អ្នកស្រុក​បន្ទាយស្រី ១២៧ គ្រួសារ សុំអោយ​អាជ្ញាធរ ព​ន្លឿ​ន​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​

493
ចែករម្លែក


ដោយ​:​អង្គរតូច​/ សៀមរាប​÷ ពលរដ្ឋ ១២៧ គ្រួសារ ដែលមាន​ក្បាលដី ១៥៧ ប័ណ្ណ ស្ថិតក្នុង​ភូមិ​ខ្នារ​រង្វាស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​បាន​ទទូច​សុំអោយ អាជ្ញាធរខេត្ត ជួយ​ព​ន្លឿ​ន​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី បន្ទាប់ពី​រង់ចាំ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ករណីនេះ មន្ត្រី​សាលាខេត្ត ដែលជា​អ្នក​កាន់​ឯក សារ​ដី បញ្ជាក់ថា បាន​បញ្ជូនទៅ​ក្រសួង​អស់ហើយ​។​

​លោក ស៊ា ថាច ពលរដ្ឋ ក្នុងចំណោម ១២៧ គ្រួសារ បានអោយដឹងថាៈ ក្បាលដី ទាំង ១៥៧ ប័ណ្ណ ដែល​ស្ថិត​ក្នុងភូមិ​ខ្នារ​រង្វាស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​នេះ កាលពី​ឆ្នាំ​២០១២ ខាង​និស្សិត បាន​ចុះ​វាស់​រួច​អស់ហើយ​។ ក្នុងពេល​ជាមួយគ្នា​នោះ ក៍មាន​ឈ្មួញ មួយក្រុម ដើរ​ទិញ​ដី លុះ​ពេល​ពលរដ្ឋ ពួកគាត់ មិន​ព្រម​លក់ ដោយ​រក្សាទុក សម្រាប់ធ្វើ​ស្រែចំការ ក៍​លេចមុខ​មនុស្ស ៣ នាក់ ប្តឹង​ជំទាស់​។ ដោយសារ​មាន​បណ្តឹង​ជំទាស់ ខាង​និស្សិត មិន​បានចេញ​ប្លង់​អោយ​ទេ ដោយ​ទុក​ឱកាស​អោយ​ដោះស្រាយ​គ្នា​សិន​។​

​លោក​បាន​បន្តថា​៖ លុះ​ឆ្នាំ​២០១៥ អ្នកប្តឹង​ជំទាស់​ទាំង ៣ នាក់ គឺ​ឈ្មោះ​ហង្ស ម៉ៅ​. ឡុង វ៉ាន់​ថា និង ងូវ ប៉េង​តារា​វ៉ាន់ បាន​ដក​បណ្តឹង​វិញ​អស់​។ ពេល​បន្ទាប់ ពួកគាត់ ក៍បាន​ស្នើសុំ​ទៅ​ស្រុក ដើម្បី​បន្ត​ឯកសារ​ជាថ្មី​។ ប៉ុន្តែ​មកទល់ពេលនេះ បាត់​ដំណឹង មិនដឹងថា ឯកសារ​នោះ មាន​បញ្ហា​អី​។​

​ក្នុងករណីនេះ លោក​ឃឹម ហ្វី​ណង់ នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា នេះ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ថាៈ ដី​ខាងលើ ក្រោយពេល​បញ្ចប់​វិវាទ លោក​បានរៀបចំ​ឯកសា​រ បញ្ជូនមក​សាលាខេត្ត​រួចហើយ​។ ដូចនេះ គ្រប់យ៉ាង ផុតពី​ដៃ​លោក​ហើយ​។​

​ក្រុម​ពលរដ្ឋ ខាងលើ ក៍​បានអោយដឹងថា ដោយ​បាត់​ដំណឹង អំពី​ឯកសារ​ដី​នេះ យូរពេក ពួកគាត់ ក៍​បាននាំគ្នា​ទៅ​សាកសួរ ខាង​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ហើយ​ខាង​មន្ទីរ បញ្ជាក់ថា ឯកសារ​បញ្ជូន ទៅ​ខេត្ត រួចហើយ​ដែរ​។ ពួកគាត់ (​ពលរដ្ឋ​ខាងលើ​) បានបញ្ជាក់​ថាៈ ដោយ​មិនដឹងថា ឯកសារ នៅ​ស្ទះ​ត្រឹមណា ពិតប្រាកដ ពួកគាត់​សុំអោយ​អាជ្ញាធរ ព​ន្លឿ​ន​ក្នុង​ការបញ្ជូន​ឯកសារ ដើម្បី​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី ដល់​ពួកគាត់​។​

​ក្នុងករណីនេះ លោក​លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា​នេះ​ថាៈ ឯក សារ បាន​បញ្ជូនទៅ​ក្រសួង​អស់ហើយ​។ តែបើ​ចង់ដឹង​លំអិត សុំ​សួរ​ទៅ​មន្ត្រី​កាន់​ឯកសារ​។​

​លោក អឹង សុភ័ណ មន្ត្រី​សាលាខេត្ត​សៀមរាប បានបញ្ជាក់ តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី​១០ ខែសីហា​នេះ​ថាៈ ឯកសារ​ដី​នោះ មិនមាន​កកស្ទះ នៅ​សាលាខេត្ត​ទេ គឺ​បាន​បញ្ជូនទៅ​ក្រសួង អស់ហើយ​។ លោក​បាន​បន្តថាៈ ករណីនេះ គឺ​រង់ចាំតែ​ការ​អនុ​វិយោគ ពី​រាជរដ្ឋាភិបាល តែប៉ុណ្ណោះ​។ បើ​រាជរដ្ឋាភិបាល សម្រេច សាលាខេត្ត និង​ចុះទៅ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូន​ពួកគាត់​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម