​គ្រោះថ្នាក់​ចរាចរណ៍​១០១​ថ្ងៃៈ​ស្លាប់​មនុស្ស​៤២៥​នាក់​និង​របួស​១.២១៧​នាក់​

141
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១០១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៧៩៤​លើក ស្លាប់​មនុស្ស​ចំនួន ៤២៥​នាក់ របួស​ចំនួន ១២១៧​នាក់ ក្នុងនោះ​របួសធ្ងន់ ៧១៦​នាក់​។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ

​លោក​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន ១២​លើក ស្លាប់​៥​នាក់​និង​របួស​ចំនួន​២៤​នាក់​ក្នុងនោះ​របួសធ្ងន់​ចំនួន​១២​នាក់​។​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០​បានឱ្យដឹងថាៈ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​បាន​កើតឡើង​ចំនួន​១.៦១៩​លើក​បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់​និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់​ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។​បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក​ស្មើ​២៥%(១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម