ចិន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​អាម៉េរិក​១១​នាក់​ ជា​ការ​សងសឹក​ចំពោះ​ចំណាត់ការ​របស់​អាម៉េរិក​

352
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា​ បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​អាម៉េរិក​១១​នាក់ រួម​មាន​ព្រឹទ្ធសមាជិក ​ម៉ាកូ រូប៊ី​អូ និង ថេត គ្រូ​ស នៅក្នុង​ការ​សងសឹក​ចំណាត់ការ​ស្រដៀង​គ្នា​​របស់​អាម៉េរិក ដែល​បង្កឡើង​ដោយ​ការអនុវត្ត​ន៍ច្បាប់​សន្តិសុខ​របស់​ចិន​ប៉េកាំង​នៅ​ហុងកុង​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​​ បាន​ចោទប្រកាន់​មន្ត្រី​១១​នាក់​ថា​គាបសង្កត់​«​សេរីភាព​និង​ដំណើរការ​ប្រជាធិបតេយ្យ​»​នៅ​ហុងកុង រួម​មាន​មេដឹកនាំ​ហុងកុង​​ លោកស្រី ការី ឡាំ និង​បាន​ប្រកាស​ផែនការ​បង្កក​ទ្រព្យសម្បត្តិ​នៅ​អាម៉េរិក​របស់គេ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយ​ថា ​វិធានការ​នេះ​ជា​ការរំលោភច្បាប់​អន្តរជាតិ និង​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​​លោក​ហ្សា​វ លី​ជៀន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​ចិន​បាន​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ខ្លះដែល​ប្រព្រឹត្ត​អាក្រក់​អំពី​បញ្ហា​ហុងកុង​»​។​

​សមាជិក​ព្រឹទ្ធសភា​អាម៉េរិក រូប៊ី​អូ និង គ្រូ​ស បាន​តាំងខ្លួន​ជា​អ្នកគាំទ្រ​នាំមុខគេ​លើ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​កាលពី​ឆ្នាំមុន នៅពេល​ទីក្រុង​របស់​ចិន​នេះ ជួប​ការតវ៉ា​ប្រឆាំង​ដ៏​ធំ​និង​ហិង្សា​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចោទប្រកាន់​កម្លាំង​ខាងក្រៅ​ថា​អុជអាល ​បង្កចលាចល និង​បាន​ឆ្លើយតប​ជាមួយ​នឹង​ការដាក់​ប្រើ​ច្បាប់​សន្តិសុខ​កាលពី​ខែមិថុនា ។​ចាប់តាំងពី​​ពេលនោះ អាជ្ញាធរ​បាន​ចេញ​ដីកាចាប់ខ្លួន​អ្នកធ្វើ​យុទ្ធនាការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និរទេស​៦​នាក់ និង​ធ្វើ​ការបង្ក្រាប​លើ​សកម្មជន​ផ្សេង​។​

​កាលពី​ថ្ងៃ​ចន្ទ សេដ្ឋី​ព័ត៌មាន​ហុងកុង​ លោក ជី​មមី ឡាយ ដែលជា​អ្នក​រិះគន់​ចិន​ប៉េកាំង​ខ្លាំង​បំផុត​ប្រចាំ​ទីក្រុង​នេះ ត្រូវបាន​ចាប់ខ្លួន​នៅក្រោម​ច្បាប់​សន្តិសុខ​ជាតិ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បាន​និយាយថា រដ្ឋាភិបាល​ហុងកុង​គាំទ្រ​ពេញលេញ​វិធានការ​ត​តប​របស់​រដ្ឋាភិបាលក​ណ្តា​ល​​ប្រឆាំង​នឹង​អាម៉េរិក ​ហើយ​ខ្លួន​នឹង​សម្រួល​ដល់​ផ្នែក​អនុវត្ត​ច្បាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ព្រឹទ្ធ​សមាជិក​ម៉ាកូ រូប៊ី​អូ (ឆ្វេង)និងថេត គ្រូស ស្ថិតក្នុង​ចំណោម​ជនជាតិ​អាម៉េរិក​១១​នាក់​ដែល​ចិន​ដាក់ទណ្ឌកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម