អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកោះ​កុង ស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋនៅឃុំកោះស្តេច

134
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ដើម្បីក្តាបក្តាប់នូវព័ត៌មាន និងអាចដោះស្រាយបញ្ហាមួយចំនួនពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្ត លោក ដុំ យុហៀន សមាជិកនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង បានចុះស្វែងយល់ពីស្ថានភាពរស់នៅ និងសុខទុកលំបាករបស់ពលរដ្ឋនៅឃុំកោះស្តេច កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

លោក ដុំ យុហៀន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង ថ្លែងថា លោកបានមើលឃើញពីវឌ្ឍន៍ និងការរីកចម្រើនជាច្រើននៅក្នុងមូលដ្ឋានឃុំកោះស្តេច ស្រុកគិរីសាគរ ដែលភាគច្រើនពលរដ្ឋប្រកបនេសាទសមុទ្រ និងបម្រើកម្មសេវាវិស័យទេសចរណ៍។

ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៥៥គ្រួសារ និងមន្រ្តីរាជការ លោកក៏ទាមទារឱ្យប្រជាពលរដ្ឋក្នុងឃុំមូលដ្ឋាន និងទូទាំងខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ពីជំងឺ កូវីដ១៩អោយបានល្អ ខណៈជំងឺនេះបន្តរីករាលដាលឥតឈប់ឈរពាសពេញពិភពលោក។ ត្បិតកម្ពុជាមិនទាន់មានមនុស្សណាម្នាក់ស្លាប់ដោយសារជំងឺក៏មែន។

អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត លើកឡើងថា បញ្ហាជំងឺកូវីដ១៩ នៅតែរកឃើញជាបន្តបន្ទាប់ដែលជាការនាំចូលពីក្រៅប្រទេស។ ដូច្នេះសូមពលរដ្ឋកុំសន្តិភាពជាមួយជំងឺនេះអោយសោះ ដោយងាកមកចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដើម្បីជៀសវាងការឆ្លងរីករាលដាល។ ករណីមានការសង្ស័យណា ត្រូវប្រញាប់មកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេលវេលា។

ក្រៅពីតែជំងឺកូវីដ ពិសេសរដូវវស្សានេះ លោកជំរុញដល់ពលរដ្ឋបង្ការការពារជំងឺគ្រុនឈីក ដែលប្រជាពលរដ្ឋចាំបាច់យកចិត្តទុកដាក់ខ្ពស់ការពារខ្លួន គ្រាក្រសួងសុខាភិបាលប្រកាសឱ្យប្រុងប្រយ័ត្នដោយសារតែមូលខ្លាញីខាំ។ ក្នុងរដូវកាលអំឡុងបញ្ហាជំងឺកូវីដ រាជរដ្ឋាភិបាល ផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ ដើម្បីដោះស្រាយជីវភាពលំបាកគ្រាទីទ័លក្រ។

ទាក់ទិងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ភូមិឃុំសុវត្ថិភាព លោក ដុំ យូហៀន ណែនាំដល់កម្លាំងអាជ្ញាធរឃុំពិនិត្យ និងផ្តល់សេវាសាធារណជូនពលរដ្ឋអោយបានឆាប់រហ័ស តាមតម្រូវការចង់បានពលរដ្ឋ។

លោក ឃឹម ច័ន្ទឌី អភិបាលស្រុកគិរីសាគរ អះអាងថា កន្លងទៅ និងបច្ចុប្បន្នអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់លើការណែនាំអប់រំពីការធ្វើអនាម័យសុខភាពជូនពលរដ្ឋតាមក្បួនវេជ្ជសាស្រ្តទាក់ទិងជំងឺកូវីដ។ តែក៏មានបញ្ហាមួយចំនួនដែលមិនទាន់ដោះស្រាយអស់ទេនៅលើកោះស្តេចនេះ ទី១ បញ្ហាគ្រប់គ្រងកាកសំណល់សំរាម ទី២បញ្ហាវិវាទដីធ្លី ទី៣ ទីតាំងផែឆ្លងកាត់ទៅមក ខណៈដីផែទូកសព្វថ្ងៃជាដីក្រុមហ៊ុន ញូ ញៀន និងទី៤ ការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ពីបរទេស។

ទន្ទឹមនោះ លោកអភិបាលស្រុកគិរីសាគរ ស្នើដល់អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត មេត្តាជួយពិនិត្យ និងដោះស្រាយជូនពលរដ្ឋ ដើម្បីឈប់បញ្ហរងផលប៉ះពាល់បន្តទៅទៀត។

អ្នកស្រី សាយ ហួយ និងលោក កៅ ម៉ែន ជាប្រជាពលរដ្ឋក្រីក្រមកទទួលអំណោយពីអ្នកតំណាងរាស្រ្តនៅឃុំកោះស្តេច សម្តែងនូវការដឹងគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា អ្នកតំណាងរាស្រ្ត អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធដែលតែងតែគិតគូរទុកលំបាករបស់ពួកគាត់អំឡុងពេលការរាលដាលជំងឺកូវីដ។

ក្រុមពលរដ្ឋនៅឃុំកោះស្តេច អះអាងថា ពួកគាត់បានទទួលព័ត៌មានច្រើនពីជំងឺកូវីដ ឬជំងឺគ្រុនឈីក គ្រុនឈាម ហើយនឹងបានចូលរួមធ្វើអនាម័យសុខភាពប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកាចសហាវខាងលើ។ ជីវភាពពួកគាត់សព្វថ្ងៃលំបាកគ្មានចំណូលគ្រប់គ្រាន់ទេអំឡុងជំងឺកូវីដនេះ ប៉ុន្តែរាជរដ្ឋាភិបាលបានផ្តល់បណ្ណ័ក្រីក្រ គឺពួកគាត់អាចបើកថវិកាឧបត្ថម្ភបាន២ខែមកហើយដែលជាការសម្រួលដោះស្រាយក្នុងជីវភាពខ្វះខាត។

លោក សុខ ចេង មេឃុំកោះស្តេច ឱ្យដឹងថា អាជ្ញាធរស្រុក ឃុំ និងភូមិបានផ្សព្វផ្សាយអប់រំពីបញ្ហាជំងឺកូវីដ១៩ និងគ្រុនឈាម បញ្រ្ចៀបការយល់ដឹង ក៏ដូចជាការពារទប់ស្កាត់ជំងឺទាំងនេះ។ ទាក់ទិនបណ្ណក្រីក្រ នៅឃុំកោះស្តេច មានប្រជាពលរដ្ឋចំនួន៥០គ្រួសារ បានទទួលបណ្ណក្រីក្រអាចបើកសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅតាមសាខាវីងដែលនៅជិតលំនៅដ្ឋានពួកគាត់ ក្រោយពីបានចុះស្រង់ស្ថិតិសម្ភាសន៍ និងវាយតម្លៃលម្អិតយ៉ាងតម្លាភាពកន្លងទៅ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម