ្លាក់ក្រោមកំពស់ ៤០ម.មក្នុង១ម៉ោង ភ្នំពេញ មិនរងការលិចទឹកទេ ឬអាចលិចក្នុងកម្រិតស្រាលបើមានបញ្ហាកកស្ទះសំរាម។ខ-បើភ្លៀងធ្លាក់លើសពីកំពស់ ៤០ម.ម ភ្នំពេញនឹងរងការលិចទឹកដូចបណ្តាទីក្រុងលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ការលិចទឹកនៅពេលបច្ចុប្បន្ននេះ មានរយៈពេលខ្លី បើធៀបនឹងការលិចលង់ប៉ុន្មានឆ្នាំមុន ។
ដោយការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញលូ ទីតាំងដែលធ្លាប់លិចទឹកធ្ងន់ធ្ងរចំនួន ៣២ទីតាំង ត្រូវបានដោះស្រាយការលិចទឹក និងកាត់បន្ថយលិចទឹក តំបន់ខ្លះពីមុនបើភ្លៀងពីពេលរសៀល ស្អែកឡើងធ្លាប់លិចនៅបន្តប្រើរយៈពេលលិច​១០ម៉ោង ទៅ៤៨ម៉ោងឯណោះ ប៉ុន្តែបច្ចុប្បន្នអាចលិចត្រឹម ១៥នាទី ឬ ៣០នាទី ឬ១ម៉ោងប៉ុណ្ណោះ ដូចជា:

តំបន់ផ្សារទួលទំពូង ដោះស្រាយបាន ៩០ភាគរយតំបន់មហាវិថី ម៉ៅ សេទុង មុខស្ថាន​ទូតចិន ដោះស្រាយបាន ៩០ភាគរយតំបន់មុខព្រះបរមរាជវាំង និងរដ្ឋសភា បានដោះស្រាយ ៩០ភាគរយតំបន់មហាវិថី ហ្សាដឺហ្គោល ដោះស្រាយបាន ៩០ភាគរយតំបន់មុខវត្តមហាមន្ត្រី ដោះស្រាយបាន ៩០ភាគរយតំបន់ខាងកើតពហុកីឡាជាតិអូឡាំពិក រង្វង់មូលសំពៅមាស ដោះស្រាយបាន ៩០ភាគរយមហាវិថីម៉ៅ សេទុង មុខអតីតសណ្ឋាគារអាំងទែ​កុងទីណង់តាល់ ដោះស្រាយបាន ៩០ភាគរយផ្លូវ សុខ ហុក ដោះស្រាយបាន ៩០​ភាគរយផ្សារចាស់ ដោះស្រាយបាន ៧០ភាគរយ អាចលិចត្រឹម ១៥នាទីទៅ ២០នាទី​មហាវិថី កម្ពុជា​ក្រោម ដោះស្រាយបាន ៧០ភាគរយ អាចលិចត្រឹម ១៥នាទី ទៅ១ម៉ោង។ល។

នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងមានកំពស់រហូតដល់ ១០៥ម.មក្នុងរយៈពេល២ម៉ោង ធ្វើអោយការទ្រទ្រង់បណ្តាញលូហួសសមត្ថភាពបណ្តាលអោយទឹកលិចនៅស្តុបម៉ុងឌីយ៉ាល់ ២ម៉ោងក្រោយភ្លៀង និងតំបន់បឹងទំពុនផ្នែកខ្លះទឹកលិចរយៈពេលជាង១០ម៉ោង ប៉ុន្តែតំបន់ផ្សេងៗទៀតមិនរងការលិចធ្ងន់ធរទេ។ កាលពីថ្ងៃទី៨សីហារដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ថ្មីចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹក

បឹងទំពុន មានសមត្ថភាពបូមទឹកបន្ថែម ៦ម៉ែត្រគូបក្នុង១វិនាទី ធ្វើឱ្យស្ថានីយ៍នេះបូមកើនរហូតដល់ ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចទឹកនៅស្តុបម៉ុងឌីយ៉ាល់ និងតំបន់បឹងទំពុន។

មន្ត្រីបានបញ្ជាក់ទៀតថា៖ទិសដៅ និងសំណូមពរ:ដើម្បីកាត់បន្ថយការលិចលង់ដោយទឹកភ្លៀង ត្រូវមានការចូលរួមចំណែក និងសហការពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការកាយសំរាមមុខអណ្តូងលូ ចៀសវាងបិទភ្ជិត និងបន្ទាបអណ្តូងលូ ថែរក្សាបណ្តាញលូ ។ ជាមួយគ្នានេះ អាជ្ញាធរនឹងខិតខំកសាងបណ្តាញលូថ្មី ប្រឡាយបន្ថែមទៀតដែលកំពុងខ្វះ​ខាត និងកសាងស្ថានីយ៍បូមទឹកថ្មីបន្ថែម។

ការសន្និដ្ឋានក្រោយពីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញលូប្រឡាយ និងស្ថានីយ៍បូមទឹកថ្មីជាច្រើន បានធ្វើអោយតំបន់ដែលធ្លាប់រងការលិចលង់រយៈពេលយូរ មកជាតំបន់​រងការលិចលង់រយៈពេលខ្លី ជួនកាលត្រឹម ១៥នាទី ទៅ១ម៉ោងប៉ុណ្ណោះ មិនអាចលិចដល់ថ្ងៃបន្ទាប់ដូចមុនឡើយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម