ប្រទេស​ម៉ូ​រី​ស ជួប​គ្រោះមហន្តរាយ​បរិស្ថាន​ធ្ងន់ធ្ងរ​ដោយសារ​ហៀរ​ប្រេង​ឆៅ​រាប់ពាន់​តោន​ចូល​សមុទ្រ​

215
ចែករម្លែក

​អ្នកស្ម័គ្រចិត្ត​រាប់ពាន់​នាក់​នៅ​ប្រទេស​ម៉ូ​រី​ស កំពុង​ខ្នះខ្នែង​ដុតដៃដុតជើង​ដើម្បី​ជួយ​ទប់ទល់​ស្ថានភាព​ប្រេង​ឆៅ​កំពប់​ហៀរ​ចូល​មហាសមុទ្រ​ឥណ្ឌា និង​ឆ្នេរ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី​៩ ខែសីហា​កន្លងទៅ​។ ​នាវា​ដឹក​ប្រេង​ឆៅ​ជប៉ុន ដែល​មានឈ្មោះ​ថា MV Wakashio បាន​ធ្លាយ​ប្រេង​ចូលក្នុង​ដែន​ឧទ្យាន​សមុទ្រ​ការពារ​ដែល​សម្បូរ​ទៅ​ដោយ​ថ្ម​ប៉ប្រះ​ទឹក ព្រៃកោងកាង និង​សត្វ​ជិត​ផុត​ពូជ​បណ្ដាលឱ្យ​រដ្ឋាភិបាល​​ប្រកាស​ភាពអាសន្ន​ផ្នែក​បរិស្ថាន​ដែល​មិន​ធ្លាប់មាន​។

​នាវា​នេះ​បាន​ជាប់​គឿង​តាំង​ពី​ថ្ងៃទី​២៥ ខែកក្កដា ប៉ុន្តែ​ទើប​តែ​ចាប់ផ្តើម​លេច​ធ្លាយ​ប្រេង​នៅ​សប្តាហ៍​នេះ និង​ហៀរ​ប្រេង​ចេញ​អស់​ប្រមាណ ៤.០០០ តោន ក្រោយ​ពី​ការព្យាយាម​ទាញ​ឱ្យ​វា​ត្រង់​វិញ​ត្រូវ​បរាជ័យ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បារម្ភ​ថា ប្រេង​នឹង​ហៀរ​ចេញ​កាន់តែ​ខ្លាំង​បន្ថែមទៀត​។

​នាយករដ្ឋមន្ត្រី ប្រា​វីន ជុ​កណូត បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមការងារ​ទប់​ការ​លេច​ធ្លាយ​បាន​ហើយ​នៅពេលនេះ​ប៉ុន្តែ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​ហេតុការណ៍​អាក្រក់​បំផុត​​ដែល​អាច​កើតឡើង ព្រោះ​ហានិភ័យ​ដែល​នាវា​នេះ​អាច​បាក់​ជា​ពីរ​នៅតែមាន​។

​ប្រទេស​ជប៉ុន បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​៦​នាក់​ឱ្យ​ជួយ​ប្រទេស​ម៉ូ​រី​ស រួម​ជាមួយ​ប្រទេស​បារាំង ដែល​បាន​បញ្ជូន​នាវា​កងទ័ពជើងទឹក និង​យន្តហោះ​យោធា​ចេញពី​កោះ Reunion Island ដែល​នៅ​ក្បែរ​នោះ បន្ទាប់​ពី​ប្រទេស​ម៉ូ​រី​ស បាន​អំពាវនាវ​សុំ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​៕ ​ប្រែ​សម្រួល​៖ ខុម/sn

អ្នកស្ម័គ្រចិត្ត​នៅ​ប្រទេស​ម៉ូ​រី​ស កំពុង​ខ្នះខ្នែង​ដុតដៃដុតជើង​ដើម្បី​ជួយ​ទប់ទល់​ស្ថានភាព​ប្រេង​ឆៅ​កំពប់​ហៀរ​ចូល​មហាសមុទ្រ​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម