រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ​នៅ​ស្រុក​ភ្នំស្រួច​

175
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៨៣​និង​៨៤ ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០២០​ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1O-4301​ បើកបរ​ដោយ ឈ្មោះ ភិន រាជ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បើកបរ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូតចូល​ចំណែក​ផ្លូវមក​ខាងឆ្វេង​ដៃ​បានមក​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BB 2327​។ រថយន្តបើកបរ​ដោយ ឈ្មោះ Huang Zhen (​ហ័ង ស៊ិន )​ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន​។​

​ប្រភព​បាន​បន្តថា ជន​ជាតិចិន​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​ចុង​ថ្នល់​កើត សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ រាជធានី ភ្នំពេញ បើកបរ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​អ្នកបើកបរ​រថយន្ត​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ជា​បណ្ដោះអាសន្ន​។ រីឯ ម៉ូតូ​និង​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម