ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន នៅ​ថ្ងៃ​ឈប់សម្រាក នៅ​សប្តាហ៍​ក្រោយ​!

420
ចែករម្លែក

​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ បុគ្គលិក​និយោជិត ឈប់សម្រាក ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។ អំឡុងពេល​ឈប់ សម្រាក​នេះ ច្បាស់​ជាមាន​អ្នកធ្វើដំណើរ​ច្រើន ដោយ​អ្នកខ្លះ​នឹង​ទៅលេង ស្រុកកំណើត ឬក៏​ទៅតាម​កន្លែង​កម្សាន្ត​នានា​។​
​ ​
​ដូច្នេះហើយ បានជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ ឲ្យ​ម្ចាស់ រថយន្តឈ្នួល រួមទាំង​អ្នកដំណើរ​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ កូ​វីដ​១៩ អំឡុងពេល​ធ្វើដំណើរ នៅ​ថ្ងៃ​ឈប់សម្រាក សង​ចូល​ឆ្នាំនេះ​។

​ក្នុង​សេចក្តីណែនាំ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូន​ជាពិសេស​ដល់​សមាគម​ដឹក ជញ្ជូន​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន អ្នកដំណើរ​អ្នកបើក បររថ​យន្ត និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត ព្រមទាំង​អ្នកដំណើរ​ទាំងអស់ ដែល​ត្រូវ​ធ្វើដំណើរ នៅ​ថ្ងៃ​ឈប់​សង​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃ​២១ ខែសីហា ខាងមុខនេះ​ត្រូវយក ចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​
​ ​
​ក្រសួង​សាធារណការ​បាន​អំពាវ​ឲ្យ​អ្នកដំណើរ​ជៀសវាង​ការប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែល​ផ្ទុក​មនុស្ស​ច្រើន​។ ប្រសិនបើជា​ករណី​ចាំបាច់ ត្រូវ​ប្រើប្រាស់​មធ្យោបាយ សាធារណៈ គឺ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​ពីគ្នា​ឲ្យ​បាន​មួយ​ម៉ែត្រ​កន្លះ ហើយ​ត្រូវយក អាល់កុល ឬ​ទឹក​លាងដៃ តាម​ខ្លួន​។ ក្រសួង​ក៏បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ កុំ​ធ្វើដំណើរ ប្រសិន បើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព​។​

​សម្រាប់​អ្នកបើកបរ​វិញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ណែនាំ​ឲ្យ​បើក​បង្អួច រថយន្ត​ឲ្យ​មាន​ខ្យល់​ចេញចូល កាត់បន្ថយ​ការប្រើ​ម៉ាស៊ីនត្រជាក់ លាង​សំអាត រថយន្ត​ជាប្រចាំ ដោយ​ប្រើ​សាប៊ូ និង​អាល់​សំអាត នៅតាម​ធ្នាក់​កៅអី និង​ទីតាំង ដែល​មនុស្ស​ប៉ះពាល់​។ អ្នកបើកបរ ត្រូវ​លើកទឹកចិត្ត​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស និង​មាន អាល់កុល ឬ​ជែ​ល​លាងដៃ ដើម្បី​ឲ្យ​អ្នកដំណើរ​សម្អាត​ដៃ​មុនពេល​ឡើងលើ​រថយន្ត​។

​ក្រសួង​សាធារណការ ក៏បាន​លើកឡើងថា អ្នកបើកបរ​រថយន្ត ដែលមាន​រោគ សញ្ញា​គ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ផ្អាក​ការបើក​បរជា បណ្តោះ អាសន្ន​ហើយ​ត្រូវ​ទៅ មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​សុខភាព​។

​ក្រសួង​សាធារណការ​បានកត់សម្គាល់​ថា អ្នកបើកបរ មាន​ហានិភ័យ​ខ្ពស់ ដោយសារ​មានការ ជួប​ជាមួយ​មនុស្ស​ច្រើន​។ ដូច្នេះ ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​មេរោគ​ផ្សេងៗ​។​

​វិធានការ​ការពារ​កា​រ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុងពេល​ឈប់សម្រាក ដើម្បី​សង ថ្ងៃ​ឈប់ សម្រាកការងារ​សម្រាប់​បុណ្យចូលឆ្នាំ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​ណែនាំ រួចមកហើយ នោះ​គឺ​សាធារណជន​យើង ត្រូវប្រកាន់យក​នូវ​វិធានការ​ការពារ​ខ្លួន ដោយ​យកចិត្តទុកដាក់​លើ ចំណុច​សំខាន់ៗ រួមមាន ការជ្រើសរើស​ការជួប​ជុំ​គ្រួសារ ឬ​ដំណើរ​កំសាន្ត​ប្រកបដោយ សុវត្ថិភាព ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ មាន​សុវត្ថិភាព​កាត់បន្ថយ​ជា​អតិប្បរមា​នូវ​ការ ឆ្លង​ជំងឺ ជ្រើសរើស​ទីកន្លែង​ស្នាក់នៅ​ប្រកប ដោយ​សុវត្ថិភាព និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ ឆ្លង​ជំងឺ ជ្រើសរើស​ការទទួល​ទាន​អាហារ ប្រកបដោយ សុវត្ថិភាព មិន​បង្ក​ការឆ្លង​ជំងឺ ជាដើម​។​

​ជាងនេះទៅទៀត បុគ្គល​ម្នាក់ៗ ត្រូវ​រក្សា​អនាម័យ​ជានិច្ច ដោយ​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត ទឹក​អាល់កុល ឬ​ទឹក​អាល់កុល​ជែ​ល ឲ្យ​បាន​ញឹកញាប់ និង​ជាប្រចាំ ត្រូវ​ខ្ទប់មាត់ និង​ចម្រុះ​ពេល​ក្អក កណ្តាស់ ដោយ​ប្រើ​ម៉ាស់ ក្រមា កន្សែង ពាក់​ម៉ាស់​នៅពេល ចាំបាច់ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​យ៉ាងតិច​មួយ​ម៉ែត្រ កន្លះ នៅពេល​ឈរ អង្គុយ ឈរ​រង់ចាំ ឬ​ឈរ ជជែក​គ្នា ជាដើម​។​

​ជាមួយគ្នានេះ ទន្ទឹមនឹង​ការព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រជាពលរដ្ឋ​យើង ដែល​ធ្វើដំណើរ នៅ​ថ្ងៃ​ឈប់សម្រាក​នេះ ក៏​គួរតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត លើ​គ្រោះថ្នាក់ ចរាចរណ៍​។ គ្រោះ ថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតឡើង អំឡុងពេល​បុណ្យទាន ដែលមាន​អ្នកធ្វើដំណើរ​ច្រើន​។ ដូច្នេះ ម្នាក់ៗ ត្រូវ​បើកបរ​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ មិនលឿនៗ​ពេក​ហើយ​ត្រូវគោរព​ច្បាប់ ចរាចរណ៍ និង​គោរព​គ្នា​ទៅវិញទៅមក​។ សូម​កុំភ្លេចថា យើង​ធ្វេសប្រហែស​តែមួយ​វិនាទី នឹង​អាច​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​។ ក្នុងនោះ​ក៏​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព ស្រវឹង​ឡើយ ព្រោះថា បើ​ស្រវឹង​ហើយ បើកបរ គឺ​បើ​មិន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក៏ត្រូវ​ប៉ូលិស ចាប់​ផាក អស់​លុយ​ច្រើនណាស់ សព្វថ្ងៃនេះ​។ នេះ​សំដៅលើ​ទាំង​អ្នកបើកបរ​ឡាន ក៏ដូចជា អ្នកជិះ​ម៉ូតូ​។​

​អស់ពី​យើង​គិតពី​ជំងឺ​កូ​វីដ​១៩ និង​គ្រោះថ្នាក់​ចរាចរណ៍ ប្រជាពលរដ្ឋ​យើង ពិសេស​អ្នក​នៅ ភ្នំពេញ ក៏​គួរតែ​ប្រយ័ត្នប្រយែង​នឹង​បញ្ហា​ពីរ​ទៀត ដែល​សំខាន់​។ ទី​១-​ករណី​ភ្លើង​ឆេះ​ផ្ទះ ពោលគឺ​មុន​ចេញពីផ្ទះ ត្រូវ​បិទ​ប៉ា​រ៉ែត​ភ្លើង ឲ្យ​បាន​ត្រឹមត្រូវ ភ្លើង​ទៀនធូប ធុង​ហ្គាស ច​ង្ក្រា​ន្ត ជាដើម​។ ទី​២-​ប្រយ័ត្ន​ចោរ​ចូល​លួច បើសិនជា​នាំគ្នា ទៅ​ចោលផ្ទះ​អស់​។ ដូច្នេះ​គួរតែ​រក​បងប្អូន នៅ​ដេក​យាម​ផ្ទះ មើល​ការងារ​ខុសត្រូវ ឬក៏​ជួល​សន្តិសុខ​ឯកជន មក​យាម​ផ្ទះ​អំឡុង​ពេលដែល នាំគ្នា​ទៅ​ដើរលេង ឬ​ទៅ​ស្រុកកំណើត​។ បើ​មិន​អីចឹង​ទេ ក៏​គួរតែ​ទុក​សមាជិកគ្រួសារ​ណា​ម្នាក់​ពីរ នៅ​យាម​ផ្ទះ ក៏​ល្អ​ដែរ​។

​សរុបទៅ ក្នុងអំឡុងពេល​ឈប់សម្រាក​នេះ ប្រជាពលរដ្ឋ​យើង ពិសេស​អ្នករស់នៅ​ភ្នំពេញ គួរតែ​គិត​លើ​ចំណុច​សំខាន់ៗ រួមមាន ទី​១-​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាម​វិធី​ងាយៗ​ដែល បានលើកឡើង​ខាងលើ​។ ទី​២-​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ទាំងអស់គ្នា និង​កុំ​បើកបរ​លឿនៗ​ពេក​។ ទី​៣-​មុន​ចេញពីផ្ទះ គួរតែ​ពិនិត្យ​ភ្លើងទៀន ហើយ​គួរតែ​ឲ្យ​មាន​អ្នក​នៅ​យាម​ចាំផ្ទះ ដើម្បី​បើក​ការខុសត្រូវ​យប់​ព្រលប់​។ ចូរ​កុំ​ភ្លេច​ពាក្យ ចាស់​មួយ​ឃ្លា​ថា «​ប្រយ័ត្ន​! សប្បាយ ក្លាយជា​ទុក្ខ​»៕ ដោយ​: លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម