ម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគខូវីដ១៩ពីរគ្រឿងបានប្រគល់ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

248
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿងនិងថ្នាំកម្ចាត់មេរោគកូវីដ១៩ដែលទទួលបានមកពីអង្គការYUNDIនិងសមាគមអ្នកវិនិយោគអន្តរពាណិជ្ជកម្ម កម្ពុជា-ចិន ។

បញ្ជាក់ក្នុងពិធីដែលបានរៀបចំឡើងកាលពីថ្មីៗមកនេះ លោក LUO ZHI ប្រធានអង្គការYUNDI បានឱ្យដឹងថា ក្រៅពីការងារជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា អង្គការYUNDIក៏បានចូលរួមយ៉ាងសកម្មជាមួយបណ្តាអង្គការសង្គមស៊ីវិលនានាក្រោមលំហសេរីភាពយ៉ាងពេញលេញក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នាផងដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថាពេលនេះ អង្គការចំនួន៤ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបានរួមកម្លាំងគ្នាក្នុងការចូលរួមជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

ក្នុងពិធីនេះដែរលោក ឡោក ឆាយ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសាទរនិងថ្លែងនូវការកោតសរសើរចំពោះសមាគមទាំង៤ដែលបានរួមកម្លាំងគ្នាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម ជាមួយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិយាយដោយឡែក លើការប្រយុទ្ធប្រឆាំង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ព្រមជាមួយគ្នាលោកក៏បានលើកទឹកចិត្តដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលទទួលបានបន្ទុកក្នុងការសិក្សាលើការប្រើប្រាស់ម៉ាស៊ីន និងចូលរួមបាញ់ថ្នាំសម្លាប់មេរោគឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សានិងអនុវត្តផ្ទាល់លើការបាញ់ថ្នាំនៅអគារការិយាល័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព អនាម័យ និងការការពារខ្លួនពីការឆ្លងនៃជំងឺរាតត្បាតជាសកលកូវីដ១៩និងជំងឺឆ្លងនានា៕

ទីតាំងផ្សាយពាណិជ្ជកម្ម