អ្នកនាំពាក្យៈ អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៤​នាក់ ជាមួយ​ស្ត្រី​ជា​កងទ័ព​មួក​ខៀវ គឺ​អវិជ្ជមាន​ខូ​វិដ ១៩

131
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ការធ្វើ​ធ្វើតេស្ត​លើក​ទី ១ ទៅលើ​សំណាក​របស់​សាច់ញាតិ​សរុប​ចំនួន ០៤ នាក់ ដែល​ត្រូវជា​ឪពុក ម្តាយ បងប្រុស និង ប្អូនប្រុស ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ស្ត្រី​ខ្មែរ​ជា​កងទ័ព​មួក​ខៀវ ដែល​ផ្ទុក កូ​វីដ ១៩ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន ។ ទោះយ៉ាងណា អ្នក​ទាំង ០៤ នាក់ នេះ ត្រូវបាន​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត កណ្តាល ។ ដោយឡែក អ្នក​ប៉ះពាល់​ប្រយោល​ចំនួន ០៩ នាក់ ផ្សេងទៀត កំពុងស្ថិត​នៅក្រោម​ការ​តាមដាន​របស់​មន្ត្រី​សុខាភិបាល ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោកស្រី ឪ វណ្ណឌី​ន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល ដែល​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្តី នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ ។


​លោកស្រី ឪ វណ្ណឌី​ន បានបញ្ជាក់​បន្ថែមថា ស្ត្រី​ដែលជា​កងទ័ព​មួក​ខៀវ​រូបនោះ បានធ្វើ​តេស្ត​រកឃើញ​កូ​វីដ ១៩ នៅពេល​ធ្វើតេស្ត​ជា​លើក​ទី ៥ និង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហើយ ។


​គប្បី​រំឭកថា ស្ត្រី​រូបនោះ​ស្ថិតនៅក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​ចំនួន ៨០ នាក់​ដែល​បានមក​ដល់ កម្ពុជា កាលពី​ថ្ងៃទី ១០ ខែ កក្កដា និង ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ ពីរដង​រួចមកហើយ លុះ​ពេល​គាត់​មាន​រោគសញ្ញា ទើប​ធ្វើតេស្ត​ជា​លើក​ទី ៥ ហើយ​រកឃើញ​វិជ្ជមាន កូ​វីដ ១៩ ហើយ​ការរកឃើញ​កូ​វីដ ១៩ ទៅលើ​ស្ត្រី​កងទ័ព​មួក​ខៀវ​រូបនេះ បណ្តាលឱ្យ​មហាជន មានការ​ព្រួយបារម្ភ នៅពេលដែល ចៅសង្កាត់ សិត្បូ ក្រុង តាខ្មៅ រាយការណ៍​ពី​ក្តីបារម្ភ ចំពោះ​ស្ត្រី​កងទ័ព​មួក​ខៀវ ដោយ​ទើបតែ​ធ្វើតេស្ត​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ ដោយ​ស្ត្រី​រូប​នោះបាន​ប៉ះពាល់​ចាស់ៗ និង អ្នកភូមិ​ជាច្រើន​ដែល​ធ្វើអោយមាន​ក្តីបារម្ភ​ជាខ្លាំង ។ នេះ​បើតាម​លិខិត​របស់​ចៅសង្កាត់​សិត្បូ ។


​នៅក្នុង​លិខិត​ជូន​អភិបាលក្រុង​តាខ្មៅ នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ ចៅសង្កាត់​សិត្បូ បាន​លើកឡើងថា ស្ត្រី​ផ្ទុក កូ​វីដ ១៩ រូបនោះ បានមក​ដល់ផ្ទះ​នៅ​ភូមិ ព្រែកត្រែង សង្កាត់ សិត្បូ កាលពី​ថ្ងៃទី ៣០ ខែ កក្កដា ហើយ​ពេលទៅដល់​ផ្ទះ​គាត់​បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ព្រឹក ថែមទៀត​។


​នៅក្នុង​លិខិត​បន្តថា បន្ទាប់មក​សាមីខ្លួន​បាន​ក្តៅខ្លួន ក៍បាន​ទៅឱ្យ​ពេទ្យ​ពិ​និ​ត្រ​នៅ​ជិត​ផ្ទះ ចាក់​ថ្នាំ និង ផ្សំ​ថ្នាំ​អោយ ដោយ​ជំងឺ​មិន​ធូរស្រាល សាមីខ្លួន​បាន​ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ ១៩ នៅ​មន្ទីរពេទ្យ ជ័យជំនះ តែ​លទ្ធផល​អវិជ្ជមាន​ទៀត ។ លុះ ០២ ថ្ងៃ​ក្រោយមក ដោយមាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង និង ហៀរ​សំបោ​ទើប​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ ជ័យជំនះ ម្តងទៀត ទើប​ទទួលបាន​លទ្ធផល វិជ្ជមាន ។​


​លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា បច្ចុប្បន្ន​មន្ត្រី និង ក្រុមគ្រូពេទ្យ​កំពុង​តាមដាន​ចំពោះ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​រូបនេះ ហើយ​សូមឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ដាក់​ខ្លួនឯង​កុំឱ្យ​ប៉ះពាល់​ជាមួយ​អ្នកដទៃ ៕ Kh

លោ​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល (​រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម