អ្នកជំងឺ​កូវី​ដ​១៩​ទី​១៥ ស្លាប់​នៅ​វៀតណាម​

379
ចែករម្លែក

​វៀតណាម​បាន​បាត់បង់​អាយុជីវិត​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់ទៀត កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា ។ ការស្លាប់​អ្នកជំងឺ​បុរស​អាយុ ៦៨​ឆ្នាំ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​មហារីក​តម្រងនោម​ផង​ដែរ​នេះ ​បាន​នាំ​​ឱ្យ​វៀតណាម​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​ចំនួន​១៥​នាក់​។​

​ដោយ​ស្ថិត​ក្នុង​បញ្ជី​ជា​អ្នកជំងឺ​លេខ​៥២២ បុរស​នេះ​ជា​អ្នកស្រុក​នៅ​ស្រុក​ថាញ់​ប៊ិញ​នៅ​ខេត្ត​ក្វាង​ណាម ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល ជា​តំបន់​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩ ការពិបាក​ដកដង្ហើម ព្រមទាំង​មាន​បញ្ហា​សួត​ដែល​បណ្តាល​​មកពី​ជំងឺមហារីក​តម្រងនោម ជំងឺ​ក្រលៀន​រ៉ាំរ៉ៃ​និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដា​ណាំ​ង​កាលពី​ថ្ងៃទី ៩ ខែ​កក្កដា ​ដោយ​សារ​ជំងឺ​តម្រងនោម មុន​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​កូវី​ដ​១៩ នៅ​៨​ថ្ងៃ​ក្រោយមក ។​

​កាលពី​ថ្ងៃ​ចន្ទ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន​៤ នាក់​។​៣​នាក់​ផ្សេង​ទៀត​មាន​អាយុ​៣៣​ឆ្នាំ អាយុ​៤៧​ឆ្នាំ និង អាយុ​៦៦​ឆ្នាំ​។ ការស្លាប់​ទាំងអស់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​វៀតណាម ដោយសារ​អ្នកជំងឺ​មាន​​បញ្ហា​ជំងឺ​ផ្សេងៗ​ទៀត ដោយ​ភាគច្រើន​គឺ​ជំងឺ​ខ្សោយ​តម្រងនោម​។​

​គិត​រហូត​មកដល់ពេលនេះ វៀតណាម មាន​ករណី​ឆ្លង​សរុប​៨៤៧​នាក់ ហើយ​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៣៩៩​នាក់ បាន​ជាសះស្បើយ​៕ប្រែសម្រួល៖សុខា/sn/hA

​អ្នកជំងឺ​នៅ​រង់ចាំ​ក្រៅ​មន្ទីរពេទ្យ​ដា​ណាំង ដែល​កំពុង​ត្រូវ​បិទ​ដោយសារ​ផ្ទុះ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម